(ភ្នំពេញ)៖ សមាគម​កីឡា​អន្តរជាតិ (IWGA) ដែលមាន​ទីស្នាក់ការ​នៅប្រទេស​ស្វី​ស បានរៀបចំ​ការបោះឆ្នោត​តាម​ Online សម្រាប់​ពានរង្វាន់ នារីប៉េតង់ឆ្នើមពិភពលោកប្រចាំឆ្នាំ២០១៨​។ វីរ​កីឡាការិនី​ប៉េតង់ កែ ឡេង ត្រូវបានជ្រើសតាំងជាបេក្ខនារីតំណាងប្រទេសកម្ពុជា ត្រូវប្រជែងយកពាននេះ ជាមួយបេក្ខភាពអត្តពលិកនានា ជុំវិញពិភពលោកជាច្រើននាក់។

កម្មវិធីបាន​តម្រូវ​ឲ្យ​អ្នកគាំទ្រ ចូលរួម​បោះឆ្នោត​ដោយផ្ទាល់​ តាមរយៈការចុច​ Vote លើ​ឈ្មោះ​អត្ត​ព​លិ​ក ហើយ​បំពេញ​ឈ្មោះ និង E-mail ផងដែរ​ទើបអាចបោះឆ្នោតបាន។ នេះជាឱកាសមួយ ដែលមហាគ្រួសារខ្មែរ ត្រូវរួបរួមគ្នាដើម្បីបោះឆ្នោត ឲ្យលោកស្រី កែ ឡេង យកមហាកិត្តិយសជូនជាតិជាបន្តបន្ទាប់ទៀត។

គួរជម្រាប់ថា លោកស្រី កែ ឡេង គឺជាវីរកីឡាការិនីកម្ពុជាតែ១រូបគត់ ដែលបានឈ្នះមេដាយមាសពិភពលោក នៃការប្រកួតប៉េតង់ ចំនួន៤លើកមកហើយគឺ៖ ឆ្នាំ​២០១៣​ ​នៅ​ប្រទេស​បារាំង​, ឆ្នាំ​២០១៥​ នៅ​ប្រទេស​ថៃ, ឆ្នាំ២០១៧ នៅប្រទេសចិន និងឆ្នាំ២០១៨ នៅប្រទេសបារាំងម្តងទៀត។ គិតមកដល់ឆ្នាំ២០១៨នេះ លោកស្រីឈ្នះមេដាយចំនួន៥៥ ខណៈមេដាយមាស២១ មេដាយសំរឹទ្ធ១៧ និងមេដាយប្រាក់១៧ផងដែរ។

សូម​គាំទ្រ​បេក្ខភាព​លោកស្រី កែ ឡេង ឲ្យឆ្លង​ផុត​ការ​ជម្រុះ​ជុំទី១ ដើម្បី​ចូលរួម​ប្រកួត​ដណ្ដើម​ពានរង្វាន់​ កីឡាការិនីឆ្នើមពិភពលោក ប្រចាំ​ឆ្នាំ​២០១៨ តាមរយៈតំណរភ្ជាប់ ដូចតទៅ៖ ទី១. សូម​ចូល​ទៅ​កាន់៖ http://bit.ly/2QzVpD9 និងទី២. ចុច​ Vote លើ​រូប​អ្នក​ស្រី កែ ឡេង រួច​ចុច​លើពាក្យ registration ជាការ​ស្រេច។

ការ​បោះឆ្នោត​គាំទ្រ តាម​នីតិវិធី​នេះ​រាល់​២៤​ម៉ោង​ម្ដង ជា​រៀងរាល់​ថ្ងៃ។ ផុត​កំណត់​៖ ថ្ងៃ​ទី១៥ ខែ​មករា ឆ្នាំ​២០១៩ [ត្រូវនឹងថ្ងៃទី​១៦ ខែមករា ​វេលា​ម៉ោង​៣៖០០នាទី​ទៀបភ្លឺ (​ម៉ោង​នៅ​កម្ពុជា)] ដែលជាជុំទី១ និង​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០១៩ [ត្រូវនឹងថ្ងៃទី​១ ខែកុម្ភៈ វេលា​ម៉ោង​២៖០០នាទី​យប់ (​ម៉ោង​នៅ​កម្ពុជា​)] ដែលជាជុំបញ្ចប់​៕

ព័ត៌មានលម្អិតអំពីរបៀបបោះឆ្នោតគាំទ្រនេះ សូមទស្សនាវីដេអូខាងក្រោម៖