(បាត់ដំបង)៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការកងទ័ពជើងគោក បានថ្លែងគូសបញ្ជាក់ថា រឿងព្រំដែន គឺជារឿងដែលយើង ត្រូវទទួលខុសត្រូវទាំងអស់គ្នា, ការការពារទឹកដីត្រូវធ្វើតាមគ្រប់រូបភាពទាំងអស់ មិនមែនរឿងព្រំដែនទាល់តែយើងលើកគ្នាទៅវ៉ៃដូចកាលនៅព្រះវិហារទើបថា ការពារព្រំដែននោះទេ ព្រោះមានរូបភាពច្រើនណាស់ ក្នុងការការពារទឹកដី និងការដណ្ដើមប្រៀបឈ្នះ។

«ការប្រែក្លាយព្រំដែនពីតំបន់សមរភូមិទៅជាតំបន់មិត្តភាព និងសេដ្ឋកិច្ច គឺយើងត្រូវធ្វើតាមទិសដៅរបស់រាជរដ្ឋាភិបាល ប៉ុន្តែមិនធ្វើអ្វីឲ្យបាត់ប្រៀបនោះទេ ព្រោះរឿងព្រំដែននេះគឺជារឿងយូរអង្វែង។ ដូច្នេះសូមយកចិត្តទុកដាក់ក្នុងការថែរក្សា និងការឈរជើងរបស់កងកម្លាំងរបស់យើង»។ នេះជាការដាក់តឿនរបស់លោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត នៅក្នុងពិធីសិក្ខាសាលា បូកសរុបលទ្ធផលការងារយោធាសន្តិសុខ ឆ្នាំ២០១៨ និងផ្សព្វផ្សាយផែនការសកម្មភាពការងារ យោធាសន្តិសុខឆ្នាំ២០១៩ នៅទីបញ្ជាការយោធភូមិភាគទី៥ ខេត្ត​បាត់ដំបង​ នៅថ្ងៃពុធទី៩ ខែមករា ២០១៩។

នៅចំពោះមុខមន្រ្តីយោធា មេបញ្ជាការកងទ័ពជើងគោក បានវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់នាយទាហាន នាយទាហានរង និងពលទាហានគ្រប់អង្គភាពចំណុះឲ្យយោធភូមិភាគទី៥ ដែលបានខិតខំបំពេញភារកិច្ចកន្លងមក និងកំពុងបំពេញភារកិច្ចបច្ចុប្បន្ន និងត្រៀមទៅថ្ងៃអនាគតដើម្បីបំពេញភារកិច្ចការពារជាតិបូរណភាពទឹកដី សុខសន្តិភាពជូនប្រជាពលរដ្ឋរបស់យើង។

លោកបានបញ្ជាក់ថា «ដើម្បីថែរក្សាប្រៀបឈ្នះ និងការពារស្ថិរភាពសង្គម ការងារនយោបាយ និងការងារសន្តិសុខ គឺដើរទន្ទឹមគ្នា គឺការប្រមូលកម្លាំងមហាជន ដើម្បីជួយទៅដល់ប្រជាពលរដ្ឋដើម្បី ឲ្យមហាជនផ្ដល់ជំនឿទៅលើកងទ័ពនិងរាជរដ្ឋាភិបាល ដែលនេះគឺជាការចូលរួមដ៏សំខាន់»

ជាមួយគ្នានេះ លោកក៏សូមអបអរសាទរ និងកោតសរសើរចំពោះអង្គភាព នៅក្នុងយោភូមិភាគទី៥ ដែលបានចូលរួមចលនាប្រឡងប្រណាំង ក្នុងការពង្រឹងប្រៀបការពារជាតិ និងការត្រៀមលក្ខណៈបំពេញ ភារកិច្ចជូនជាតិមាតុភូមិរបស់យើង។ ជាមួយនេះ លោកក៏សូមកោតសរសើរចំពោះយោធភូមិភាគទី៥ ក្នុងការងារទំនាក់ទំនងព្រំដែនជាមួយប្រទេសជិតខាងបានល្អ។

រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់នៅក្នុងការងារកំណែទម្រង់ ដើម្បីធ្វើឲ្យប្រព័ន្ធការងារដើរទៅរលូន និងប្រសិទ្ធភាពនៅក្នុងការដឹកនាំបញ្ជា និងបន្សល់ប្រព័ន្ធការងារនេះទុក ឲ្យនាយទាហានជំនាន់ក្រោយ គឺជាគោលដៅរួម និងធានានិរន្តរភាពសម្រាប់កងទ័ព ដែលនេះគឺជាការកសាងគ្រោងឆ្អឹងដ៏រឹងមាំមួយសម្រាប់វិស័យការពារជាតិយូរអង្វែងទៅមុខទៀត។ នេះជាការបញ្ជាក់បន្ថែមពីលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៕