(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា ការប៉ាន់ស្មានជាបឋម អត្រាកំណើនសេដ្ឋកិច្ចរបស់កម្ពុជា នៅក្នុងឆ្នាំ២០១៨ កន្លងទៅនេះ អាចសម្រេចបានក្នុងរង្វង់ ៧.៣% ដែលកំណើននេះទទួលបានពីការកើនឡើង ដ៏រឹងមាំនៃវិស័យសំណង់ វិស័យកាត់ដេរ វិស័យទេសចរណ៍ រួមទាំងវិស័យទូរគមនាគមន៍ និងដឹកជញ្ជូន។

លោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន បានថ្លែងយ៉ាងដូចនេះ នារសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ ក្នុងឱកាសដែលលោកបានអញ្ជីញជាអធិបតី ក្នុងពិធីបិទសន្និបាទបូកសរុបការងារ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន។ ដែលពិធីនេះដែរ ក៏មានការចូលរួមពី លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងមន្ត្រីគ្រប់ជាន់ថ្នាក់ ជាច្រើនរូបទៀតផងដែរ នៅសាលសន្និសីទចតុមុខ។

លោក អូន ព័ន្ធមុនីរ័ត្ន បានថ្លែងថា ឈរលើមូលដ្ឋាន នៃលទ្ធផលដែលសម្រេចបានខាងលើនេះ កម្ពុជាបានកំណត់បំណងប្រាថ្នារបស់ខ្លួន កាន់តែខ្ពស់ជាងមុនក្នុងការប្រែក្លាយខ្លួនជាប្រទេស មានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងទៅជាប្រទេសមានចំណូលខ្ពស់ត្រឹមឆ្នាំ២០៥០។

លោកក៏បានបន្ថែមថា ជាការពិតណាស់វិស័យហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូនរួមមាន៖ ផ្លូវ ស្ពាន ផ្លូវដែក ផ្លូវអាកាស ផ្លូវទឹក កំពង់ផែ និងប្រព័ន្ធគ្រប់មធ្យោបាយដឹកជញ្ជូន ដែលជាវិស័យមួយដ៏សំខាន់ ជាសរសៃឈាមជំរុញលំហូរពាណិជ្ជកម្ម និងទ្រទ្រង់សេដ្ឋកិច្ច បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ការកាត់បន្ថយភាពក្រីក្រ និងការលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាជន គ្រប់ស្រទាប់វណ្ណៈពីមួយថ្ងៃទៅមួយថ្ងៃផងដែរ។ ជាក់ស្ដែងផ្លូវថ្នល់ និងស្ពានតភ្ជាប់ទៅគ្រប់រាជធានី-ខេត្ត និងជនបទ ស្ទើរគ្រប់ច្រកល្ហកទូទាំងប្រទេស ត្រូវបានស្តារ និងអភិវឌ្ឍន៍ជាលំដាប់ ដែលបានបង្កភាពងាយស្រួលដល់ការធ្វើចរាចរណ៍ ដឹកជញ្ជូនពាណិជ្ជកម្ម និងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។

លោកបានបញ្ជាក់ថា ទន្ទឹមនេះកម្ពុជា ក៏បាន និងកំពុងពង្រឹងការតភ្ជាប់ជាមួយប្រទេស នៅក្នុងតំបន់ គ្រប់ប៉ូល និងរបៀងសេដ្ឋកិច្ចសំខាន់ៗនៅក្នុងប្រទេស និងការចាប់ផ្ដើមរៀបចំនូវប្រព័ន្ធ ឡូជីស្ទីកក្នុងស្រុក ដែលនឹងរួមចំណែកកាត់តែច្រើនឡើងៗ ក្នុងការលើកកម្ពស់សមត្ថភាពប្រកួតប្រជែង និងជំរុញពាណិជ្ជកម្មមូលដ្ឋាន គាំទ្រកំណើនសេដ្ឋកិច្ចរបស់កម្ពុជាបន្ថែមទៀតផងដែរ។

ជាមួយគ្នានោះដែរ លោកក៏បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល ដែលសម្រេចបានក្នុងរយៈ១០០ថ្ងៃដំបូង ដើមអាណត្តិនៃរាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា ក្រោមការដឹកនាំ របស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដូចជា ការដាក់ឲ្យដំណើរការកម្មវិធីថែទាំផ្លូវ, ការដឹកនាំយុទ្ធនាការជិះកង់ត្រួតពិនិត្យមើលផ្លូវ, ការជួសជុលថែទាំផ្លូវ ស្ពានដែលរងខូចខាតដោយសារទឹកជំនន់, ការដាក់ឲ្យដំណើរការសាលារៀនបង្រៀនបើកបររថយន្តធុនធ្ងន់, ការបង្កើតមជ្ឈមណ្ឌលបណ្ដុះបណ្ដាល សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងការរៀបចំបញ្ចប់សេចក្តីព្រាងអនុក្រឹត្យ ស្ដីពីការផ្ដល់ស្លាកលេខពិសេសជាដើមផងដែរ៕