(ប៉ៃលិន)៖ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានឱ្យដឹងថា សមិទ្ធផលនានាដែលកើតមាននៅថ្ងៃនេះ គឺកើតចេញពីថ្ងៃ៧​ មករា ១៩៧៩ ដែលមានសម្តេចតេជោ ហ៊ុន ​សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដោយបបានយកចិត្តទុកដាក់ខ្ពស់លើគ្រប់វិស័យ ជាក់ស្តែង វិស័យកីឡាគ្រប់ប្រភេទ បានធ្វើឱ្យវិស័យកីឡានៅទូទាំងប្រទេស មានការរីកចម្រើនយ៉ាងខ្លាំង ហើយបានទទួលជ័យលាភីជាបន្តបន្ទាប់ទាំងថ្នាក់ជាតិ និងអន្តរជាតិ ដូច្នេះសមិទ្ធផលទាំងអស់នេះ គឺកើតចេញពីថ្ងៃ៧ ខែមករា ឆ្នាំ១៩៧៩ ដែលជាថ្ងៃកំណើតទី២ របស់ប្រជាជនកម្ពុជា។​

ការលើកឡើងរបស់លោក ផាន់ ចាន់ធុល បានធ្វើឡើងនៅរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ នៅទីលានពហុកីឡាដ្ឋានខេត្តភ្នំចេក ក្នុងឱកាសលោកបានអញ្ជើញបិទការប្រកួតកីឡា បាល់ទាត់ដណ្តើមពានរង្វាន់ ដើម្បីអបអរសាទរខួបទី៤០ ទិវាជ័យជម្នះ ៧ មករា ១៩៧៩-៧ មករា ២០១៩ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រមទាំង សប្បុរសជន ថ្នាក់ដឹកនាំមន្ត្រីរាជការ និងអ្នកគាំទ្រជាច្រើននាក់​ទៀតផងដែរ។

ជាមួយគ្នានេះដែរ លោកអភិបាលខេត្ត ក៏បានថ្លែងអំណរគុណដល់យ៉ាងជ្រាលជ្រៅចំពោះសប្បុរសជន និងមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ដែលបានឧបត្ថម្ភគាំទ្រវិស័យកីឡា ខេត្តប៉ៃលិន ក្នុងការរៀបចំការប្រកួតដណ្តើមពានរង្វាន់នេះឡើង ដើម្បីរួមចំណែកលើកស្ទួយវិស័យកីឡា ក្នុងខេត្តប៉ៃលិន ឱ្យមានការរីកចម្រើន ជាពិសេស បានផ្តល់ឱកាសដល់យុវជនបានបង្ហាញនូវសមត្ថភាព បង្កើននូវបទពិសោធន៍ ដើម្បីអភិវឌ្ឍន៍ខ្លួនឱ្យក្លាយជាកីឡាករដ៏ល្អ សម្រាប់ឆ្ពោះទៅការប្រកួតថ្នាក់ជាតិ។

នៅក្នុងឱកាសនោះដែរ លោក ផាន់ ចាន់ធុល ក៏បានផ្តាំផ្ញើដល់ប្អូនៗក្មួយៗ ក្រុមកីឡាករទាំងអស់ ត្រូវខិតខំប្រកួតតាមលក្ខណៈបច្ចេកទេស និងត្រូវមានសាមគ្គីភាព យោគយល់អធ្យាស្រ័យគ្នា ទៅវិញទៅមក ព្រោះថា ការប្រកួតតែង​តែមានចាញ់ និងឈ្នះហើយជាសមិនផុត ពីការប៉ះពាល់ គ្នាបន្តិចបន្តូចមិនខានឡើយ ជាពិសេស ត្រូវជៀសឱ្យឆ្ងាយពីគ្រឿងញៀន ហើយនាំគ្នាលេងកីឡាដើម្បីសុខភាព។

បើតាមរបាយការណ៍របស់គណៈកម្មការរៀបចំការប្រកួត បានឱ្យដឹងថា ការប្រកួតដណ្តើមពានរង្វាន់លោកអភិបាលខេត្ត ដើម្បីអបអរសាទរ ខួបទី៤០ ទិវាជ័យជម្នះ ៧ មករា ១៩៧៩-៧ មករា ២០១៩ នាពេលនេះ គឺធ្វើការប្រកួតរៀងរាល់ថ្ងៃសៅរ៍-អាទិត្យ រយៈពេល១ខែ ចាប់ពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨ ដល់ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩ ជាលក្ខណៈសន្សំពិន្ទុក្នុងជុំដើម្បីយកចំណាត់ ថ្នាក់លេខ១ ដល់លេខ៤ ដោយមានក្រុមកីឡាបាល់ទាត់ ចូលរួមប្រកួតចំនួន ០៨ក្រុម ដែលមានចំនួន២ពូល គឺពូល A និងពូល B ហើយជាលទ្ធផលគឺ, ចំណាត់លេខ១ ក្រុមគ្រូបង្រៀនប៉ៃលិន ដោយទទួលបានពាន១ថវិកា៨លានរៀល, ចំណាត់ថ្នាក់លេខ២​ ក្រុមប៉ៃលិនសន្តិភាព ទទួលបានថវិកា៤លានរៀល, ចំណាត់ថ្នាក់លេខ៣ ក្រុមតោចាស់ ទទួលបានថវិកា៣លានរៀល និងចំណាត់ថ្នាក់លេខ៤ ក្រុមសូរិយោដី ទទួលបានថវិកា២លានរៀល៕