(បន្ទាយមានជ័យ)⁣៖ មន្ត្រីជំនាញកាំកុងត្រូលខេត្តបន្ទាយមានជ័យ បានសហការជាមួយមន្ត្រីជំនាញពាណិជ្ជកម្មខេត្ត ចុះត្រួតពិនិត្យតាមបណ្ដាស្ថានីយ៍ប្រេងឥន្ធនៈនៅក្នុងខេត្ត បានរកឃើញម្ចាស់ស្ថានីយ៍ចំនួន៣ទីតាំង មានការកេងបរិមាណលីត្រ និងគុណភាពប្រេងឥន្ធនៈល្មើសច្បាប់ និងបានបញ្ជូនម្ចាស់អាជីវកម្មទាំង៣ខាងលើ ទៅតុលាផងដែរ។

ការចុះត្រួតពិនិត្យរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី០៩ ដល់១០​ ខែមករា​ ឆ្នាំ២០១៩ ដឹកនាំដោយលោក សាន​ វិជ្ជាសារ៉ាវុធ ប្រធានកាំកុងត្រូលខេត្ត លោក មាន​ ចំណាប់​ អនុប្រធាន​នាយកដ្ឋានកាំកុងត្រូល​ កិច្ចការងារអ្នកប្រើប្រាស់​ និងការបង្ក្រាបការ​ក្លែងបន្លំ​ និងសហការជាមួយមន្ត្រីជំនាញពាណិជ្ជកម្មខេត្ត បានចុះពិនិត្យមើល​កន្លែងស្ថានីយប្រេងឥន្ធនៈក្នុងខេត្ត​ ដោយមិនអប់រំទៀតទេ​ បើល្មើសបទដ្ឋានល្មើសច្បាប់បច្ចេកទេស​គុណភាព និងបរិមាណលីត្រនឹងបញ្ជូនទៅតុលាការជាកំហិតផងដែរ។

លោក សាន វិជ្ជាសារ៉ាវុធ បានឲ្យដឹងថា «មន្ត្រីជំនាញយើង បានសហការគ្នា ក្រុមបេសកម្មពិសេសរបស់រថយន្តប្រេងឥន្ធនៈ​​​ដឹកនាំដោយលោក មាន ចំណាប់ ចុះផ្ទាល់នៅទីនេះ ដោយដឹកនាំបញ្ជាពីអគ្គនាយកាំកុងត្រូល​ និងរដ្ឋមន្ត្រីពាណិជ្ជកម្ម ចុះពិនិត្យ​ និងស្រាវជ្រាវឃើញមានស្ថានីយ៍ប្រេងឥន្ធនៈខុស អនុលោមលើផ្នែកគុណភាព និងរង្វាស់រង្វាល់»

លោកប្រធានបន្តថា ចំណែកសន្ទស្ស៍អុកតាន និងសេតានវិញ គឺប្រើឧបករណ៍ក្នុងរថយន្តមន្ទីពិសោធន៍ចល័ត ដោយជាលទ្ធផល នៃការត្រួតពិនិត្យ គុណភាព និងបរិមាណប្រេងឥន្ធនៈ របស់ស្ថានីយ៍ក្រុមហ៊ុន និងដេប៉ូទាំង១៧កន្លែង គឺមានស្ថានីយ៍ក្រុមហ៊ុន និងដេប៉ូ៣កន្លែង ដែលមានអនុលោមភាព លើផ្នែកគុណភាព និងរង្វាស់រង្វាល់មិនត្រឹមត្រូវ និងល្មើលម្តងហើយម្តងទៀត ​ដូច្នេះមន្ត្រីជំនាញរៀបចំសំណុំរឿងបញ្ជូនទៅតុលាការផងដែរ។

លោកបានបញ្ជាក់ថា ក្រុមការងារត្រួតពិនិត្យ ប្រេងឥន្ធនៈរបស់ អគ្គនាយកដ្ឋានកាំកុងត្រូល នឹងបន្តធើ្វការត្រួតពិនិត្យឲ្យបានគ្រប់ស្ថានីយទាំងអស់ទូទាំងកម្ពុជា ហើយក៏អំពាវនាវ ដល់ម្ចាស់ស្ថានីយ៍ប្រេងឥន្ធនៈ ត្រូវចូលរួមសហការជាមួយក្រុមការងារ ចុះត្រួតពិនិត្យរបស់អគ្គនាយកដ្ឋានកាំកុងត្រូល ក្នុងកិច្ចការពារអ្នកប្រើប្រាស់តាមផ្លូវច្បាប់ ហើយចំពោះក្រុមហ៊ុន ឬដេប៉ូដែលបានរកឃើញមានការលក់ប្រេងឥន្ធនៈ មិនសមស្រប ត្រូវធ្វើការបញ្ឈប់ និងកែតម្រូវឲ្យបានសមស្របឡើងវិញជាបន្ទាន់ បើមិនពុំនោះទេ នឹងត្រូវទទួលរងនូវចំណាត់ការតាមនីតិវិធី នៃច្បាប់ជាធរមានផងដែរ។

សូមបញ្ជាក់ថា​ រយៈពេល២ថ្ងៃនេះ សម្រាប់ខេត្តបន្ទាយមានជ័យមន្ត្រីជំនាញបានពិនិត្យតាម ដេប៉ូ ស្ថានីយប្រេងឥន្ធនៈ​រួមមាន៖ ដេប៉ូTELA កែវ​ គន្ធាស៊ូលីង​ ខុសតម្លៃ​៣៤០០រៀល​ បន្លំ​សាំងធម្មតា​ បិតស្លាក​ស៊ុបពែ​ ក្រសួង​ពាណិជ្ជកម្ម​តម្លៃត្រឹមតែ ៣២០០រៀល, ដេប៉ូ LHR ១០០លីត្រ បាត៣.៨លីត្រ, ដេប៉ូ LHR បាត់៤លីត្រ ប្រេងធម្មតា​១០០លីត្រ បាត់១.៧លីត្រ។

ស្ថានីយ៍ទាំងបីនេះ មន្ត្រីជំនាញបានបញ្ជាក់ថា រៀបចំសំណុំរឿងបញ្ជូនទៅកាន់សាលាបំដូងខេត្តជាកំហិត ព្រោះកន្លងមកមន្ត្រីជំនាញយើង បានចុះពិនិត្យម្តងទៅពីរដងហើយ ដោយមិនរាងមន្ត្រីជំនាញមិនទុកឡើយ។ ចំពោះទីតាំង​ចំនួន១៣ទីតាំង​នេះ មន្ត្រីជំនាញអប់រំបញ្ហាតម្លៃឲ្យសមស្រប​ទៅតាម​ក្រសួង​ពាណិជ្ជកម្ម ដែល​បានប្រកាស​ប្រសិនមានករណីមិនកែប្រែមន្ត្រីជំនាញ ចាក់ការតាមផ្លូវច្បាប់​ដូចជាទីតាំងចំនួន៣ខាងលើនេះ ជាកំហិតផងដែរ​៕