(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ទោ ទូច យុទ្ធា អនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ នៅរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩នេះ បានថ្លែងប្រាប់ បណ្តាញព័ត៌មាន Fresh News ថា កម្លាំងនគរបាលរបស់លោកទាំង៥នាក់ ដែលត្រូវបានចាប់ឃាត់សួរនាំ នៅខណ្ឌសែនសុខនោះ គឺមានការឯកភាពពីព្រះរាជអាជ្ញារងអមសាលាដំបូង រាជធានីភ្នំពេញ លោក ងិន ពេជ្រ ពោលបានចេញធ្វើសកម្មភាពដោយត្រឹមត្រូវ។

លោកឧត្តមសេនីយ៍ទោ ទូច យុទ្ធា បានបញ្ជាក់ផងដែរថា ប្រតិបត្តិការដែលកម្លាំងនគរបាលរបស់លោក បានចុះរហូតទៅដល់ឃ្លាំងស្តុកទំនិញ ស្ថិតនៅលើផ្លូវ១០១៩ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដោយផ្តើមចេញពីកម្លាំងរបស់លោក បានទទួលព័ត៌មានសម្ងាត់មួយថា មានរថយន្តដឹកបារីក្លែងក្លាយមួយគ្រឿង រួចហើយកម្លាំងដែលមានទាំងស្លៀកពាក់ស៊ីវិល និងឯកសណ្ឋាននោះ ក៏បានចេញតាមបង្ក្រាប។

ក្រោយការសួរនាំនោះ ម្ចាស់រថយន្តបានអះអាងថា បារីនៅលើរថយន្តមួយគ្រឿង គឺត្រូវដឹកយកទៅដាក់នៅឃ្លាំខាងលើ ទើបកម្លាំងរបស់លោកក្រោមការបញ្ជាផ្ទាល់ ពីនាយឧត្តមសេនីយ៍ មៀច សុផាន់ណា បានសុំគោលការណ៍បន្ថែមពីលោកព្រះរាជអាជ្ញារង ងិន ពេជ្រ រហូតតាមដល់ឃ្លាំង ហើយក៏មិនទាន់បានចូលឆែកឆេរនោះឡើយ ពោលរង់ចាំបទបញ្ជាពីលោកព្រះរាជអាជ្ញា ស្រាប់តែលេចមុខកងកម្លាំងតម្រួតបទបញ្ជាចុះមកឃាត់សួរនាំតែម្តង។

លោកឧត្តមសេនីយ៍ទោ បានបន្តទៀតថា «កម្លាំងរបស់ខ្ញុំធ្វើការដោយឆន្ទៈពិតប្រាកដ ហើយមានការឯកភាពពីព្រះរាជអាជ្ញា និងតាមរថយន្តដឹកបារីក្លែងក្លាយមួយគ្រឿង មិនមែនចេះតែធ្វើសកម្មភាព ខុសច្បាប់នោះឡើយ ហេតុដូច្នេះទើប ឯកឧត្តម អគ្គស្នងការនគរបាលជាតិ បានធ្វើការសម្របសម្រួលឲ្យមានការអនុញ្ញាតឲ្យត្រឡប់ទៅវិញ ហើយបើធ្វើខុសមែននោះ ឯកឧត្តម អគ្គស្នងការ ក៏មិនឲ្យទៅវិញដែរ»

សូមបញ្ជាក់ថា មន្ដ្រីនគរបាលចំនួន៥រូប ក្នុងនោះមានម្នាក់ថ្នាក់ឧត្តមសេនីយ៍ត្រី (ផ្កាយ១) អមដោយមន្ដ្រីនគរបាល៤រូបផ្សេងទៀត មានពាក់ស័ក្ដិ៣ និងស័ក្ដិ៤ជាដើម ជាកម្លាំងរបស់គណៈកម្មាធិការ ប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្ក​គ្រោះថ្នាក់មានហានិភ័យខ្ពស់ ដល់សុខភាព និងសុវត្ថិភាពសង្គម (គ.ប.ផ.ក) ក្រសួងមហាផ្ទៃ ដែលត្រូវបានចាប់ឃាត់សួរនាំនៅខណ្ឌសែនសុខ នាថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩នេះ ដោយសារតែពួកគេ ចុះទៅឆែកទំនិញក្នុងឃ្លាំងដ៏ធំមួយ គ្មានបទបញ្ជាពីថ្នាក់លើ គ្មានការដឹកនាំព្រះរាជអាជ្ញា និងពុំបានសុំកិច្ចសហការជាមួយសមត្ថកិច្ចមូលដ្ឋាន។

នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក៏បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា ពិតជាមានការឃាត់ខ្លួនមន្រ្តីនគរបាលទាំងនោះមែន ដែលពួកគេនៅខាងប្រឆាំងទំនិញក្លែងក្លាយ ប៉ុន្តែក្រោយការសួរនាំ ក៏ឲ្យត្រឡប់ទៅវិញតែម្តង៕