(ភ្នំពេញ)៖ ប្រាសាក់ ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុលំដាប់ទី១ ក្នុងវិស័យមីក្រូហិរញ្ញវត្ថុ និងជាស្ថាប័នមួយ ក្នុងចំណោមគ្រឹះស្ថានធនាគារធំៗទាំង៥ នៅកម្ពុជា បានបង្កើនដើមទុនចុះបញ្ជី ពី១១០លានដុល្លារអាមេរិក រហូតដល់១៦៨លានដុល្លារអាមេរិក នាដើមឆ្នាំថ្មីនេះ។

ការបង្កើនដើមទុនថ្មី បន្ថែម៥៨លានដុល្លារនេះ គឺក្នុងគោលបំណងបង្កើនទំនុកចិត្ត ឲ្យកាន់តែខ្លាំងក្លាពីអតិថិជន វិនិយោគិន និងសាធារណជន បន្ទាប់ពីប្រាសាក់ បានសម្រេចសមិទ្ធផលល្អប្រសើរ នាពេលកន្លងមក លើមូលដ្ឋានសំខាន់ៗដូចជា៖

* ភាពល្អប្រសើរផ្នែកអាជីវកម្ម
* ការបម្រើសេវាកម្ម ប្រកបដោយវិជ្ជាជីវៈ
* ការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុ ដែលមានភាពបត់បែន និងសម្បូរបែប វិសាលភាពនៃបណ្តាញការិយាល័យគ្របដណ្ដប់ទូទាំងប្រទេស
* ការបំពាក់ម៉ាស៊ីនអេធីអឹម ម៉ាស៊ីនឆូតកាត សេវាធនាគារចល័ត និងប្រព័ន្ធធនាគារស្នូល ប្រកបដោយភាពទំនើប តម្លាភាព និងសុក្រឹតភាព។

ដើមទុនចុះបញ្ជីចំនួន៦៧២ ប៊ីលានរៀល សមមូលនឹង១៦៨លានដុល្លារអាមរិកនេះ បានមកពីការចូលរួមមូលនិធិវិនិយោគ របស់ភាគទុនិកចំនួន៣ រួមមាន៖ ធនាគារ Bank of East Asia (BEA) ក្រុមហ៊ុន Lanka Orix Leasing Company (LOLC) និងក្រុមហ៊ុនបុគ្គលិកប្រាសាក់ (PSCo)។

លោក សាយ សូនី នាយកប្រតិបត្តិគ្រប់គ្រងទីផ្សារ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ បានថ្លែងថា «ការដំឡើងដើមទុនបន្ថែមនេះ គឺយកមកពីប្រាក់ចំណេញរក្សាទុក ក្នុងគោលបំណងផ្តល់ហិរញ្ញប្បទាន ចំពោះហេដ្ឋារចនាសម្ព័ន្ធ និងកំណើនរបស់ស្ថាប័ន ដើម្បីបំពេញតាមគោលដៅជាយុទ្ធសាស្ត្រ និងឆ្លើយតបតាមតម្រូវការទីផ្សារ»

លោកបន្ដថា «ការវិនិយោគបន្ថែមនេះ ក៏សបញ្ជាក់ឲ្យឃើញច្បាស់ថា ភាគទុនិករបស់ប្រាសាក់ មានទំនុកចិត្តខ្ពស់ លើថ្នាក់ដឹកនាំ និងថ្នាក់គ្រប់គ្រងប្រាសាក់ ព្រមទាំងមានការប្តេជ្ញាចិត្តយ៉ាងខ្លាំងមុតមាំ ក្នុងការគាំទ្រនិងអភិវឌ្ឍប្រាសាក់ ឲ្យនៅតែជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេនៅក្នុងវិស័យ និងដើម្បីកសាងទំនុកចិត្ត និងការជឿជាក់កាន់តែខ្លាំងពីសាធារណជន»

លោក សាយ សូនី បានគូសបញ្ជាក់បន្តទៀតថា តាមរយៈការបន្ថែមដើមទុនថ្មីនេះ នឹងរឹងរឹតតែធ្វើឲ្យប្រាសាក់ជ្រងជំហរយ៉ាងរឹងមាំលើទីផ្សារ បម្រើសេវាជូនអតិថិជនបាន កាន់តែល្អប្រសើរ និងចូលរួមចំណែក ពង្រឹងវិស័យហិរញ្ញវត្ថុ ព្រមទាំងចូលរួមអភិវឌ្ឍសេដ្ឋកិច្ចជាតិ ប្រកបដោយនិរន្តរភាព។ ការសម្រេចបានសមិទ្ធផលនេះ ប្រាកដជាមិនអាចកើតមានទេ ប្រសិនបើមិនមានការគាំទ្រពីសំណាក់ភាគីពាក់ព័ន្ធ។

ក្នុងឱកាសនេះ សាយ សូនី សូមសំដែងនូវការដឹងគុណ និងអំណរគុណយ៉ាងស្មោះស្ម័គ្រ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ធនាគារជាតិនៃកម្ពុជា និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងជាពិសេសចំពោះអតិថិជនប្រាក់បញ្ញើសន្សំ និងឥណទានដែលតែងតែផ្ដល់ការគំាទ្រ ដែលញ៉ាំងឲ្យប្រាសាក់ក្លាយ ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំជាងគេនៅកម្ពុជា។

គិតត្រឹមដំណាច់ឆ្នាំ២០១៨ ប្រាសាក់មិនត្រឹមតែរក្សាបាន នូវជំហរនាំមុខគេលើទីផ្សារហិរញ្ញវត្ថុ ជាមួយនឹងបណ្ដាញការិយាល័យច្រើនជាងគេ លទ្ទភាពរកប្រាក់ចំនេញ និងសម្ពៀតឥណទានធំជាងគេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធានាបាននូវនិរន្តរភាពទៀតផង។

លទ្ធផលដែលសម្រេចបានរួមមាន៖

* ទ្រព្យសកម្មសរុបចំនួន២,៣៧៨ លានដុល្លារអាមេរិក
* សម្ពៀតឥណទានកើនឡើងដល់១,៩៦២ លានដុល្លារអាមេរិក ដោយដោយបម្រើអតិថិជនសរុប៣៩៧ពាន់នាក់
* សមតុល្យប្រាក់បញ្ញើ-សន្សំចំនួន១,២៩១ លានដុល្លារអាមេរិក ដោយមានអតិថិជនប្រាក់បញ្ញើ-សន្សំ៥៥៥ពាន់នាក់
* ពង្រីកបណ្តាញការិយាល័យរហូតដល់១៧៧សាខា
* ដំឡើងម៉ាស៊ីន ATM ចំនួន១២៦ទីតាំង
* ផ្តល់ឱកាសការងារ ដល់បុគ្គលិកជាង៧,៦០០នាក់៕