(ភ្នំពេញ)៖ មន្ដ្រីនគរបាលចំនួន៥រូប ក្នុងនោះមានម្នាក់ថ្នាក់ឧត្តមសេនីយ៍ត្រី (ផ្កាយ១) អមដោយមន្ដ្រីនគរបាល៤រូបផ្សេងទៀត មានពាក់ស័ក្ដិ៣ និងស័ក្ដិ៤ជាដើម ជាកម្លាំងរបស់គណៈកម្មាធិការ ប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្ក​គ្រោះថ្នាក់មានហានិភ័យខ្ពស់ ដល់សុខភាព និងសុវត្ថិភាពសង្គម (គ.ប.ផ.ក) ក្រសួងមហាផ្ទៃ ដែលត្រូវបានចាប់ខ្លួននៅខណ្ឌសែនសុខ នាថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩នេះ ដោយសារតែពួកគេ ចុះទៅឆែកទំនិញក្នុងឃ្លាំងដ៏ធំមួយ គ្មានបទបញ្ជាពីថ្នាក់លើ គ្មានការដឹកនាំព្រះរាជអាជ្ញា និងពុំបានសុំកិច្ចសហការជាមួយសមត្ថកិច្ចមូលដ្ឋាន។

មន្ដ្រីនគរបាលជាន់ខ្ពស់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ក្រុមមន្ដ្រីនគរបាលដែលត្រូវបានឃាត់ខ្លួនខាងលើនេះ ដោយមុនដំបូងពួកគេបានបើករថយន្ដ២គ្រឿង ទៅឈប់នៅមុខឃ្លាំងស្ដុកទំនិញដ៏ធំមួយ ស្ថិតនៅលើផ្លូវ១០១៩ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដោយគោលបំណងរបស់ពួកគេ ចង់ចូលទៅឆែកឆេរ ប៉ុន្ដែសកម្មភាពទាំងនេះ ធ្វើឡើងដោយខុសច្បាប់ ដោយសារតែទី១៖ គ្មានលិខិតបេសកកម្ម និងបទបញ្ជាពីថ្នាក់ដឹកនាំរបស់ខ្លួន, ទី២៖ មិនមានព្រះរាជអាជ្ញាចូលរួមដឹកនាំកម្លាំង និងទី៣៖ កម្លាំងទាំងនេះមិនបានចូលរួមសហការ ជាមួយកម្លាំងមូលដ្ឋាននោះឡើយ។

តាមមន្ដ្រីនគរបាលរូបនេះ ពួកគេទាំង៥នាក់ មុនដំបូងឡើយស្លៀកពាក់ស៊ីវិល ដោយសម្លៀកបំពាក់ជាឯកសណ្ឋាននគរបាល ត្រូវបានដាក់នៅក្នុងរថយន្ដទាំងអស់ ប៉ុន្ដែនៅពេលយករថយន្ដ ទៅឈប់ចតមុខឃ្លាំងទំនិញ ដែលមានម្ចាស់ជាឧកញ៉ាម្នាក់នោះ ក៏បានធ្វើការសួរនាំ ថា កម្លាំងមកពីខាងណា ប៉ុន្ដែពួកគេមិនប្រាប់សុំលេខទូរស័ព្ទក៏មិនឲ្យ ហើយអញ្ជើញឲ្យចូលក្នុងក៏មិនព្រមចូល ហេតុដូច្នេះហើយទើបម្ចាស់ឃ្លាំងបានសុំអន្ដរាគមន៍ ទៅថ្នាក់លើរហូតបញ្ជាឲ្យកម្លាំងតម្រួតបញ្ជា ចេញទៅឃាត់ខ្លួនពួកគេតែម្ដង។

មន្ដ្រីនគរបាលរូបនេះ ក៏បានបញ្ជាក់ផងដែរថា នៅពេលឃើញសកម្មភាពអាណាធិបតេយ្យរបស់នគរបាលមួយក្រុមនេះ ថ្នាក់ដឹកនាំក៏បានសួរនាំទៅកាន់ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច ប៉ុន្ដែបញ្ជាក់ថា មិននៅក្នុងអង្គភាពនោះឡើយ ទើបធ្វើការសួរនាំទៅលោក មៀច សុផាន់ណា ប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្ក​គ្រោះថ្នាក់មានហានិភ័យខ្ពស់ ដល់សុខភាព និងសុវត្ថិភាពសង្គម (គ.ប.ផ.ក) ប៉ុន្ដែលោកអះអាងថា ពុំបានបញ្ជា និងផ្ដល់លិខិតបេសកកម្មឲ្យពួកគេនោះទេ។

បន្ទាប់ពីដឹងថា មានអន្ដរាគមន៍ពីថ្នាក់ដឹកនាំ មន្ដ្រីនគរបាលទាំងនេះក៏បានប្រញ៉ាប់យកឯកសណ្ឋានពីក្នុងរថយន្ដមកស្លៀកពាក់ ប៉ុន្ដែត្រូវបានកម្លាំងតម្រួតបទបញ្ជាចុះទៅចាប់គ្រៀកចូលក្នុងរថយន្ដស៊ីរ៉ែន ដឹកចេញទៅបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងតែម្ដង។

នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក៏បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា ពិតជាមានការឃាត់ខ្លួនមន្រ្តីនគរបាលទាំងនោះមែន ដែលពួកគេនៅខាងប្រឆាំងទំនិញក្លែងក្លាយ ប៉ុន្តែក្រោយការសួរនាំ ក៏ឲ្យត្រឡប់ទៅវិញតែម្តង។

បើតាមនាយឧត្តមសេនីយ៍ ការឃាត់ខ្លួនពួកគេ ដោយសារមុនដំបូង ពេលដែលពួកគេចុះទៅនោះ មិនបានសហការជាមួយខាងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏បានឲ្យខាងតម្រួតបទបញ្ជា ចុះទៅឃាត់ខ្លួនតែម្តង ប៉ុន្តែក៏បានឲ្យត្រឡប់ទៅវិញភ្លាមៗផងដែរ មិនមានរឿងអ្វីនោះឡើយ។

ចំពោះបាតុភាពបែបនេះ និងក្រោយការចេញផ្សាយព័ត៌មាន នៃការឃាត់ខ្លួនពួកគេក៏មានមន្ដ្រីសមត្ថកិច្ចដែលបានដឹងរឿង ក៏លួចបង្ហើបមកកាន់អង្គភាពព័ត៌មាន Fresh News បន្ថែមថា ទំនងជាក្រុមដដែលនេះកាលពីប៉ុន្មានខែមុន បានចុះទៅឆែកឃ្លាំងមួយនៅខណ្ឌដង្កោ ខណៈដែលទំនិញរបស់គេមិនទាន់ហួសសុពលភាពនៅឡើយ ដោយជំរិតទារលុយអស់ជិត១ម៉ឺនដុល្លារ។

អ្នកដែលបានដឹងរឿងទាំងអស់នេះ ទទូចដល់អគ្គស្នងការនគរបាលជាតិ ក៏ដូចជានាយឧត្តមសេនីយ៍ មៀច សុផាន់ណា គួររឹតបន្ដឹងពីកម្លាំងរបស់ខ្លួន ឲ្យមានប្រសិទ្ធភាពជៀសវាងបង្កព្យុះភ្លៀង និងប្រព្រឹត្តសកម្មភាពល្មើសច្បាប់ នាំឲ្យផ្ទុះការរិះគន់ជាដើម៕​