(ភ្នំពេញ)៖ សហជីពធំៗនៅកម្ពុជាចំនួន៣ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩នេះ បានចេញសេចក្តីថ្លែងការណ៍ គាំទ្រប្រសាសន៍សម្តេចតេជោ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានលើកឡើងអំពីការទូទាត់ប្រាក់បំណាច់ អតីតភាពការងារ។

សហជីពទាំង៣ ដែលបានចេញសេចក្តីថ្លែងការណ៍ គាំទ្រប្រសាសន៍សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា រួមមាន៖ សហព័ន្ធសហជីពសម្លេងយុវជនខ្មែរ, សហព័ន្ធសហជីពឯករាជ្យនៅកម្ពុជា និងសហភាពសហជីព យុវជនការពារសិទ្ធិកម្មករកម្ពុជា។

សូមជំរាបថា នៅព្រឹកថ្ងៃទី០៩ ខែមករាម្សិលមិញនេះ នៅក្នុងឱកាសដែលសម្តេចតេជោ បានអញ្ជើញជាអធិបតីភាព ចុះជួបសំណេះសំណាល ជាមួយមួយកម្មករ កម្មការិនី នៅក្នុងខេត្តតាកែវ សម្តេចបានមានប្រសាសន៍ អំពាវនាវដល់សហជីព ដែលកំពុង​ធ្វើចលនា ឱ្យកម្មករទាមទារបើកប្រាក់ អតីតភាពផ្តាច់ត្រឹមឆ្នាំ២០១៨ ត្រូវបញ្ឈប់សកម្មភាពរបស់ខ្លួនជាបន្ទាន់។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្ថែមថា ប្រសិនបើធ្វើតាមការទាមទាររបស់កម្មករ កម្មការិនីនេះ នឹងធ្វើឱ្យរោងចក្រ ប្រមាណ២ភាគ៣ នឹងត្រូវបិទទ្វារ ព្រោះផែនការបង្វិលទុនរបស់ម្ចាស់រោងចក្រ កាលពីពេលមុនគឺអនុវត្តន៍តាមច្បាប់ចាស់ មិនមែនអនុវត្តន៍តាមច្បាប់ថ្មីនោះទេ ដូច្នេះផែនការបង្វិលទុនរបស់ថៅកែរោងចក្រ គឺធ្វើតាមផែនការបង្វិលរបស់ពួកគេផងដែរ៕