(ភ្នំពេញ)៖ លោកស្រី ចន គន្ធា ប្រធានសមាគមនារីខណ្ឌមានជ័យ និងជាភរិយារបស់អភិបាលខណ្ឌមានជ័យ និងលោកស្រី ទាវ ធីតា ជាអនុប្រធានសមាគមរួមនឹងសមាជិក នៃសមាគមជាច្រើននាក់ទៀត នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩នេះ បានចុះទៅសួរសុខទុក្ខ និងផ្តល់ជំនួយសប្បុរសធម៌ ដល់ប្រជាពលរដ្ឋក្រីក្រ៥គ្រួសារ រស់នៅភូមិព្រែកទល់១ សង្កាត់ស្ទឹងមានជយ័២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

លោកស្រី ចន គន្ធា ប្រធានសមាគមនារីខណ្ឌមានជ័យ និងលោកស្រី ទាវ ធីតា ជាអនុប្រធានសមាគម និងថ្នាក់ដឹកនាំសមាគមួយចំនួនទៀត បានឧបត្ថម្ភដល់ពលរដ្ឋក្រីក្រ៥គ្រួសារ ដោយក្នុង១គ្រួសារទទួលបាន​៤០ម៉ឺនរៀល និងប្រេងឆាមួយដប ទឹកត្រី៣ដប ទឹកស៊ីអ៊ីវ៣ដប អំបិល១គីឡូ មី១កេស និងទឹកសុទ្ធ១កេស និងសំភារៈប្រើប្រាស់ជាច្រើនទៀត។

ក្នុងឱកាសអញ្ជើញផ្តល់អំណោយ សប្បុរសធម៌នេះផងដែរ លោកស្រីទាំងពីររូប ក៏បានលើកទឹកចិត្តដល់ពួកគាត់ ឲ្យថែរក្សាសុខភាពឲ្យបានល្អ ដើម្បីមើលការរីកចម្រើន របស់ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលនៃកម្ពុជា។

ជាមួយគ្នានោះ គ្រួសារដែលទទួលបានអំណោយនាថ្ងៃដដែលនេះ ក៏បានថ្លែងអំណរគុណដល់ លោកស្រី ចន គន្ធា ប្រធានសមាគមនារីខណ្ឌមានជ័យ និងលោកស្រី ទាវ ធីតា ជាអនុប្រធានសមាគមរួមនឹងសមាជិក នៃសមាគមជាច្រើននាក់ទៀត សូមឲ្យមានសុខភាពល្អ និងបន្តដឹកនាំសមាគមឲ្យមានការរីកច​ម្រើនទៅមុខទៀត ដើម្បីជួយដល់ជនរងគ្រោះ ជាពិសេសគឺស្រ្តីតែម្តង។

លោកស្រី ចន គន្ធា ប្រធានសមាគមនារីខណ្ឌមានជ័យ និងលោកស្រី ទាវ ធីតា ជាអនុប្រធានសមាគមនេះ បានលើកឡើងព្រមៗគ្នាថា សមាគមនារីខណ្ឌមានជ័យ បានបង្កើត ឡើងជាយូរមកហើយ សមាគមមួយនេះ ផ្តោតជាសំខាន់ក្នុងការជួយទៅដល់ស្រ្តី និងស្រ្តីរងគ្រោះ និងចាស់ជរា ដែលខ្វះខាត និងគ្មានសមត្ថភាពក្នុងការបំពេញការងារ ដើម្បី ផ្គត់ផ្គង់ការរស់នៅប្រចាំថ្ងៃ៕