(ភ្នំពេញ)៖ ឥឡូវនេះ សមត្ថភាពរបស់វិស័យឯកជន ក្នុងការបំពេញឯកសារ ដើម្បីស្នើសុំវិញ្ញាបនប័ត្រផ្លូវការពីក្រសួងពាណិជ្ជកម្ម កាន់តែមានភាពប្រសើរឡើង ដែលបានរួមចំណែកដល់ការពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា ទាក់ទងនឹងចំណាត់ថ្នាក់ប្រចាំឆ្នាំស្តីពី ភាពងាយស្រួលក្នុងការធ្វើធុរកិច្ច និងសន្ទស្សន៍ប្រតិបត្តិការដឹកជញ្ជូន (LPI)។ នេះបើតាមការអះអាងរបស់ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា។

ថ្លែងនៅក្នុងពិធីប្រគល់វិញ្ញាបនប័ត្រជូនសិក្ខាកាម និងពិធីបើកវគ្គសិក្សា «អ្នកតំណាងស្របច្បាប់ក្នុងការស្នើសុំឯកសារនាំចេញ-នាំចូល» ជំនាន់ទី៧ និង«អ្នកតំណាងស្របច្បាប់ក្នុងការស្នើសុំចុះបញ្ជីពាណិជ្ជកម្ម» ជំនាន់ទី២ ដែលបានរៀបចំឡើងនៅទីស្តីការក្រសួងពាណិជ្ជកម្ម នាព្រឹកព្រហស្បតិ៍ ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ លោក ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ពីសារៈសំខាន់ និងអត្ថប្រយោជន៍នៃវគ្គបណ្តុះបណ្តាលរបស់ក្រសួង ក្នុងការរួមចំណែកអភិវឌ្ឍន៍វិស័យឯកជន ដែលជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ចជាតិ។

«អ្វីដែលធ្វើឱ្យខ្ញុំកាន់តែមានមោទនភាព គឺវគ្គបណ្តុះបណ្តាលនេះ បានរួមចំណែកបង្កើនប្រសិទ្ធភាពអភិបាលកិច្ចល្អ ជាពិសេសការអនុវត្តច្បាប់ និងការបំពេញនីតិវិធីពាក់ព័ន្ធកិច្ចសម្រួលពាណិជ្ជកម្ម នៅក្នុងប្រទេសកម្ពុជា»។ លោករដ្ឋមន្ត្រី បានមានប្រសាសន៍បន្ថែម។

នៅក្នុងឱកាសនោះ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានសម្តែងការអបអរចំពោះសិក្ខាកាមទាំងអស់ ដែលបានប្រឹងប្រែងយកចិត្តទុកដាក់សិក្សា ជាមួយគ្រូឧទ្ទេសនាមមកពីវិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវស្រាវ និងនាយកដ្ឋាននាំចេញ-នាំចូល រហូតបានប្រឡងជាប់ជាស្ថាពរ។

លោក បានស្នើដល់សិក្ខាកាមទាំងអស់ ប្រើប្រាស់ចំណេះដឹងថ្មីៗ ដែលទទួលបានពីវគ្គបណ្តុះបណ្តាល ដើម្បីអនុវត្តន៍ការងារឱ្យមានប្រសិទ្ធភាពខ្ពស់ និងហ៊ានទទួលខុសត្រូវរាល់ព័ត៌មាន ឬឯកសារទាំងឡាយ ដែលផ្តល់មកក្រសួងពាណិជ្ជកម្ម ស្របតាមខ្លឹមសារប្រកាសលេខ ២៥៨ព.ណ.ចបព.ប្រក ស្តីពីការទទួលស្គាល់អ្នកតំណាងស្របច្បាប់ក្នុងការស្នើសុំចុះបញ្ជីពាណិជ្ជកម្ម ឬឯកសារនាំចេញ-នាំចូល នៅក្រសួងពាណិជ្ជកម្ម។

សូមជម្រាបថា តាមរយៈវគ្គបណ្តុះបណ្តាលកន្លងមក បានធ្វើឱ្យស្ថិតិការចុះបញ្ជីពាណិជ្ជកម្ម និងការនាំចេញរបស់កម្ពុជា មានការកើនឡើងគួរឱ្យកត់សម្គាល់ ពោលគឺក្នុងឆ្នាំ២០១៨ ក្រសួងបានចុះបញ្ជីក្រុមហ៊ុន-សហគ្រាសសរុបចំនួន ១៤,៥៥២ កើនឡើង ១៣៨.២១% ប្រៀបធៀបនឹងឆ្នាំ២០១៧។ ទន្ទឹមគ្នានេះ តាមរយៈការនាំចេញក្រោមប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម ទៅកាន់ទីផ្សារអន្តរជាតិ ឆ្នាំ២០១៨ មានទឹកប្រាក់សរុបចំនួន ១០,៣៦០លានដុល្លារសហរដ្ឋអាមេរិក ក្នុងនោះផលិតផលនាំចេញសំខាន់ៗ រួមមាន៖ សម្លៀកបំពាក់ ស្បែកជើង ទោចក្រយាន កាបូប ជ័រកៅស៊ូ អង្ករ ដំឡូងមី និងទំនិញកសិកម្មផ្សេងៗទៀត៕