(ភ្នំពេញ)៖ លោកវរសេនីយ៍ទោ គល់ យី អធិការនគរបាលខណ្ឌឬស្សីកែវ បានបង្ហាញថា នាព្រលប់ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩ កម្លាំងនគរបាលរបស់លោក បានបង្ក្រាបការជួញដូរគ្រឿងញៀន១ករណី ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ដកហូតបានថ្នាំញៀន៧កញ្ចប់ នៅត្រង់ចំណុចក្រុមទី៨ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ បន្ទាប់ពីបានរាយការណ៍ជូនលោក ជា ពិសី ប្រធានគណៈបញ្ជាការឯកភាពខណ្ឌ និងលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។

លោកអធិការនគរបាលខណ្ឌឬស្សីកែវ បានបង្ហាញទៀតថា នៅក្រោយបញ្ចប់ការស៊ើបអង្កេតភ្លាមៗ ហើយឈានដល់បើកការបង្ក្រាបករណីខាងលើនេះ ក្រៅពីកម្លាំងសមត្ថកិច្ចរកឃើញថ្នាំញៀនចំនួន៧កញ្ចប់ នៅមានទូរស័ព្ទដៃម៉ាក់ខេមហ្វូន ចំនួន០១គ្រឿង នឹង១គ្រឿងទៀតម៉ាក់ហ្សោប៉ូ រួមជាមួយឧបករណ៍ជក់គ្រឿងញៀនមួយចំនួនផងដែរ ព្រមទាំងបានឃាត់ខ្លួនជនសង្ស័យក្នុងសកម្មភាពជួញដូរថ្នាំញៀនមានឈ្មោះ ស្មាស់ រ៉សាលីម ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរឥស្លាម និងម្នាក់ទៀតឈ្មោះ ពៅ សារឿន ភេទប្រុស អាយុ៣៧ឆ្នាំ។ ឯជនសង្ស័យទាំង២នាក់ មុខរបរកម្មករ មានទីលំនៅក្នុងក្រុមទី៤ ភូមិ៤ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

លោកអធិការថា ជនសង្ស័យទាំង២នាក់ និងវត្ថុតាងពាក់ព័ន្ធសកម្មភាពជួញដូរថ្នាំញៀន ត្រូវបានបន្តនាំយកមកឃុំខ្លួនសាកសួរបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ក្នុងការកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនិតិវិធី៕