(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ទទួលផែនប្រឆាំងគ្រឿងញៀន បានអះអាងថា ការបង្ក្រាបបទល្មើសគ្រឿងញៀន ​តូច​ៗទទួលបានជោគជ័យ ទើបឈានដល់ការបង្ក្រាបបទល្មើសធំ ឬមេក្លោងបានជោគជ័យដូចគ្នា ដូច្នេះហើយកម្លាំងសមត្ថកិច្ចទាំងអស់ ត្រូវតែរួមដៃគ្នា ដើម្បីខិតខំបង្ក្រាបបទល្មើសមួយនេះឲ្យខាងតែបាន។

​ក្នុ​ងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន ឆ្នាំ២០១៨ និងលើកទិសដៅបន្ដ នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩នេះ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ បានបញ្ជាក់យ៉ាងដូច្នេះថា «យើងខ្ញុំបានណែនាំហើយថា យើងមិនអាចចោលករណីតូចតាចបាននោះទេ យើងមានពិសោធន៍ថា យើងបង្ក្រាបករណីតូច យើងបន្ដស្រាវជ្រាវដោយយកចិត្តទុកដាក់ ព្យាយាមយើងរកឃើញករណីធំៗច្រើនបន្ថែមទៀត។ ជនល្មើសទាំងអស់នោះ គឺជាដៃជើង ឬកូនចៅរបស់មេក្លោងធំៗ»។

បន្ថែមពីនេះ នាយឧត្តមសេនីយ៍អគ្គស្នងការរងរូបនេះ នៅតែបន្ដដាក់បទបញ្ជាដល់កម្លាំងមានសមត្ថកិច្ច ត្រូវតែបង្ក្រាបគ្រប់មូលដ្ឋានសម្ងាត់​របស់សមត្ថកិច្ចរូបណា ដែលធ្លាក់ខ្លួនលួចរកស៊ីគ្រឿងញៀន ព្រោះថាកម្លាំងមូលដ្ឋានសម្ងាត់មិនអាចឲ្យធ្លាក់ខ្លួនទៅប្រព្រឹត្តបទល្មើសបានឡើយ ហើយបើប្រព្រឹត្តត្រូវតែបង្ក្រាបគ្មានការលើកលែង។

ទន្ទឹងនឹងការដាក់បទបញ្ជាឲ្យខិតខំប្រឹងប្រែងបង្ក្រាបបន្ដទៀតនោះ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ ក៏បានណែនាំផងដែរថា ក្នុងប្រតិបត្តិការបង្ក្រាប ត្រូវតែយកចិត្តទុកដាក់ ដើម្បីរក្សាសុវត្ថិភាពផ្ទាល់ខ្លួនរបស់កងកម្លាំង ​បើជៀសវាងបានកុំឲ្យមានការផ្ទុះអាវុធជាដាច់ខាត។ ករណីបង្ក្រាបថ្ងៃនេះមិនបាន ត្រូវតែព្យាយាមតាមបង្ក្រាបបន្ដទៀតនៅថ្ងៃក្រោយ​ ដោយមិនត្រូវមានសមត្ថកិច្ចណាម្នាក់រងគ្រោះថ្នាក់ឡើយ។

ជាមួយគ្នានេះ នាយកមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ លោកឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ បានធ្វើការអំពាវនាវដល់កម្លាំងសមត្ថកិច្ច ពាក់ព័ន្ធទាំងអស់​ត្រូវរួមចិត្តរួមថ្លើមជាមួយគ្នា ដើម្បីលុបបំបាត់គ្រឿងញៀន ឲ្យអស់ពីប្រទេសកម្ពុជា ខណៈឆ្នាំ២០១៨ នគរបាលបង្ក្រាបគ្រឿងញៀន បាន​ជិត៦,៨០០ករណី ឃាត់ខ្លួនជនសង្ស័យ១៣,៣៩៧នាក់ និងរឹបអូសថ្នាំជាង៥០០គីឡូក្រាមនោះ។

ឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ ក៏បានណែនាំឲ្យខិតខំក្ដាប់ជាប់សភាពការណ៍បទល្មើសគ្រឿងញៀន នៅតាមមូលដ្ឋាន និងចុះត្រួតពិនិត្យជាប្រចាំ ការធ្វើបច្ចុប្បន្នភាពមុខសញ្ញា ដោយផ្អែកលើផែនការប្រៀបសមរភូមិប្រឆាំងបទល្មើសគ្រឿងញៀន ផ្សាភ្ជាប់ជាមួយការចាត់តាំងអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព។

បើតាមលោកឧត្តមសេនីយ៍ប្រធានមន្ទីរ សមត្ថកិច្ចទាំងអស់ត្រូវបន្ដការទំនាក់ទំនងល្អ ជាមួយស្ថាប័នអយ្យការ និងតុលាការ ដើម្បីបម្រើការងារជំនាញ ក្នុងកិច្ចសហប្រតិបត្តិការ បង្ការ និងបង្ក្រាបបទល្មើសគ្រឿងញៀនឲ្យមានប្រសិទ្ធភាព និងស្របតាមនីតិវិធី៕