(ភ្នំពេញ)៖ ក្នុងជំនួបពិភាក្សាការងារជាមួយលោក មីគី វ៉ាត់ណាបេ ប្រធានគណៈកម្មាធិការអចិន្រៃ្តយ៍កិច្ចការបរទេស និងការពារជាតិជប៉ុន នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ លោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា គិតមកដល់ពេលនេះ កម្ពុជាបានបញ្ជួនកម្មសិក្សាការីចេញទៅធ្វើការនៅជប៉ុនជាង៩ពាន់នាក់។

លោកបន្តថា នៅពេលខាងមុខ នឹងមានក្រុមហ៊ុនជប៉ុនបើកជាបន្តបន្ទាប់ ដើម្បីបណ្តុះបណ្តាល និងងាយស្រួលបញ្ជូនកម្មសិក្សាការីពីកម្ពុជាទៅជប៉ុន ខណៈដែលរដ្ឋាភិបាលជប៉ុនបានកែប្រែច្បាប់ថ្មី។

លោករដ្ឋមន្រ្តីបានបញ្ជាក់ថា ក្រុមហ៊ុនខាងលើ គឺជាក្រុមហ៊ុនចម្រុះខាងផ្នែកឧស្សាហកម្ម និងផ្នែកសេវា បច្ចុប្បន្នក្រុមហ៊ុននេះបានគ្រប់គ្រងបុគ្គលិកប្រមាណ ២ម៉ឺននាក់ នៅជប៉ុន ដែលត្រូវការកម្លាំងបន្ថែមទៀត។ លោកបន្តថា ដើម្បីអនុវត្តន៍នូវគម្រោងថ្មីនេះបាន នាពេលខាងមុខ រដ្ឋាភិបាលប្រទេសទាំងពីរ កម្ពុជា-ជប៉ុន ពិសេសក្រសួងការងារកំពុងរៀបចំឲ្យមាន ចុះកិច្ចព្រមព្រៀង សហប្រតិបត្តិការជាមួយក្រសួងពាក់ព័ន្ធរបស់ប្រទេសជប៉ុន ដើម្បីអនុវត្តន៍នូវប្រព័ន្ធថ្មី និងច្បាប់ថ្មីរបស់ភាគីជប៉ុន។

ជប៉ុនបានចាប់ផ្តើមរៀបចំបង្កើតឱ្យមានគម្រោងថ្មី សម្រាប់បង្កើនលំហូរនៃកម្លាំងពលកម្មពីប្រទេសផ្សេងៗ និងសម្រាប់អនុវត្តនូវអំឡុងខែមេសា ឆ្នាំ២០១៩ ខាងមុខនេះ ដើម្បីដោះស្រាយបញ្ហា ខ្វះកម្លាំងពលកម្មជំនាញនៅប្រទេសជប៉ុន។

ជាមួយគ្នានេះ ជប៉ុនបាននឹងកំពុងរៀបចំឱ្យមានសេចក្តីព្រាង និងកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយបណ្តាប្រទេសបញ្ជូនទាំងអស់ ដែលបានអនុញ្ញាតឱ្យបញ្ជូលទាំងកម្មសិក្សាការីបច្ចេកទេស និងអ្នកធ្វើការជំនាញបច្ចេកទេសទៅប្រទេសជប៉ុន។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយមន្ត្រីជំនាញនៃប្រទេសជប៉ុន ដើម្បីពិនិត្យ និងរៀបចំឱ្យមានកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយគ្នា ក្នុងគោលបំណងដើម្បីបង្កើនទីផ្សារការងារ និងឱកាសការងារដល់ប្រជាជនកម្ពុជា។

សូមបញ្ជាក់ថា នៅក្នុងចំណោមជាដៃគូប្រទេសជប៉ុនដែលបញ្ជូនពលករទៅធ្វើការនៅទីនោះមានចំនួន ១៥ប្រទេស ហើយចំនួនដែលបានបញ្ជូនទៅពីលេខ១ រហូតដល់១៥ កម្ពុជាឈរលើលេខរៀងទី៧៕