(បន្ទាយមានជ័យ)៖ នៅថ្ងៃទី១០​ ខែមករា​ ឆ្នាំ២០១៩នេះ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ អ្នកតំណាងរាស្រ្ត​មណ្ឌលបន្ទាយមានជ័យ ឧបនាយករដ្ឋមន្រ្តី​ និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធ ប្រឆាំងគ្រឿងញៀន​ និងលោកស្រី ម៉ៅ​ ម៉ាល័យ​ កែ​ គឹមយ៉ាន​ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគារអប់រំបច្ចេកទេស​១ខ្នង​ តម្លៃជាង​៦០០លានរៀល នៅវិទ្យាល័យថ្មពួក​ ស្រុកថ្មពួក​ ខេត្តបន្ទាយមានជ័យ​ និងបន្តជួបសំណេះសំណេះជាមួយប្រជាពលរដ្ឋជាង១២០០នាក់។

ក្នុងឱកាសនោះ​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ បានមានមតិសំណេះសំណាល និងពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំកំពូលរបស់ជាតិមាន​ សម្ដេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្រ្តី និងសម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា​។

ក្នុងឱកាសនោះ​ដែរ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ បានថ្លែងថា «កម្ពុជា​ក្រោមការដឹកនាំរបស់សម្តេចតេជោ​ ហ៊ុន​ សែន​ មានសន្តិសុខ សន្តិភាព និងស្ថេរភាពនយោបាយ ជាឱកាសមាស ក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ចឲ្យសម្រេចបានសមិទ្ធិផលយ៉ាងធំធេង ដោយប្រទេសកម្ពុជាបានជាប់ចំណាត់ថ្នាក់លេខ៦ លើពិភពលោកដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ និងលឿនបំផុត ដោយសម្រេចបានកំណើនជាមធ្យមជាង ៧% ក្នុង១ឆ្នាំ»

ជាមួយគ្នានេះ​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ បានបន្តថា ​កំណើនសេដ្ឋកិច្ចខ្ពស់ បានធ្វើឲ្យជីវភាពប្រជាពលរដ្ឋ ត្រូវបានកែលម្អកាន់តែប្រសើរឡើងជាលំដាប់កំណើនចំណូលមធ្យមសម្រាប់ម្នាក់ៗ ប្រមាណ២៨៨ដុល្លារ នៅឆ្នាំ២០០០ ដល់១៥៦៣ដុល្លារ ឆ្នាំ២០១៨។ ទន្ទឹមនឹងនេះ អត្រាភាពក្រីក្របានធ្លាក់ចុះប្រមាណ៥៣,២% នៅឆ្នាំ២០០៤ មកនៅត្រឹមប្រមាណ១៣,៥% នៅឆ្នាំ២០១៤ ​និងបន្តថយចុះមកនៅរង្វង់១០% នាបច្ចុប្បន្ន​។

ជាទ្រនាប់ដៃ​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ បាននាំយកនូវអំណោយជាសម្ភា​រ​ និងថវិកា​ចែកជូនមាន៖

*ទី១៖ លោកគ្រូ​ អ្នក​គ្រូ​ចំនួនជាង៦០នាក់​ ម្នាក់ៗទទួលបាន​សារ៉ុង១​ និងថវិកា២ម៉ឺនរៀល
*ទី២៖ ប្រជាពលរដ្ឋ​ចំនួន៥០០នាក់​ ម្នាក់ៗទទួលបាន​សារ៉ុង១
*ទី៣៖ សិស្សានុសិស្ស​ចំនួន៥០០នាក់​ ម្នាក់ៗទទួលបាន​ សៀវភៅ​ ប៊ិច​ ខ្មៅដៃ​ សារ៉ុង​ ថវិកា៥ពាន់រៀល
*ទី៤៖ ជូនវិទ្យាល័យថ្មពួកថវិកា១លានរៀល។

ក្នុងពិធីនេះដែរ​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ បានបំពាក់នៅគ្រឿងឥស្សរិយយសជូនដល់សប្បុរសជនជាតិ​ និងអន្តរជាតិ ដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍមូលដ្ឋាន ខេត្តបន្ទាយមានជ័យផងដែរ៕