(ភ្នំពេញ)៖ កន្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩នេះ បានបញ្ជូនជនសង្ស័យចំនួន៣នាក់ ទៅកាន់តុលាការ ដើម្បីអនុវត្តនីតិវិធី។

លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានបញ្ជាក់ថា ការបញ្ជូនជនសង្ស័យទាំង៣នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធី ខាងលើនេះ បានធ្វើឡើងក្រោយពីកម្លាំងជំនាញរបស់ការិយាល័យ បានដេញតាមបង្ក្រាបពួកគេ តាំងពីនៅចំណុចផ្លូវលេខ២៩៤ កែងផ្លូវលេខ៥១ ក្នុងអំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបស្ពាយ តែមិនបានសម្រេច) ហើយព្យាយាមរត់គេចខ្លួន រហូតមកដល់ខាងមុខផ្ទះលេខ១៤ ជាហាងម៉ាស្សាយីហោវ៉ាភូ ក្នុងភូមិ៧ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន នៅយប់ថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩ ទើបឃាត់ខ្លួនពួកគេបាន និងដកហូតម៉ូតូ១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ទឹកមាស ឆ្នាំផលិត២០១៩ ពាក់ស្លាកលេខភ្នំពេញ 1HI-8247។

លោកនាយការិយាល័យដដែលនេះ បានបញ្ជាក់ទៀតថា ជនសង្ស័យទាំង៣នាក់ ដែលឃាត់ខ្លួនបាន ក្នុងអំពើរលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបស្ពាយ តែមិនបានសម្រេច) រួមមាន៖ ទី១-ឈ្មោះ អ៊ឹង រតនា ហៅខ្នា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ម៉ូតូ ស្នាក់នៅមិនចាំលេខផ្ទះ លេខផ្លូវ ស្ថិតក្នុងបូរីហុងឡេងយី សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ ទី២-ឈ្មោះ ស្រី មនោ ភេទប្រុស អាយុ១៧ ឆ្នាំជនជាតិខ្មែរ មុខរបរធ្វើម្ហូបការ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល និងទី៣-ឈ្មោះ គ្រឿន ជលសា ហៅនៅ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើចំការ ស្នាក់នៅផ្ទះលេខ០២ ផ្លូវលំ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល៕