(សៀមរាប)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តសៀមរាប នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩នេះ បានអញ្ជើញប្រារព្ធពិធី អង្គមីទ្ទិញអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៤០ នៃទិវាជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩-៧ មករា ២០១៩) នៅខេត្តសៀមរាប។

ព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តរបស់ប្រជាជនកម្ពុជា យ៉ាងមហោឡារឹកអធិកអធមជាងបណ្តាឆ្នាំកន្លងទៅ នៅបរិវេណទីធ្លាសួនច្បារមាត់ស្ទឹង ខាងមុខព្រះរាជដំណាក់ នាក្រុងសៀមរាប ដោយមានការចូលរួមពីមហាជនជាងម៉ឺនអង្គ/នាក់ រួមទាំងការដើរដង្ហែក្បួនរបស់កងកម្លាំង ប្រដាប់អាវុធទាំង៣ប្រភេទ, ក្បួនមន្ត្រីរាជការគ្រប់មន្ទីរអង្គភាពក្នុងខេត្ត, ក្បួនមន្ត្រីរដ្ឋបាលក្រុងស្រុក, ក្បួនលោកគ្រូអ្នកគ្រូ, ក្បួនសិស្សានុសិស្ស, ក្បួនក្រុមសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត, ក្បួនក្រុមកាយរឹទ្ធ, ក្បួនក្រុមយុវជនកាកបាទក្រហមកម្ពុជាខេត្ត, ក្បួនសិល្បៈ, ក្បួនកីឡាករ, ក្បួនមហាជន និងក្បួនបងប្អូនខ្មែរឥស្លាម ជាដើម។

ពិធីអបអរសាទរខួបអនុស្សាវរីយ៍លោកទី៤០ឆ្នាំ នៃថ្ងៃជ័យជំនះ ៧ មករា គេមានប្រជាពលរដ្ឋខ្មែរយ៉ាងច្រើនកុះករ រួមទាំងការឈរអបអរសាទរ នៅតាមដងផ្លូវចំពោះក្បួនដង្ហែរបស់កងកម្លាំង ប្រដាប់អាវុធទាំង៣ប្រភេទ ក្បួនមន្ត្រីរាជការគ្រប់មន្ទីរអង្គភាពក្នុងខេត្ត និងក្បួនមហាជនគ្រប់ស្រទាប់វណ្ណៈ ដើម្បីបង្ហាញនូវស្មារតីចងចាំជានិច្ច នូវគុណូបការៈដ៏ឧត្តុង្គឧត្តមរបស់វីរកម្មាភិបាល យុទ្ធជន យុទ្ធនារី នៃរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា និងវរកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានធ្វើការលះបង់អាយុជីវិតយ៉ាងធំធេងក្នុងការប្រយុទ្ធ ដើម្បីផ្តួលរំលំរបបប្រល័យពូជសាសន៍ «ប៉ុល ពត» បញ្ចប់សម័យកាលដ៏ខ្មៅងងឹតបំផុតនៅកម្ពុជា ហើយដែលបានកាប់សម្លាប់ និងធ្វើឲ្យប្រជាពលរដ្ឋខ្មែរស្លាប់ជិត ៣លាននាក់ និងជាថ្ងៃបើកឡើងវិញនូវទំព័រសករាជថ្មី គឺឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម និងការពារការរស់ឡើងវិញរបស់កម្ពុជា៕