(ឧត្តរមានជ័យ)៖ អតីតទាហានខ្មែរក្រហមក្នុងស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ដែលភាគច្រើនមានពិការភាពព្រោះតែភ្លើងសង្គ្រាមក្នុងទសវត្សរ៍ឆ្នាំ៨០ ទទួលបានផ្ទះសម្រាប់ស្នាក់នៅពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

​​ផ្ទះចំនួន ៧ខ្នង​ ធ្វើពី​ឈើ​ ប្រក់សង្ក័សី​ ទំហំ ៥ម៉ែត្រ គុណ ៥ម៉ែត្រ​ និងតសំយ៉ាបស័ង្កសី​៣ម៉ែត្រ ​ត្រូវបានលោកទេសរដ្ឋមន្រ្តី​ គន់​ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ចុះទៅប្រគល់ជូនអតីតយុទ្ធជន និងជាអតីតទាហានខ្មែរក្រហមនៅភូមិបាត់ថ្កៅ​ ឃុំចុងកាល់​ ស្រុក​ចុងកាល់​ ខេត្ត​ឧត្តរមានជ័យ នាថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩នេះ​។ ពិធីនោះក៏មានការអញ្ជើញចូលរួមពីលោក​ ប៉ែន កុសល្យ អភិបាល​ខេត្ត​​ឧត្តរមានជ័យ​។

ថ្លែង​ក្នុង​ឱកាស​នោះ​ ទេសរដ្ឋមន្ដ្រី គន់ គីម​ ក៏បាននាំយកការផ្តាំផ្ញើសួរសុខទុក្ខពី​សម្តេចតេជោ​ ហ៊ុន សែន ជូនដល់អតីត​យុទ្ធជន ​ប​ន្ទាប់មកទេសរដ្ឋមន្ដ្រី បានផ្តាំផ្ញើដល់​សមាជិក​ដែលមករស់នៅទីនេះ ត្រូវរក្សាអនាម័យ​ ដើម្បីបង្ការជំងឺ និងត្រូវចេះថែរក្សាផ្ទះសម្បែងដែលបានទទួល​។

ជាមួយគ្នានោះ លោកទេសរដ្ឋមន្ត្រីអគ្គលេខាធិការ​ បានណែនាំលោកអភិបាលខេត្ត​ ចាត់តាំង​តាមមន្ទីរ​ការិយាល័យជុំវិញខេត្ត​ ចែកគ្នាជួយឧបត្ថម្ភដល់សមាជិកអតីតយុទ្ធជន ក្នុងដំណាក់កាលដែលពួកគាត់ទើបមកនៅថ្មី។

ដោយមានសំណូមពរពីសមាជិក ​ដែលមកនៅទីនេះគ្មានដីបង្កើនផល​នោះ​ លោក​ទេសរដ្ឋមន្រ្តី គន់ គីម​ បានស្នើសុំសម្តេច​តេជោ ហ៊ុន សែន ហើយត្រូវ​បានសម្តេច​​អនុញ្ញាតដោះស្រាយដីដែលមានស្រាប់ជូនក្នុងមួយគ្រួសារ២ហិកតា​។

ដោយគោរពតាមគោលនយោបាយចម្បងទាំង៣នៃនយោបាយឈ្នះឈ្នះ (ធានាអាយុជីវិត, ធានាមុខរបរ អាជីព និងធានាកម្មសិទ្ធិទ្រព្យសម្បត្តិ) របស់សម្តេចតេជោ ហ៊ុន សែន នោះ អតីតទាហានខ្មែរក្រហមក្នុងខេត្តឧត្តរមានជ័យ ត្រូវបានរក្សាទុកតួនាទី មុខរបរ និងទ្រព្យសម្បត្តិរបស់ពួកគេដដែលក្រោយពេលធ្វើសមាហរណកម្មនៅចុងឆ្នាំ១៩៩៨។

មកដល់ពេលបច្ចុប្បន្នអតីតទាហានខ្មែរក្រហមដែលធ្លាក់ខ្លួនពិការដោយសារភ្លើងសង្គ្រាម និងជួបផលលំបាកផ្សេងៗ ទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដូចជាការផ្តល់ផ្ទះសម្បែង និងដោះស្រាយការលំបាកផ្សេងៗ។

អតីតទាហានខ្មែរក្រហម​ទាំង ៧គ្រួសារ​ដែលទទួលបានលំនៅដ្ឋានសម្រាប់ស្នាក់នៅ និងដីសម្រាប់បង្កបង្កើនផល បានបង្ហាញក្តីរំភើបរីករាយក្នុងចិត្ត និងប្រកាសដឹងគុណសម្តេចតេជោ​ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែគិតគូរចំពោះពួកគាត់៕