(ភ្នំពេញ)៖ លោក វេង សាខុន​ រដ្ឋមន្ត្រីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់ និងនេសាទ ទើបនឹងបានសម្រេចបង្កើតស្ថាប័នថ្មីមួយបន្ថែមទៀត គឺ «លេខាធិការដ្ឋានអចិន្ត្រៃយ៍ថ្នាក់ជាតិ បង្ការ ទប់ស្កាត់ និងបង្ក្រាបការកាប់ ការដឹកជញ្ជូន ការប្រមូល ការស្តុកទុក និងការនាំចេញឈើគ្រញូង»។ លោករដ្ឋមន្ត្រីថា ការបង្កើតលេខាធិការដ្ឋាននេះឡើង ដើម្បីទប់ស្កាត់ការកាប់បំផ្លាញ និងការជួញដូរឈើគ្រញូង ដែលជាប្រភេទឈើកម្រនៅក្នុងប្រទេសកម្ពុជាឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។

ថ្លែងប្រាប់ Fresh News នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩នេះ លោក វេង សាខុន បានលើកឡើងថា ការបង្កើតលេខាធិការដ្ឋានអចិន្ត្រៃយ៍ថ្នាក់ជាតិ ដើម្បីបង្ក្រាបការកាប់ឈើគ្រញូង ដោយសារឈើនេះ ជាសម្បត្តិដ៏កម្រមួយរបស់ប្រទេសកម្ពុជា។ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ដូច្នេះ «ការបង្កើតលេខាធិការដ្ឋានអចិន្ត្រៃយ៍ថ្នាក់ជាតិនេះ គឺដើម្បីអនុវត្តន៍បទបញ្ជារបស់រាជរដ្ឋាភិបាល ដែលបានចេញកាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០១៣។ ការបង្ក្រាបបទល្មើសព្រៃឈើមានជាបន្តបន្ទាប់មកហើយ តែយើងចង់បង្កើនប្រសិទ្ធភាពបន្ថែមទៀត លើការបង្ក្រាបបទល្មើសឈើគ្រញូង ដែលជាប្រភេទឈើកម្រនៅក្នុងប្រទេសរបស់យើង»

លោករដ្ឋមន្ត្រី បានអះអាងបន្ថែមថា ក្រុមការងារនៃលេខាធិការដ្ឋាននេះ មិនមែនធ្វើការតែលើបទល្មើសឈើគ្រញូងមួយមុខទេ គឺអាចធ្វើការងារលើបទល្មើសឈើដទៃទៀតផងដែរ។

ឆ្លើយតបសំណួរថា តើស្ថាប័នថ្មីនេះនឹងអាចបង្ក្រាប់ទប់ស្កាត់បទល្មើសឈើក្រញូងបានកម្រិតណានោះ? លោក វេង សាខុន មិនទាន់អាចបញ្ជាក់បានទេ ដោយលោកគូសបញ្ជាក់ថា បទល្មើសជួញដូរឈើប្រណិត រួមទាំងឈើក្រញូងមានបញ្ហាស្មុគស្មាញ ឈ្មួញមានល្បិចកិច្ចកលច្រើន។ តែទោះជាយ៉ាងណា លោក វេង សាខុន បានប្តេជ្ញាប្រឹងប្រែងទប់ស្កាត់បទល្មើសឈើក្រញូង ក៏ដូចជាឈើប្រណិតដទៃទៀត ឲ្យបានខ្លាំងក្លាបំផុត។

សូមបញ្ជាក់ លេខាធិការដ្ឋានអចិន្ត្រៃយ៍ថ្នាក់ជាតិ បង្ការ ទប់ស្កាត់ និងបង្ក្រាបការកាប់ ការដឹកជញ្ជូន ការប្រមូល ការស្តុកទុក និងការនាំចេញឈើគ្រញូងនេះ មានសមាសភាពមកពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ ក្រសួងពាណិជ្ជកម្ម ក្រសួងបរិស្ថាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងអភិបាលរាជធានី ខេត្តផងដែរ៕