(ភ្នំពេញ)៖ ​ជំនួបរវាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងក្រុមអ្នកព័ត៌មាន នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ខាងមុខនេះ អាចនឹងមានលក្ខណៈពិសេសជាងជំនួបពីរឆ្នាំកន្លងទៅ ប្រសិនបើសំណើរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ ទទួលបានការឯកភាពពីសម្តេចតេជោ។ សំណើនោះ គឺសុំឲ្យអ្នកព័ត៌មានបានបញ្ចេញជាមតិ ឬលើកជាយោបល់នៅចំពោះមុខប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជាផ្ទាល់តែម្ដង។

លោក ផុស សុវណ្ណ អ្នកនាំពាក្យក្រសួងព័ត៌មាន តាមរយៈកិច្ចសម្ភាសន៍ជាមួយអង្គភាព Fresh News នៅល្ងាចថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៨នេះ បានឲ្យដឹងថា លោក ខៀវ កាញារីទ្ធ បានធ្វើសំណើមួយដាក់ទៅខុទ្ទកាល័យសម្ដេចតេជោ ហ៊ុន សែន ដើម្បីបើកឱកាសឲ្យអ្នកព័ត៌មាន បានបញ្ចេញមតិយោបល់ក្នុងជំនួបជាមួយសម្ដេចតេជោ និងអ្នកសារព័ត៌មាន។

បើតាមលោក ផុស សុវណ្ណ ការធ្វើសំណើរបស់លោករដ្ឋមន្ដ្រី រហូតមកដល់ពេលនេះមិនទាន់ទទួលបានការឆ្លើយតបយ៉ាងណានោះទេ ពីខាងខុទ្ទកាល័យរបស់សម្ដេចតេជោ ហ៊ុន សែន​។ ប៉ុន្ដែលោកក៏បានបញ្ជាក់ដែរថា ការផ្ដល់ឱកាសនេះ ស្ថិតនៅលើវេលាជាក់ស្ដែងនៅក្នុងកម្មវិធីផ្ទាល់តែម្ដង ហើយប្រសិនបើមានការផ្ដល់ឱកាសពិតមែន គឺត្រឹមតែអ្នកព័ត៌មាន ២ ឬ៣នាក់ប៉ុណ្ណោះ។

អ្នកនាំពាក្យក្រសួងព័ត៌មានរូបនេះ បាន​ឲ្យដឹងថា ជំនួបរវាងសម្តេចតេជោ និងអ្នកព័ត៌មាននៅឆ្នាំនេះ មានអ្នក​ព័ត៌មាន ៤,៦​​០០នាក់ហើយ ដែលបានចុះបញ្ជីសុំកាតចូលរួម។ តែចំនួននេះអាចនឹងមានការកើនឡើង ព្រោះនៅមានអ្នកព័ត៌មានមួយចំនួនទៀត កំពុងធ្វើការស្នើសុំជាបន្ដបន្ទាប់ ប៉ុន្ដែចំនួនដែលក្រសួងកំណត់នោះ គឺក្នុងរង្វង់ត្រឹម ៥,០០០នាក់​ ដោយហេតុថាទីតាំងប្រារព្ធពិធីអាចដាក់អ្នកចូលរួមបានត្រឹម ៥,០០០នាក់ប៉ុណ្ណោះ។

លោក ផុស សុវណ្ណ ក៏បានច្រានចូលនូវការលើកឡើងមួយចំនួនថា មានការរើសអើង ឬរឹតត្បិត ចំពោះអ្នកព័ត៌មាននៅក្នុងជំនួបជាមួយសម្តេចតេជោ។ លោក បានអះអាងថា «វាមិនពិតនោះទេ។ ជំនួបនេះផ្ដល់ឱកាសឲ្យគ្រប់អ្នកព័ត៌មានទាំងអស់​ ដែលមានស្ថាប័នចុះបញ្ជីត្រឹមត្រូវ​នៅក្រសួងព័ត៌មាន ហើយក្នុងនោះ ក៏​ស្ថាប័នព័ត៌មានអន្ដរជាតិ ក៏ត្រូវបានអនុញ្ញាតឲ្យចូលរួមផងដែរ»។

ក្នុងនាមក្រសួងព័ត៌មានដែលជាអាណាព្យាបាលលើស្ថាប័នព័ត៌មាននៅកម្ពុជា លោក ផុស សុវណ្ណ បានមើលឃើញថា ជំនួបរវាងនាយករដ្ឋមន្ត្រី និងអ្នកព័ត៌មាន ជាការបើកចំហរនូវលទ្ធិប្រជាធិបតេយ្យ និងសេរីភាពសារព័ត៌មាននៅកម្ពុជា ពីសំណាក់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ដោយមិនប្រកាន់និន្នាការអ្វីនោះឡើយ។

អ្នកនាំពាក្យរូបនេះ បានមើលឃើញថា វិស័យព័ត៌មាននៅកម្ពុជា កាន់តែរីកចម្រើន និងប្រសើរឡើង ដោយសារតែអ្នកព័ត៌មានទទួលបានការណែនាំ និងកែលម្អមួយចំនួនពីប្រមុខដឹកនាំកំពូលរបស់ប្រទេសផ្ទាល់តែម្ដង៕​