(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩នេះ បានអនុញ្ញាតលោកស្រី Heidi Hautala អនុប្រធានសភាសហភាពអឺរ៉ុប និងលោក George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារទាក់ទងនឹងដំណើរការវិវឌ្ឍន៍វិស័យកសិកម្ម ការគ្រប់គ្រងធនធានព្រៃឈើ និងជាពិសេសការគ្រប់គ្រង និងការប្រើប្រាស់ដីសម្បទានសេដ្ឋកិច្ច។

ក្នុងឱកាសនោះ ក្នុងនាមឲ្យរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមលោករដ្ឋមន្ត្រីផ្ទាល់ លោក វេង សាខុន បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះសហភាពអឺរ៉ុប ដែលបានកំពុង និងបន្តជួយឧបត្ថម្ភទាំងបច្ចេកទេស និងហិរញ្ញវត្ថុ សម្រាប់ការអភិវឌ្ឍន៍ប្រទេសកម្ពុជា ជារួម និងដោយឡែក សម្រាប់ការអភិវឌ្ឍន៍វិស័យកសិកម្ម។

លោករដ្ឋមន្ដ្រីបានលើកឡើងថា ពិតណាស់លទ្ធផលនៃការអភិវឌ្ឍន៍នេះ បានប្រែក្លាយប្រទេសកម្ពុជា ពីប្រទេសក្រីក្រ និងអសន្តិសុខស្បៀង មកជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប ហើយសង្ឃឹម និងជឿជាក់ថា តាមរយៈការអនុវត្តយុទ្ធសាស្រ្ត ចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល នឹងអាចប្រែក្លាយប្រទេសកម្ពុជា ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ នាឆ្នាំ២០៥០។

នាឱកាសនោះផងដែរ ភាគីទាំងពីរក៏បានលើកយកប្រធានបទ ទាក់ទងនឹងវឌ្ឍនភាព នៃដំណើរការអភិវឌ្ឍន៍ និងគ្រប់គ្រងដីសម្បទានសេដ្ឋកិច្ច ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ការគ្រប់គ្រងធនធាន ព្រៃឈើ ការដាំដុះព្រៃឈើឡើងវិញ និងការអភិវឌ្ឍន៍សហគមន៍ព្រៃឈើ និងសហគមន៍នេសាទផងដែរ ដោយឈរលើស្មារតីសហប្រតិបត្តិការ ក្នុងគោលបំណងអភិវឌ្ឍន៍វិស័យកសិកម្ម ឲ្យមានការរីកចម្រើនទ្វេឡើងថែមទៀត៕