(ភ្នំពេញ​)៖ កិច្ចប្រជុំក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) ដែលជាស្ថាប័នបុត្រសម្ព័ន្ធរបស់ ICAPP (សន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី) នឹងប្រារព្ធធ្វើឡើងជាលើកដំបូងនៅលើទឹកដីសៀមរាបអង្គរជង្រុកវប្បធម៌ និងប្រាង្គប្រាសាទដ៏ល្បាញល្បីរបស់កម្ពុជានៅថ្ងៃទី១៥​ ខែមករា ឆ្នាំ២០១៩សប្តាហ៍ក្រោយនេះ។ ព្រឹត្តិការណ៍ដ៏មានសារៈសំខាន់លើផ្នែកវប្បធម៌នេះ ​ត្រូវបានគេ​រំពឹងថា មានការអញ្ជើញចូលរួមពី​គណៈប្រតិភូ​ប្រទេស​ជា​សមាជិក​របស់​សន្និសីទ​អន្តរជាតិ នៃ​បណ្តា​គណបក្សនយោបាយ​នៅ​អាស៊ី (ICAPP) ប្រមាណ​ ៣០០​រូប​​។​

លោក ឯក ថា អនុប្រធាន​គណៈកម្មកា​រ​ផ្សព្វផ្សាយ និង​សារព័ត៌មាន នៃក្រុមប្រឹក្សា​វប្បធម៌​អាស៊ី បាន​ឲ្យ​ដឹងថា សម្តេច​​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃកម្ពុជា នឹងអញ្ជើញចូលរួម​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​​បើកកិច្ចប្រជុំ​នេះជា​ផ្លូវការ នៅ​ថ្ងៃទី​១៥ ខែមករា នៅ​ទី​លានជល់ដំរី ស្ថិតក្នុង​រមណីយដ្ឋាន​អង្គរ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីឥស្សរជន​ជាន់ខ្ពស់​សំខាន់ៗ មានដូចជារដ្ឋមន្ត្រីក្រសួង​វប្បធម៌​ពី​បណ្តាប្រទេសក្នុង​តំបន់ និង​ឥស្សរជន​ដទៃទៀត​ជា​សមាជិករបស់ ICAPP​។

បើតាមលោក ឯក ថា ព្រឹត្តិការណ៍នោះ ក៏នឹងមាន​សិល្បករ សិល្បៈការិនី​ល្បីៗ មកពី​ជាង ​១០​ប្រទេស ​សម្តែង​សិល្បៈ ដើម្បី​ស្វាគមន៍​ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី ដែលមាន​ការិយាល័យ​នៅ​កម្ពុជា​ផងដែរ​។​

សូមបញ្ជាក់ថា «ក្រុមប្រឹក្សាវប្បធម៌អាស៊ី» ត្រូវបានប្តូរឈ្មោះមកពី «ក្រុមប្រឹក្សាវប្បធម៌ ICAPP» នៅក្នុងសម័យប្រជុំលើកទី២៨ នៃគណៈកម្មាធិការអចិន្ត្រៃយ៍ ICAPP កាលពីខែកក្កដា ឆ្នាំ២០១៧ ដើម្បីពង្រីកវិសាលភាពនៃការងារឲ្យកាន់តែទូលំទូលាយ​ និងបើកចំហរ។ ក្រុមប្រឹក្សាវប្បធម៌អាស៊ី ត្រូវបានបង្កើតឡើង តាម​គំនិត​ផ្តួចផ្តើម​របស់​ប្រទេស​កម្ពុជា ចិន នេ​ប៉ាល់ និង​រុស្ស៉ី ហើយ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​ដ៏​គួរឱ្យ​កោតសរសើរ​នេះ គឺជា​ប្រវត្តិសាស្ត្រ​សម្រាប់ ICAPP និង​បណ្តា​គណបក្សនយោបាយ​នៅ​អាស៊ី​។​

ប្រទេស​កម្ពុជា ចិន នេ​ប៉ាល់ និង​រុស្ស៉ី ត្រូវបាន​ប្រគល់​តួនាទី​ឱ្យ​រៀបចំ​ឯកសារ​គោលសម្រាប់​ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី ស្របតាម​សេចក្តីសម្រេច​របស់​គណៈ​ក​ម្មា​ធិ​ការ​អចិន្ត្រៃយ៍ ICAPP ដែល​បាន​ធ្វើឡើង​ក្នុង​កិច្ចប្រជុំ លើក​ទី​២៧ នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី នា​ខែកញ្ញា ឆ្នាំ​២០១៦​។​

ក្រុមប្រឹក្សាវប្បធម៌អាស៊ី បានសម្រេចបង្កើតលេខាធិការដ្ឋាននៅក្នុងប្រទេសកម្ពុជា ហើយសម្រេចជ្រើសរើសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាប្រធានស្ថាបនិកកិត្តិយស, លោកស្រី ឃួន សុដារី ជាប្រធាន និងលោក សួស យ៉ារ៉ា ជាអគ្គនាយក។

លោក ឯក ថា បានអះអាងថា ការបង្កើតឡើងនូវក្រុមប្រឹក្សាវប្បធម៌អាស៊ី ​ដើម្បី​លើកកម្ពស់​ការយល់ដឹង​ពីគ្នា​ទៅវិញទៅមក​ និង​ការផ្លាស់ប្តូរ​វប្បធម៌​ក្នុងចំណោម​បណ្តា​ប្រទេស​ជា​សមាជិក លើកកម្ពស់​សាមគ្គីភាព​ក្នុង​ភាព​សម្បូរបែប លើកកម្ពស់សម្បត្តិ​វប្បធម៌​ជា​ប្រភព​នៃ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​កិច្ចសហការ​អន្តរជាតិ និង​ការផ្សារភ្ជាប់​អារ្យធម៌ និង​កសាង​នូវ​ទ្វីបអាស៊ី​មួយ​ប្រកបដោយ​ភាព​សុ​ខុ​ដុម​។

ការណ៍ដែល​កម្ពុជាត្រូវបាន​បោះឆ្នោត​ជ្រើសតាំង​ជា​ប្រធាន​ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី ​មិនមែនជា​រឿង​ដែល​កើតឡើង​ដោយ​ចៃដន្យ​នោះទេ។ ប៉ុន្តែ​វា​ជា​ប្រវត្តិ​ជោគជ័យ​នៃ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​របស់រ​កម្ពុជា តាមរយៈអាយ​ស៊ី​ស៊ី​-​អង្គរ ចាប់តាំងពី​ឆ្នាំ​១៩៩២ មក ក្នុង​វិស័យ​វប្បធម៌ ដោយមាន​សម្បត្តិ​វប្បធម៌​កម្ពុជា​ចំនួន​០៥ ផ្សេងទៀត​ត្រូវបាន​ចុះ​ក្នុង​បញ្ជី​បេ​តិក​ភ័​ណ្ឌ​វប្បធម៌​អរូបី​យ៍​។​

​​អង្គការ​យូណេស្កូ បានទទួលស្គាល់ថា «ក្រុមប្រឹក្សាវប្បធម៌អាស៊ី» ជា​ដៃគូសហប្រតិបត្តិការដ៏ល្អមួយលើកិច្ចការវប្បធម៌។ ​ក្រុមប្រឹក្សាវប្បធម៌អាស៊ី រំពឹងថា នឹងចេញសេចក្តីថ្លែងការណ៍សៀមរាបមួយទាក់ទងការងាររបស់ខ្លួន បន្ទាប់ពីកិច្ចពិភាក្សាតុមូលទាំង០៤ ក្នុងអំឡុងពេលនៃព្រឹត្តិការណ៍នាសប្តាហ៍ក្រោយនេះ៕