(ភ្នំពេញ)៖ គណៈប្រតិភូនាវាកងទ័ពជើងទឹក នៃកងទ័ពរំដោះប្រជាជនចិន មានមនុស្ស៦៩៥នាក់ ដឹកនាំដោយឧត្តមសេនីយ៍ទោ Xu Hai Han នាយរងសេនាធិការ​ កងនាវាតំបន់សមុទ្រខាងជើង នៃកងទ័ពរំដោះប្រជាជនចិន បានមកដល់ប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩នេះ ដើម្បីបំពេញទស្សនកិច្ចរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី០៩ ដល់១២ ខែមករា ឆ្នាំ២០១៩។

នាយឧត្តមសេនីយ៍ ឈុំ​ សុជាត អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានឲ្យដឹងថា ទស្សនកិច្ចរបស់កងទ័ពចិននេះ ត្រូវបានធ្វើឡើងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការល្អ ជាមួយកងទ័ពជើងទឹករបស់ប្រទេសកម្ពុជា។

Facebook របស់នាយឧត្តមសេនីយ៍ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ទស្សនកិច្ចគណៈប្រតិភូនាវាកងទ័ពជើងទឹកនេះ ធ្វើឡើងដើម្បីរឹតចំណងមិត្តភាព និងពង្រឹងកិច្ចសហប្រតិបត្តិការ រវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន និយាយជារួម និងនិយាយដោយឡែក គឺពង្រឹកកិច្ចសហប្រតិបត្តិការល្អជាមួយ កងទ័ពជើងទឹករបស់ព្រះរាជាណាចក្រកម្ពុជា»

អំឡុងបំពេញទស្សនកិច្ចពីថ្ងៃទី០៩ ដល់១២ ខែមករា ឆ្នាំ២០១៩ គណៈប្រតិភូដឹកនាំដោយឧត្តមសេនីយ៍ទោ Xu Hai Han នឹងចូលជួបសម្តែងការគួរសមជាមួយលោក​​​ យន្ត មីន អភិបាលខេត្តព្រះសីហនុ, ឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការ បញ្ជាការដ្ឋានមូលដ្ឋានសមុទ្ររាម, នាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងទឹក, នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងចូលជួបសម្តែងការគួរសម សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិផងដែរ។

នាយឧត្តមសេនីយ៍ ឈុំ​ សុជាត បានឲ្យដឹងទៀតថា ក្រៅពីនោះ ក៏មានកម្មវិធីមួយចំនួនទៀតដូចជា ទស្សនាផ្សាររួចពន្ធ Naga World, ទស្សនកិច្ចនៅព្រះបរមរាជវាំង ទស្សនាសារមន្ទីរជាតិ វត្តភ្នំ និងផ្សារទំនើបនៅកម្ពុជាថែមទៀត។

បើតាមនាយឧត្តមសេនីយ៍ អ្នកនាំពាក្យ, នេះគឺជាលើកទី១ហើយសម្រាប់ឆ្នាំ២០១៩នេះ ដែលគណៈប្រតិភូនាវាកងទ័ពជើងទឹក នៃកងទ័ពរំដោះប្រជាជនចិន បានមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា និងជាលើកទី៩ផងដែរ សម្រាប់ទស្សនកិច្ចគណៈប្រតិភូនាវាកងទ័ពជើងទឹក នៃកងទ័ពរំដោះប្រជាជនចិននៅកម្ពុជា។ គិតរហូតមដល់ដើមឆ្នាំ២០១៩នេះ មាននាវាកងទ័ពជើងទឹក នៃកងទ័ពរំដោះប្រជាជនចិន ចំនួន១៧គ្រឿងហើយ បានមកបំពេញទស្សនកិច្ច ​នៅប្រទេសកម្ពុជា៕