(ព្រះសីហនុ)៖ កម្លាំងនគរបាលព្រហ្មទណ្ឌ ខេត្តព្រះសីហនុ បានធ្វើការល្បាតពួនស្ទាក់ រហូតឃាត់ខ្លួនបានជនសង្ស័យចំនួន២នាក់ កំពុងជិះម៉ូតូ ដែលសង្ស័យជាប់ពាក់ព័ន្ធករណីលួច មានស្ថានទម្ងន់ទោស (ឆក់) និងជួញដូរគ្រឿងញៀន នាវេលាម៉ោង៤ទៀបភ្លឺថ្ងៃទី០២ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅចំណុចផ្លូវ៥០២ ក្រុមទី១៤ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។

មន្ដ្រីនគរបាលខេត្ត បា​នឲ្យដឹងថា ជនសង្ស័យទាំង២នាក់ រួមមាន ទី១៖ ឈ្មោះ សៅ តុលា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិអូរចំណារ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ( អ្នកបើកម៉ូតូ) និងទី២៖ ឈ្មោះ ឡាត ផានិត ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅពិតប្រាកដ។

ក្នុងនោះ ដកហូតបានវត្ថុតាងរួមមាន៖ កាបូបស្ពាយ១, កាបូបកាន់ដៃ ពណ៌ខ្មៅ១, កាតធនាគារ២០សន្លឹក, ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន១គ្រឿង, គ្រឿងញៀន១៥កញ្ចប់ (ខ្នាតតូច១០កញ្ចប់, ខ្នាតកណ្តាល៤កញ្ចប់ និង១ កញ្ចប់ខ្នាតធំ), ទូរស័ព្ទម៉ាកអាយហ្វូន៦Plus ១គ្រឿង, កាបិតដែកកែច្នៃ ដងមានច្រវ៉ាក់១ ម៉ូតូម៉ាកសេ១២៥ ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ១គ្រឿង ពាក់ស្លាកលេខ ព្រះសីហនុ1G-2457។

សូមបញ្ជាក់ថា ចំពោករណីខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញបានប្រគល់ ទៅឲ្យការិយាល័យប្រឆាំងគ្រឿងញៀន បន្តនីតិវិធីទៅសាលាដំបូងខេត្ត៕