(ភ្នំពេញ)៖ ស្ត្រី៣នាក់​រស់នៅ ខេត្តបន្ទាយមានជ័យ បានសុំអន្តរាគមន៍ទៅឧបនាយករដ្ឋមន្ដ្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង​សំណង់ ករណីក្រុមហ៊ុន «បុរី រស្មីដួងច័ន្ទ» ពុំបានធ្វើការផ្ទេរសិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី-ផ្ទះ និង​ពុំបានចេញសន្លឹកប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុឲ្យមកអ្នកទិញផ្ទះ និងមិន​សាងសង់ផ្ទះឲ្យ​រួចរាល់ជាស្ថាពរ តាមកិច្ចព្រមព្រៀងលក់ទិញនោះឡើយ។

ស្ត្រីទាំង៣នាក់ បានចោទប្រកាន់ថា ការរកស៊ីបោកប្រាស់ធ្វើឡើងដោយក្រុមហ៊ុន «បុរី រស្មីដួងច័ន្ទ» តាមរូបភាពខាងលើនេះ ជាហេតុធ្វើឲ្យប៉ះពាល់ ផលប្រយោជន៍ និង​បាត់បង់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់។

ក្រៅពីស្ត្រីទាំង៣នាក់នេះ ក៏នៅមានអតិថិជនជាច្រើនទៀត ដែលទិញផ្ទះនៅបុរីរស្មីដួងច័ន្ទនេះ បានជួបប្រទះដូចករណីខាងលើនេះដែរ គ្រាន់តែមិនទាន់ហ៊ានចេញមុខមកតវ៉ានៅឡើយ។ តាមពាក្យបណ្តឹងរបស់ស្ត្រីឈ្មោះ ណុប ណាវី ឈ្មោះ ឡាយ គន្ធី និង​ឈ្មោះ ឈឹម សាមិត ប្តឹងអន្តរាគមន៍ទៅលោក ជា សុផារ៉ា កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩ ចំពោះក្រុមហ៊ុន «បុរី រស្មីដួងច័ន្ទ» មានទីតាំងស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។

ក្នុងពាក្យបណ្តឹងបានបញ្ជាក់ថា ឈ្មោះ ណុប ណាវី បានទិញផ្ទះចំនួន​៤​មានលេខ K13, K14, I35 និង I36 ពីក្រុមហ៊ុន «បុរី រស្មីដួងច័ន្ទ»​។ ចំពោះផ្ទះលេខ K13 និង K14 មានកិច្ចព្រមព្រៀង ទិញ លក់ផ្ទះ ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦​។ ចំពោះផ្ទះទាំងពីរខាងលើនេះ ខ្លួនបានបង់ប្រាក់គ្រប់ចំនួន​១០០% ស្មើនឹងចំនួន​១២៩,៥៩៨ ដុល្លារ​។​

បើតាមកិច្ចព្រមព្រៀងទិញលក់នេះ ក្រុមហ៊ុន «បុរី រស្មីដួងច័ន្ទ» ត្រូវសាងសង់ឲ្យបានចប់សព្វគ្រប់ ក្នុងអំឡុងពេល​១ឆ្នាំ គិតចាប់ពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦​។ ដោយមូលហេតុក្រុមហ៊ុនសាងសង់ផ្ទះ ឲ្យមានការយឺតយ៉ាវខ្លាំងពេក ទើបខ្លួនបានស្នើសុំកាត់កងប្រាក់ជាមួយក្រុមហ៊ុន ដើម្បីយកផ្ទះ​នេះ​មកសាងសង់បន្ថែម ដោយខ្លួនឯង ដូចនេះហើយទើបសព្វថ្ងៃផ្ទះរបស់ខ្លួន បានសាងសង់រួចរាល់ជាស្ថាពរ ប៉ុន្តែ​ក្រុមហ៊ុនពុំព្រមធ្វើការផ្ទេរសិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី ផ្ទះ និងពុំព្រមចេញសន្លឹកប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុឲ្យ​ឡើយ ដោយសន្យាថា​ថ្ងៃនេះ ថ្ងៃនោះជារៀងរហូតមកដល់ពេលនេះ។

ចំពោះផ្ទះលេខ I35 និង I36 មានកិច្ចព្រមព្រៀងទិញលក់ផ្ទះ ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៦​។​ គិតដល់ពេលនេះ ជនរងគ្រោះបានបង់ប្រាក់គ្រប់អស់ចំនួន​៩៤,៣១១.៤៩​ដុល្លារ គឺសល់តែចំនួន ៣៥,២៨៦.៥១​ដុល្លារ ហើយតាមកិច្ចព្រមព្រៀងទិញលក់នេះ ក្រុមហ៊ុន បុរី រស្មីដួងច័ន្ទ ត្រូវសាងសង់ឲ្យចប់សព្វគ្រប់ក្នុងអំឡុងពេល​១ឆ្នាំ គិតចាប់ពីថ្ងៃទី​១១ ខែមិនា ឆ្នាំ២០១៦​។​

ដូច្នេះ​ផ្ទះលេខ I35, I36 ក្រុមហ៊ុនត្រូវសាងសង់ឲ្យបានរួចរាល់ជាស្ថាពរនៅត្រឹមថ្ងៃទី១១ ខែមិនា ឆ្នាំ២០១៧​ប៉ុន្តែ រហូតមកដល់ពេលនេះ គឺលើសរហូតដល់រយៈពេល​១៩ខែ​ទៅហើយ ក្រុមហ៊ុននៅតែមិនទាន់បានសាងសង់រួចរាល់ទេ ហើយក្រុមហ៊ុន​ពុំព្រមធ្វើការផ្ទេរសិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លីផ្ទះ និងមិនព្រមចេញសន្លឹកប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុឡើយ មិនត្រឹមតែប៉ុណ្ណោះ នៅចុងខែកក្កដា ឆ្នាំ២០១៨ ភាគីខាងក្រុមហ៊ុន បានបង្ខំឲ្យខ្លួនផ្តិតមេដៃ ធ្វើកិច្ចព្រមព្រៀងទិញលក់ថ្មីជាមួយក្រុមហ៊ុន ដោយបានប្រាប់ថា ពេលផ្តិតមេដៃលើកិច្ចព្រមព្រៀងថ្មីរួចហើយ ទើបកាត់ឈ្មោះឲ្យនូវផ្ទះទាំង៤នោះតែម្តង ដោយក្រុមហ៊ុនតម្រូវឲ្យបង់ប្រាក់បន្ថែម សូម្បីតែដីចិញ្ចើមផ្លូវខាងមុខផ្ទះ ក៏ក្រុមហ៊ុនតម្រូវឲ្យបង់ថ្លៃទិញដីនេះដែរ។

ដោយជឿតាមការអះអាង និងការលួងលោមរបស់ក្រុមហ៊ុន ទើបជនរងគ្រោះបានផ្តិតមេដៃលើកិច្ចព្រមព្រៀងថ្មីនោះ។ ប៉ុន្តែរហូតមកដល់ពេលនេះ ភាគីក្រុមហ៊ុន មិនទាន់បានប្រគល់កិច្ចព្រមព្រៀង ថ្មីនោះឲ្យមក​ទេ ដោយយកលេសថា មេធាវីរបស់ក្រុមហ៊ុននៅឯភ្នំពេញ មិនទាន់បានបោះត្រាលើកិច្ចព្រមព្រៀងថ្មីនេះ ដូច្នេះ​ជនរងគ្រោះមិនដឹងថា មានលក្ខខណ្ឌអ្វីខ្លះនៅក្នុងកិច្ចព្រមព្រៀង ថ្មីនោះទេ។

ស្រាប់តែ​នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៨​កន្លងទៅនេះ ជនរងគ្រោះបានយកប្រាក់ចំនួន​២០,០០០​ដុល្លារ ទៅប្រគល់ឲ្យភាគីតំណាងក្រុមហ៊ុន ស្រាប់តែពួកគេ មិនព្រមទទួលយក ដោយតម្រូវឲ្យបង់ប្រាក់ ពិន័យរហូតដល់ចំនួនជាង​១៣,០០០​ដុល្លារ​បន្ថែមទៀត​។ ជនរងគ្រោះមិនដឹងថា ជាប្រាក់ពិន័យរឿងអ្វីនោះទេ ដោយហេតុថា ​ពុំមានកិច្ចព្រមព្រៀងថ្មីនោះនៅក្នុងដៃនៅឡើយ​​។

យោងតាមឯកសារជាច្រើន ម្ចាស់បណ្តឹងបញ្ជាក់ថា ក្រុមហ៊ុន «បុរី រស្មីដួងច័ន្ទ» សាងសង់ផ្ទះមានការយឺតយ៉ាវខ្លាំងពេក ហើយយពុំបានធ្វើការផ្ទេរសិទ្ធិកាន់កាប់ ប្រើប្រាស់ដីធ្លី-ផ្ទះ ​និង​ពុំបានចេញសន្លឹកប័ណ្ណសម្គាល់សិទ្ធិកាន់កាប់​អចលនវត្ថុឲ្យមកភាគីអ្នកទិញ ទើបអ្នកទិញបានធ្វើការស៊ើបសួរមន្ត្រីជំនាញ នៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម និង​សំណង់ ខេត្តបន្ទាយមានជ័យ បានទទួលព័ត៌មានថា ក្រុមហ៊ុន «បុរី រស្មី ដួងច័ន្ទ» ធ្វើការសាងសង់ ពុំមានច្បាប់អនុញ្ញាតនោះទេ ដែលមិនអាចធ្លាក់ការផ្ទេរសិទ្ធិ ឬ​កាត់ឈ្មោះ​ជូនអ្នកទិញបានឡើយ។

យ៉ាងណាក៏ដោយអង្គភាព Fresh News នឹងរង់ចាំការបំភ្លឺពីខាងភាគី «បុរី រស្មីដួងច័ន្ទ» ពាក់ព័ន្ធនឹងការលើកឡើងរបស់អតិថិជនទាំង៣រូប រហូតដល់សុំកិច្ចអន្ដរាគមន៍ពីឧបនាយករដ្ឋមន្ដ្រី ជា សុផារ៉ា រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់៕​