(សៀមរាប) ៖ លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានអនុញ្ញាតឲ្យបណ្ដាថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរក្រុង សមាគមមេធាវី មន្ទីរទេព្យកុមារអង្គរ សាកលវិទ្យាធិការ នាយកសាលា និងវិស័យឯកជន ចូលជួបសម្តែងការគួសម ជូនពរ និងសំណេះសំណាល ក្នុងឱកាសចូលឆ្នាំសកល ២០១៩ នៅសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០១៩។

នាក្នុងឱកាសនោះ លោកអភិបាលខេត្ត បានកោតសរសើរ និងថ្លែងអំណរគុណ ចំពោះថ្នាក់ដឹកនាំ មន្ត្រី រាជការតាមមន្ទីរ អង្គភាព ស្ថាប័ន រួមនិងដៃគូរ ទាំងវិស័យឯកជនពាក់ព័ន្ធទាំងអស់ ដែលតែងតែបានសហការណ៍ ឧបត្ថម្ភគាំទ្រ ទាំងកម្លាំងកាយ កម្លាំងចិត្ត កម្លាំងប្រាជ្ញា និងធនធាន ដើម្បីចូលរួមចំណែក ចំពោះការអភិបាលកិច្ច រួមនិងកិច្ចការសង្គមនានា សម្រាប់ការអភិវឌ្ឍនៅថ្នាក់ខេត្ត រហូតដល់ថ្នាក់មូលដ្ឋានផងដែរ។

លោកថា គ្រប់ភាគីពាក់ព័ន្ធទាំងអស់ បានរួមគ្នាធ្វើឲ្យខេត្តសៀមរាប ដែលជាខេត្តសម្បូរទៅដោយ មហាប្រាង្គប្រាសាទ និងជាសម្បត្តិវប្បធម៌ ប្រវត្តិសាស្ត្រ និងបេតិកភណ្ឌពិភពលោក ប្រែក្លាយទៅជាគោលទេសចរណ៍ដ៏ទាក់ទាញមួយ សម្រាប់ភ្ញៀវទេសចរ ពីគ្រប់ទិសទី នៅក្នុងពិភពលោក មកទស្សនាកម្សាន្ត។

លោកបានគូសបញ្ជាក់ថា រាល់កត្តារីកចម្រើនទាំងអស់នេះ គឺក្រោមគោលនយោបាយឈ្នះ-ឈ្នះ និងប្រកបដោយឆន្ទៈខ្ពស់ របស់រាជរដ្ឋាភិបាលកម្ពុជា បានធ្វើប្រជាពលរដ្ឋខ្មែរ រស់នៅក្រោមដំបូលសុខសន្តិភាព ក្រោមកិច្ចដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចតេជោ ហ៊ុន សែន។ ម៉្យាងទៀត ខេត្តសៀមរាប មានការអភិវឌ្ឍរីកចម្រើនទៅបាន ក៏ដោយមានការចូលរួម ពីរៀមច្បងជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព ស្ថាប័ន វិស័យឯកជន និងដៃគូរអភិវឌ្ឍន៍នានា ផងដែរ។

ក្នុងនោះផងដែរ លោកអភិបាលខេត្ត បានសុំឲ្យគ្រប់មន្ទីរ អង្គភាព ស្ថាប័ន និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ សូមបន្តរក្សាឲ្យបាននូវប្រពៃណីកិច្ចសហការល្អ សាមគ្គីគ្នាក្នុងមហាគ្រួសារខ្មែរតែមួយ ដើមី្បឲ្យខេត្តសៀមរាប ក៏ដូចប្រទេសជាតិ ទាំងមូល មានការរីកចម្រើន ដូចបណ្តាប្រទេសជឿនលឿននៅក្នុងតំបន់ និងពិភពលោក ផងដែរ ដោយបន្តពង្រីក និងពង្រឹងសមត្ថភាព ធនធានមនុស្ស ហើយបញ្ចេញឲ្យអស់នូវប្រាជ្ញា ស្មារតី ដើម្បីបំពេញតាមតួនាទី ភារកិច្ចរបស់ខ្លួន ប្រកបដោយការទទួលខុសត្រូវ ជាមួយនិងគុណភាព ប្រសិទ្ធិភាព និងតម្លាភាពខ្ពស់៕