(កណ្តាល)៖ ដោយសារស្ថានភាពនៃអគារសិក្សា ក្នុងសាលាបឋមសិក្សាស្វាយរមៀត មានសភាពកាន់ចាស់ទ្រុឌទ្រោម ព្រោះអាយុកាលនៃអគារទាំងនោះច្រើនឆ្នាំណាស់ហើយ និងព្រួយបារម្ភសុវត្ថិភាព របស់សិស្សានុសិស្សតូចៗផង សហគមន៍ឃុំស្វាយរមៀត ដោយមានការដឹកនាំពី ព្រះចៅអធិការវត្តស្វាយរមៀត ព្រះនាម លឿង សារៀន បានផ្ដួចផ្ដើមកសាងអគារសិក្សាថ្មី កម្ពស់២ជាន់ មាន១២បន្ទប់។

ពិធីបញ្ចុះបឋមសីលានេះ បានធ្វើឡើងនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩ នៅក្នុងបរិវេណសាលាបឋមសិក្សាស្វាយរមៀត ស្ថិតក្នុងភូមិព្រែកតាបែន ឃុំស្វាយរមៀត ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ដោយមានការចូលរួមពីក្រុមប្រឹក្សាឃុំ លោកគ្រូអ្នកគ្រូ ប្រជាពលរដ្ឋ និងសិស្សានុសិស្សយ៉ាងច្រើនកុះករផងដែរ។

ព្រះតេជគុណ លឿង សារៀន មានសង្ឃដីកាថា អគារសិក្សាថ្មីនេះ សាងសង់ក្រោមថវិកានៃសប្បុរសជន ជិតឆ្ងាយដែលជាអតីតសិស្ស មាតាបិតាសិស្ស ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលជាកម្លាំងមហាសាមគ្គី ព្រមទាំងសប្បុរសជនក្នុងមូលដ្ឋាន បានរួមគ្នាជួយតាមផ្នែកនីមួយៗ ដើម្បីរួមផ្សំឲ្យអគារថ្មីនេះ នឹងលេចចេញរូបរាង ដោយខ្លះជួយផ្នែកគ្រឹះ ខ្លះជួយផ្នែកសរសរ ខ្លះជួយជាឥដ្ឋ ខ្លះជួយជាដែកស៉ីម៉ង់ត៍ និងខ្លះទៀត ជួយចេញបង្អួចទ្វារនៃអគារ។

ក្នុងនាមគណៈកម្មការសាងសង់អគារ ព្រះតេជគុណចៅអធិការ សូមអំពាវដល់សប្បុរសជនទាំងអស់ មេត្តារួមចំណែកជួយកសាងអគារថ្មីនេះ ព្រោះកំពុងខ្វះខាតថវិកាសាងសង់ ដើម្បីឲ្យអគារនេះ ក្លាយជាប្រយោជន៍ដល់កុមារាកុមារី ក្នុងមូលដ្ឋានឃុំស្វាយរមៀត បានសិក្សាប្រកបដោយគ្មានភាពភ័យខ្លាចអគារចាស់ បាក់សង្កត់លើតទៅទៀត៕