(ភ្នំពេញ)៖ បន្ទាប់ពីទទួលបានជោគជ័យនៅប្រទេសសិង្ហបុរី កម្មវិធី (Application) TADA ដែលជា​កម្មវិធីផ្តល់សេវាកម្ម ហៅតាក់ស៊ីអនឡាញ លើគំរូអាជីវកម្ម មិនរកប្រាក់ចំណេញ​ ដោយមិន​គិតថ្លៃកំមុយស្យុងពីអ្នកបើកបរ បានបើកដំណើរការជាផ្លូវការ នៅភ្នំពេញចាប់ពីថ្ងៃទី១៩ ខែ​ធ្នូ ឆ្នាំ២០១៨នេះតទៅហើយ ដើម្បីជួយដល់អ្នកបើកបរតាក់ស៊ីបែបប្រពៃណីខ្មែរ។

App TADA បានទទួលជោគជ័យក្នុងការផ្តល់ឥទ្ធិពលវិជ្ជមាន ដល់អ្នកបើកបរតាក់ស៊ីនៅ សឹង្ហបុរីរហូតដល់​២៧,០០០នាក់ មុនពេលមកប្រតិបត្តិការ នៅរាជធានី​ភ្នំពេញ ដែលជាទីផ្សារ​ទី២ ក្នុងតំបន់អាស៊ីអាគ្នេយ៍ យោងតាមគម្រោងអភិវឌ្ឍន៍សកល។ TADA នឹងផ្តល់​អត្ថប្រយោជន៍ដូចគ្នានេះ ដល់អ្នកបើកបរតាក់ស៊ីចំនួន​១,០០០​នាក់ នៅភ្នំពេញឲ្យទទួល បានប្រាក់ចំណូល​១០០ភាគរយ ពីអតិថិជនរាល់ការជិះ ព្រោះ TADA មិនគិតថ្លៃកំមុយស្យុង ពីអ្នកបើកបរឡើយ។

អ្វីដែលជាលក្ខណៈពិសេសបែ្លករបស់ TADA ពីកម្មវិធីផ្តល់សេវាកម្មហៅតាក់ស៊ី និង​​មធ្យោបាយធ្វើដំណើរសាធារណៈផ្សេងៗ ដែលមានរួចមកហើយនោះ គឺ​ការផ្តល់ឲ្យអ្នកបើកបរ តាក់ស៊ីនូវការភា្ជប់អតិថិជន ដោយមិនគិតថ្លៃសេវាទាល់តែសោះនូវរាល់ការជិះ។ ជាពិសេស TADA តែងត្រៀមខ្លួនក្នុងការរួមសហការ យ៉ាងមុតមាំ​ជាមួយតាក់ស៊ីដែលមានស្រាប់នៅ​កម្ពុជា​។ តាមរយៈការប្រើប្រាស់កម្មវិធីនេះ ប្រជាពលរដ្ឋខ្មែរនឹងអាចបង្កើនចំណូល និងលើកតំកើនជីវភាពប្រចាំថ្ងៃរបស់ខ្លួន បានមួយកំរិតទៀតផងដែរ។

​នៅខែធ្នូ ឆ្នាំ២០១៨​ Choice Taxi និងTADA បានចុះកិច្ចព្រមព្រៀងរួមសហការនឹងគ្នា ដូច្នេះអ្នកបើកបរតាក់ស៊ី Choice Taxi អាចប្រើកម្មវិធី TADA ក្នុងកិច្ចការងាររបស់​លោកអ្នក ដោយមិនបាច់បង់លើថ្លៃសេវាអ្វីទាំងអស់។ ដូចគ្នាចំពោះអ្នកបើកបរតាក់ស៊ីដទៃក្រៅពី Choice Taxi ក្រុមការងារ TADA ក៏នៅរង់ចាំ​ការចុះឈ្មោះជាដៃគូ ដោយយោងតាមគម្រោងសហការ មិនយកថ្លៃកំមុយស្យុងនេះដដែល។

និយាយឲ្យខ្លីទៅ TADA មិនមែនជាគូប្រជែងរបស់តាក់ស៊ីដែលមានស្រាប់ទេ តែជាដៃគូ​នឹងគ្នាក្នុងការអភិវឌ្ឍសមត្ថភាពការងារដោយប្រើបច្ចេកវិទ្យា។​ «ការផ្តល់ឲ្យ» គឺជាគោល តម្លៃនៃការធ្វើការកន្លងមក និងការងារនាពេលអនាគតរបស់ TADA និង MVLchain ដែលជាក្រុមអ្នកស្ថាបនា TADA ដែលមានលោក ខេ វូ ជាស្ថាបនិក។ យោងតាមគោលតម្លៃ​នេះ លោក និងTADAទាំងមូលជឿថា ពួកគាត់នឹងផ្តល់សេវាកម្មដ៏ល្អ និងប្រយោជន៍ដល់ការ​រីកចម្រើនរបស់សង្គមជាមិន​ខាន៕