(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨នេះ បានផ្ញើសារជូនពរកងកម្លាំងនគរបាលជាតិនៅទូទាំងប្រទេស ​នាឱកាសឆ្នាំថ្មី ឆ្នាំ២០១៩ និងសូមឲ្យនាយ នាយរង និងមន្ដ្រីនគរបាលទាំងអស់ ព្រមទាំងក្រុមគ្រួសារ មានសុខភាពល្អ សម្រេចបាននូវគ្រប់ភារកិច្ចក្នុងជីវភាពរស់នៅ ព្រមទាំងមានសុខដុមរមនា ប្រាជ្ញាភ្លឺថ្លា ដើម្បីកសាងជាតិ និងសង្គម។

នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បានបញ្ជាក់ទៀតថា ពិតមែនឆ្នាំចាស់បានកន្លងផុតទៅ ឆ្នាំថ្មីឈានចូលមកដល់ នាយឧត្តមសេនីយ៍សង្ឃឹមថា នាយ នាយរង និងមន្ដ្រីនគរបាលជាតិទាំងអស់ ពិតជាមានមោទនភាពចំពោះភាពជោគជ័យ ក្នុងអាជីពរបស់ខ្លួន ដែលបានឆ្លងកាត់រយៈពេលមួយឆ្នាំកន្លងមកនេះ ហើយក៏ទទួលបានបទពិសោធន៍ល្អៗធ្វើជាមូលដ្ឋាន ក្នុងការតម្រង់ទិសឆ្ពោះទៅគោលដៅ ដែលជាឧត្តមប្រយោជន៍សម្រាប់ជាតិ និងមាតុភូមិ។

បើតាមនាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ អ្វីដែលប្រទេសជាតិរបស់យើងមានសុខសន្ដិភាព ស្ថិរភាព និងការអភិវឌ្ឍរីកចម្រើនឥតឈប់ឈរនេះ គឺដោយសារគោលនយោ​បាយឈ្នះឈ្នះ ប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ទើបកម្ពុជាមានមុខមាត់ខ្ពស់ត្រដែតនៅលើឆាកអន្ដរជាតិ៕