(ភ្នំពេញ)៖ ខណៈតម្រូវការកាហ្វេសរីរាង្គនៅកម្ពុជាកំពុងមានការកើនឡើងនោះ កម្ពុជាគ្រោងនាំចូលកាហ្វេប្រភេទអារ៉ាប៊ីកាបន្ថែមពីខេត្តចម្ប៉ាស័ក ប្រទេសឡាវ ប៉ុន្តែកាហ្វេទាំងនោះ ត្រូវតែស្របតាមស្ដង់ដាសរីរាង្គរបស់អង្គការសេដាក (CEDAC) ដែលកំពុងទទួលបានភាពជឿជាក់ ពីសំណាក់អតិថិជនអ្នកនិយមកាហ្វេ និងជាកាហ្វេដែលមានប្រភពច្បាស់លាស់។

បើនិយាយពីខេត្តចម្ប៉ាស័ក (ជាប់ខេត្តស្ទឹងត្រែង ប្រទេសកម្ពុជា), ខេត្តនេះមានរយៈកម្ពស់ដល់ទៅ១,២៩៤ម៉ែត្រ អាកាសធាតុត្រជាក់ ប្រភេទដីនៅទីនោះ ជាដីកំអែភ្នំភ្លើងមានជីវជាតិល្អ ដែលអ្នកជំនាញសេដាកបញ្ជាក់ថា វាអំណោយផលខ្លាំងដល់ដំណាំកាហ្វេ ពិសេសគឺកាហ្វេអារ៉ាប៊ីកានេះតែម្ដង។

គួរបញ្ជាក់ថា កាហ្វេដែលលោកអ្នកបរិភោគរាល់ថ្ងៃមានពីរប្រភេទ គឺកាហ្វេអារ៉ាប៊ីកា (មានជាតិកាហ្វេអ៊ីនច្រើនហើយខ្លាំង ត្រូវការអាកាសធាតុត្រជាក់ និងទីខ្ពស់) និងកាហ្វេរ៉ូប៊ូស្ដា (មានជាតិកាហ្វេអ៊ីនតិច ហើយរាងខ្សោយជាងកាហ្វេអារ៉ាប៊ីកា)។

ក្នុងដំណើរទស្សនកិច្ចនៅខេត្តចម្ប៉ាស័ក រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៦-២៩ ខែធ្នូ ឆ្នាំ២០១៨ ក្រុមការងាររបស់អង្គការសេដាក និងក្រុមអ្នកសារព័ត៌មានកម្ពុជា បានទៅជួបជាមួយសហគមន៍ចម្ការ កាហ្វេដ៏ធំមួយរបស់ឡាវ នៅស្រុកប៉ាកសង ខេត្តចម្ប៉ាស័ក ដែលមានសមាជិកជាកសិករដល់ទៅជាង២,៤០០នាក់។

នៅក្នុងចម្ការកាហ្វេដ៏ស្តុកទទ្របពោរពេញទៅដោយដើមកាហ្វេ លាយលំជាមួយដំណាំចម្រុះពណ៌ខៀវស្រងាត់ លោកអ៊ំ សាប៊ុន សាយបរកែវ ដែលជាសមាជិកសហគមន៍កាហ្វេខាងលើដែរនោះ បានបញ្ជាក់ថា កាហ្វេអារ៉ាប៊ីកាមានប្រភេទតូចៗ ចំនួន៥ប្រភេទទៀត ក្នុងនោះរួមមាន៖ អារ៉ាប៊ីកាកាទួយ អារ៉ាប៊ីកាកាទីម័រ អារ៉ាប៊ីកាកាទូរ៉ា អារ៉ាប៊ីកាឆាកា និងអារ៉ាប៊ីកាទីពីកា។

លោក សាប៊ុន បានបន្តថា នៅក្នុងសហគមន៍របស់លោក គេនិយមដាំកាហ្វេអារ៉ាប៊ីកាកាទួយ និងអារ៉ាប៊ីកាកាទីម័រ ដែលកាហ្វេទាំងពីរប្រភេទនេះ អាចដាំជាមួយគ្នាបានក្នុងចម្ការតែមួយបាន ពីព្រោះស្ថានភាពភូមិសាស្ត្រនៅទីនោះ អំណោយផលខ្លាំងដល់កាហ្វេទាំងពីរប្រភេទនេះ។

លោកបានបញ្ជាក់ ប្រាប់ក្រុមការងារសេដាក និងអ្នកសារព័ត៌មានកម្ពុជាយ៉ាងដូច្នេះថា កាហ្វេនៅក្នុងសហគមន៍របស់គាត់ គឺដាំតាមគោលការណ៍ធម្មជាតិ មិនប្រើសារធាតុគីមី ថ្នាំសម្លាប់សត្វ ល្អិតឡើយ ហើយពួកគាត់មានបច្ចេកទេសពិសេសក្នុងការដាំកាហ្វេ ដែលនៅកម្ពុជានៅមិនទាន់មានកសិករណា មានបច្ចេកទេសដាំដូចពួកគាត់នៅឡើយ នោះគឺការដាំដើមឈើហូប និងឈើផ្ដល់ម្លប់នៅខាងលើដើមកាហ្វេ ហើយដើមកន្ទ្រាងខែត និងបន្លែមួយចំនួនទៀតនៅខាងក្រោមដើមកាហ្វេ ដើម្បីផ្ដល់ជាជីធម្មជាតិដល់កាហ្វេ។ បច្ចេកទេសដាំនេះ គឺហៅថា «កសិរុក្ខកម្ម»។

បន្ទាប់ពីបានជួបសំណេះសំណាលជាមួយគ្នាអស់មួយអន្លើហើយ ក្រុមការងារអង្គការសេដាក បានឆ្លើយតបវិញថា សេដាកចង់ពង្រីកទីផ្សារកាហ្វេនៅកម្ពុជាបន្ថែមទៀត ពីព្រោះបច្ចុប្បន្នតម្រូវការកាហ្វេសរីរាង្គនៅកម្ពុជាកំពុងមានការកើនឡើង ខណៈកាហ្វេសរីរាង្គក្នុងស្រុកមិនទាន់អាចបំពេញតម្រូវការបានគ្រប់គ្រាន់នៅឡើយ។

តំណាងអង្គការសេដាកបានបញ្ជាក់ថា បានជាសេដាកជ្រើសរើសយកខេត្តចម្ប៉ាស័ក ប្រទេសឡាវ សម្រាប់ការទិញកាហ្វេសរីរាង្គមកបំពេញតម្រូវការក្នុងស្រុក ពីព្រោះខេត្តមួយនេះអំណោយពិសេសដល់ដំណាំកាហ្វេ។ ម្យ៉ាងទៀត កសិករឡាវនៅទីនោះក៏មិនសូវប្រើជាតិគីមីសម្រាប់ដំណាំកាហ្វេរបស់ខ្លួន ដែលងាយស្រួលក្នុងការបំលែងដំណាំកាហ្វេរបស់ពួកគាត់ ទៅជាដំណាំកាហ្វេសរីរាង្គស្របតាមស្ដង់ដារបស់អង្គការសេដាក។

អ្នកស្រី តុង ចាន់ធាង នាយិកាប្រតិបត្តិនៃអង្គការសេដាក បានបញ្ជាក់ថា យ៉ាងហោចណាស់ ត្រូវប្រើពេល៣ឆ្នាំសម្រាប់ការបំលែងដីចម្ការកាហ្វេ ពីការដាំតាមគោលការណ៍ធម្មជាតិ ទៅជាដំណាំកាហ្វេដែលស្របតាមស្ដងដាសរីរាង្គ។

អ្នកស្រីបានបន្តថា ការជួយរៀបចំដំណាំកាហ្វេរបស់កសិករឡាវឱ្យទៅជាកាហ្វេសរីរាង្គនេះ នឹងចាប់ផ្ដើមនៅឆ្នាំ២០១៩តទៅ ហើយអង្គការសេដាកនឹងចុះត្រួតពិនិត្យការដាំដុះរបស់កសិករឡាវជាប្រចាំ ដើម្បីបញ្ជាក់ស្ដង់ដាសរីរាង្គជូនកសិករឡាវឱ្យបានត្រឹមត្រូវ មុននាំចូលមកកាន់កម្ពុជា។

កសិករឡាវបានបង្ហាញនូវឆន្ទៈយ៉ាងមុតមាំ ក្នុងការត្រៀមសហការជាមួយអង្គការសេដាកកម្ពុជា ដើម្បីបំលែងកាហ្វេរបស់ខ្លួនឱ្យទៅជាកាហ្វេសរីរាង្គ មានការបញ្ជាក់ស្ដងដាសរីរាង្គ និងអាចនាំចេញមកកាន់ទីផ្សារកម្ពុជា។

សូមជម្រាបថា នៅកម្ពុជាភាគច្រើនសម្បូរតែដំណាំកាហ្វេរ៉ូប៊ូស្ដា ដែលត្រូវបានដាំតាមស្ដង់ដាសេរីរាង្គរបស់សេដាកនៅខេត្តមណ្ឌលគិរី ដូចជានៅឃុំប៊ូស្រា ស្រុកពេជ្រាដា និងឃុំដាក់ដាំ ស្រុកអូររាំង ដែលមានរយៈកម្ពស់តែប្រមាណ៩០០ម៉ែត្រប៉ុណ្ណោះ ដោយឡែកកាហ្វេអារ៉ាប៊ីកាមិនទាន់មានច្រើននៅឡើយទេ៕