(ភ្នំពេញ)៖ សង្ស័យអត់លុយជក់ថ្នាំញៀន! យុវជនម្នាក់ឃើញសោជាប់នៅម៉ូតូសង់ឌ្រីមស្រាប់ ក៏ចូលទៅលួចដល់ក្នុងផ្ទះហើយជិះចេញជិតបានសម្រេចទៅហើយ នៅខណៈដែលជនរងគ្រោះជាម្ចាស់ កំពុងហូបបាយខាងក្រោយផ្ទះ និងឃើញទាន់ស្រែកឲ្យផ្អើលឆោរឡោ ចំពេលដែលសមត្ថកិច្ចយាមល្បាត ទើបមកក្របួចជាប់ភ្លាមៗ នៅតាមបណ្ដោយ​ផ្លូវ​បេតុង​ ក្នុងក្រុមទី​១៥ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨។

បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យប្រើប្រាស់គ្រឿងញៀន និងជាចោលួចម៉ូតូខាងលើនេះ ដើម្បីយកមកធ្វើការសាកសួររយៈពេលប៉ុន្មានម៉ោងក្រោយ គួបផ្សំនូវការបញ្ជាក់បន្ថែមពីជនរងគ្រោះផងនោះ បើតាមការបញ្ជាក់របស់អធិការនគរបាលខណ្ឌឫស្សីកែវ គល់ យី បានឲ្យដឹងពីដំណើររឿងយ៉ាងដូចច្នេះថា៖ នាវេលាថ្ងៃខែឆ្នាំកើតហេតុ រូបគេ (ជនសង្ស័យ) បានឃ្លាំមើលឃើញម៉ូតូម៉ាកសង់ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1DB-6336 មួយគ្រឿង របស់ជនរងគ្រោះ មានសោជាប់ស្រាប់នៅនិងម៉ូតូ កំពុងបញ្ឈទុកនៅក្នុងផ្ទះ ដែលជាឱកាសល្អសម្រាប់ចូល ទៅលួចជិតបានសម្រេចទៅហើយ នៅខណៈជនរងគ្រោះកំពុងតែហូបបាយនៅខាងក្រោយផ្ទះ និងក្រលេកឃើញទាន់ ទើបស្រែកឲ្យផ្អើលឆោរឡោរ ទាំងប្រជាពលរដ្ឋ និងស្របពេលសមត្ថកិច្ច ប៉ុស្ដិ៍គីឡូម៉ែតហរលេខ៦ នៃអធិការដ្ឋាននគរបាលខណ្ឌ កំពុងបន្តសកម្មភាពយាមល្បាត ទើបឈានមកដល់ការឃាត់ខ្លួនភ្លាមៗ ព្រមទាំងដកហូតម៉ូតូមកប្រគល់ឲ្យជនរងគ្រោះ ដើម្បីប្រើប្រាស់ជាបណ្ដោះអាសន្ន។

លោកវរសេនីយ៍ទោ អធិការនគរបាលខណ្ឌឫស្សីកែវ បានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានឈ្មោះ សេត រ៉ូហ្សក់រី ភេទប្រុស​ អាយុ​២២ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរមិនពិតប្រាកដ​ ស្នាក់នៅផ្ទះជួល​ ក្នុងភូមិ២ សង្កាត់​ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ (មានសារធាតុញៀន)។ ឯជនរងគ្រោះ​ឈ្មោះ​ ហេង រតនា ភេទប្រុស​ អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលឹកក្រុមហ៊ុន​ ស្នាក់នៅ​ផ្ទះលេខ២៣០០ តាមបណ្ដោយបេតុង ក្នុងក្រុមទី​១ ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

បច្ចុប្បន្ន ជនសង្ស័យបាន និងកំពុងបន្តឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ក្នុងការកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការទៅតាមនិតិវិធី៕