(ភ្នំពេញ)៖ នាយកខុទ្ទកាល័យរបស់សម្តេចក្រុមព្រះនរោត្តម រណឬទ្ធិ និងជាអនុប្រធានគណបក្សហ៊្វុនស៊ិនប៉ិច លោក សាយ ហាក់ បានទាត់ចោលការលើកឡើងរបស់លោក អេង ឆៃអ៊ាង អតីតអនុប្រធាន នៃអតីតគណបក្សសង្រ្គោះជាតិ ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស ដែលចោទប្រកាន់ គណបក្សហ៊ុនស៊ិនប៉ិច បានដើរបញ្ច្រាសចរន្ត នៃគោលការណ៍ប្រជាធិបតេយ្យ។

លោក សាយ ហាក់ បានលើកឡើងថា ការលើកឡើងរបស់លោក អេង ឆៃអ៊ាង កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ កន្លងទៅថា គណបក្សហ៊្វុនស៊ិនប៉ិច បានដើរបញ្ច្រាស់ចរន្ត នៃគោលការប្រជាធិប តេយ្យ ទើបបាត់បង់ការគាំទ្រពីប្រជាពលរដ្ឋ និងថា គណបក្សហ៊្វុនស៊ិនប៉ិច បម្រើឲ្យនយោបាយគណបក្សកាន់អំណាចបច្ចុប្បន្ន ទើបប្រជាពលរដ្ឋលែងគាំទ្រជាដើមនោះ។

លោក សាយ ហាក់ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «អតីតគណបក្សសង្រ្គោះជាតិទៅវិញទេ កំពុងបែកបាក់គ្នារកថ្ងៃប្រមូលជុំគ្នាវិញ មិនបានដោយសារតែគណបក្សនេះ ធ្វើវិសោធនកម្ម ២ភាគ៣ មក៥០បូក១។ ធ្វើជាទង្វើក្បត់ឆន្ទៈរបស់រាស្រ្ត (តម្រិះជិះកឯង)»

លោកបានបន្តថា «ឆ្នាំ១៩៩៣ គណបក្សហ៊្វុនស៊ិនប៉ិច បាននាំមកនូវរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ដែលបាត់ហើយឲ្យត្រឡប់មកវិញជាលើកទីពីរ ដែលជាមូលហេតុឲ្យបញ្ចប់ការបង្ហូរឈាមរវាង ខ្មែរនិងខ្មែរ។ នេះជាប្រវត្តិសាស្រ្តក្នុងឆ្នាំ១៩៩៣ ជាប្រវត្តិសាស្រ្ត នៃការរៀបចំការបោះឆ្នោត ដែលលទ្ធផល គណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច ដឹកនាំដោយសម្តេចក្រុមព្រះ ទទួលបានអាសនៈ រហូតដល់៥៨ ហើយគណបក្សប្រជាជនកម្ពុជា ទទួលបានដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ទទួលបាន៥១អាសនៈ។ ក្នុងនេះយើងត្រូវការសម្លេង២ភាគ៣ ដើម្បីយករបបរាជានិយម អាស្រ័យធម្មនុញ្ញដាក់បញ្ចូលទៅក្នុងច្បាប់ជាតិ។ នេះគឺជាប្រវត្តិសាស្រ្តមិនអាចបំភ្លេចបាន ដែលនាំប្រទេសមកនូវសុខសន្តិភាព ស្ថេរភាព ការអភិវឌ្ឍនដល់បច្ចុប្បន្ននេះ»

លោក សាយ ហាក់ បានបន្តទៀតថា គណបក្សហ៊្វុនស៊ិនប៉ិច មិនមែនជាអាយ៉ង របស់គណបក្សណាមួយឡើយ តែគណបក្សហ៊្វុនស៊ិនប៉ិច ជាអាយ៉ងតែរាស្រ្តខ្មែរមួយគត់៕