(ភ្នំពេញ)៖ អគ្គនាយក​ក្រុមហ៊ុនអចលនទ្រព្យ រាជសន្តុសិត លោក ផន វណ្ណិត ដែលគេស្គាល់ថា ជាអ្នកជំនួញវ័យក្មេងដ៏ជោគជ័យលើវិស័យអចលទ្រព្យ បានបង្ហើបឲ្យដឹងថា បច្ចុប្បន្ន​នេះ ឱកាស​មាន​កាន់​តែ​ច្រើន តែ​អ្នក​ដណ្ដើម​ឱកាស​ក៏​មាន​កាន់​តែ​ច្រើន​ដែរ, ប្រសិន​បើ​យើង​យឺត​តែ​មួយ​ជំហាន ឱកាស​ល្អនោះ ​នឹង​រំលង​ទៅ​ផុត ធ្លាក់​ទៅ​លើ​ដៃ​អ្នក​ផ្សេង។

ការ​លើកឡើងបែបនេះ របស់អគ្គនាយក​ក្រុមហ៊ុនរូបនេះក្នុងឱកាសដែលលោកកំពុងតែបើកគម្រោងលក់ដីឡូតិ៍ជាច្រើនទីតាំងទៀតក្នុងពេលតែមួយ នៅខេត្ដកំពង់ស្ពឺ បន្ទាប់ពីទទួលបានគាំទ្រខ្ពស់ពីអតិថិជនកន្លងមកនេះ ។

លោក ផន វណ្ណិត បានបញ្ជាក់ប្រាប់ អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨នេះទៀតថា «បើ​អ្នក​ដាក់​ចិត្ត​ថា​រកស៊ី ឬ​ធ្វើ​ជំនួញ​អ្វី​មួយ ត្រូវ​ធ្វើ​ឱ្យ​បាន​ឆាប់​បំផុត កុំ​នៅ​ស្ទាក់ស្ទើរ ហើយ​ត្រូវរៀន​មើល​តាម​សត្វ​ឥន្ទ្រី ដែល​ស្វែង​រក​ចាប់​ចំណី»

អ្នក​ជំនួញ​ដ៏ជោគជ័យរូប​នេះ​ បាន​​ថ្លែងបន្ដ​ថា បើ​មើល​ទៅ​សត្វ​ឥន្ទ្រី នៅ​ពេល​ដែល​វា​ស្វែង​រក​ចំណី ភ្នែក​របស់​វា​រំពៃ​សម្លឹង​ទៅ​ផ្ទៃ​ទឹក​ជា​និច្ច។ ចំណី​ដែល​បង្ហាញ​ខ្លួន​ហើយ មិន​ងាយ​គេច​ផុត​ពី​ក្រញាំ​ឥន្ទ្រីនោះ​ទេ ព្រោះ​សត្វ​ស្លាប​មួយ​ប្រភេទ​នេះ នឹង​ហោះ​ទៅ​ត្រង់​ប្រើ​ក្រញាំ​ចាប់​យក​ចំណី ដោយ​មិន​ខ្លាច​ពី​ឧប​សគ្គ​ឡើយ។ ចុង​ក្រោយ វា​ក៏​បាន​ចំណី មុន​សត្វ​ឯទៀត។

បើ​ប្រើ​ធៀប​មក​ជំនួញ​ក៏​ដូច​គ្នា នៅ​ពេល​ដែល​យើង​គិត​ហានិភ័យ​ខ្លាំង​ពេក ឱកាស​ល្អ​នឹង​កន្លង​ផុត​ទៅ ឬ​ត្រូវ​អ្នក​ដទៃ​ឆក់​យក​បាត់។ ប៉ុន្តែ​បើ​យើង​គិត​ច្បាស់​ហើយ សម្រេច​ចិត្ត​ហើយ ជំហាន​បន្ត ​គឺ​ត្រូវ​សម្រេច​គោលដៅ ដោយ​ប្រើ​គ្រប់​មធ្យោបាយ។ ប្រសិន​បើ​ចិត្ត​ស្ទាក់​ស្ទើរ នោះ​​ភាគ​រយ​នៃ​ភាព​ជោគជ័យ​នឹង​ធ្លាក់​ចុះ​ទៅ​តាម​នោះ​ផងដែរ ។

លោកបានបញ្ជាក់ពីជំហានឈានទៅ រកភាពជោគជ័យរបស់ខ្លួនយ៉ាងឆាប់រហ័សថា «ពីមុនខ្ញុំជាសាស្ដ្រាចារ្យ មួយរូប ប៉ុន្តែ​ដោយខ្ញុំចូល​ចិត្ត​ស្វែង​យល់​ពី​ការ​រក​ស៊ី និង​ធ្វើ​ជំនួញ ។ដូច្នេះ ខ្ញុំក៏​បាន​ចាប់​ផ្ដើម​ធ្វើជាអ្នកទីផ្សារ​លក់​ដី​ឱ្យ​គេ រហូតឈានដល់ក្លាយជាម្ចាស់លក់ដីធ្លីដោយខ្លួនឯង និងទទួលបានភាពជោគជ័យជាបន្តបន្ទាប់ រហូតមានសមត្ថភាព បើក​ក្រុមហ៊ុន​ខ្លួន​ឯង ដាក់​ឈ្មោះ​ថា «រាជសន្តុសិត» ដែលពេលនេះ ​កំពុង​តែមាន​សន្ទុះ​ខ្លាំង លើ​ទីផ្សារ​អចលនទ្រព្យ ហើយសម្រាប់គម្រោងរបស់ខ្ញុំ នីមួយៗគ្រាន់តែថា ដាក់លក់ភ្លាម គឺទទួលបានការគាំទ្រ និងជឿទុកចិត្ដពីបងប្អូនអតិថិជនតែម្ដង»

អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ រាជសន្តុសិត រូបនេះ បាន​លើក​ឡើង​ពី​បទ​ពិសោធន៍​ជីវិត​ផ្ទាល់​ខ្លួន​ទៀតថា ការ​រកស៊ី ​គឺ​អាស្រ័យ​លើ​ឱកាស បូក​រួម​ជា​មួយ​ភាព​រហ័សរហួន។ លើសពីនោះ ឱកាស​មិន​មែន​ចេះ​តែ​មាន​ទេ ដូច​នេះ​បើ​មាន​ឱកាស​ហើយ កុំ​នៅ​ស្ទាក់​ស្ទើរ គឺ​ត្រូវ​ចាប់​យក​ឱ្យ​បាន​លឿន​បំផុត ចាប់​យក​ឱ្យ​បាន​មុន​គេ ទើប​អាច​ជោគជ័យ​បាន​លឿន ៕