(ក្រចេះ)៖ សមត្ថកិច្ចចម្រុះខេត្តក្រចេះ នៅរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ បានចុះបង្រ្កាបបានឈើប្រភេទលេខ១ជាច្រើនដុំ ដែលក្រុមឈ្មួញបានលាក់ទុកក្នុងព្រៃ បម្រុងដាក់ឡានយកទៅលក់បន្ត តែត្រូវបានកម្លាំងសមត្ថកិច្ច បានធ្វើការបង្រ្កាប និងរឹបអូសយកបាន នៅចំណុចអូរទ្រូន ភូមិស្រែត្រែង ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ។

លោក ប៉ាល់ សុខកែវ នាយសង្កាត់រដ្ឋបាលព្រៃឈើសណ្ដាន់បានឲ្យដឹងថា កម្លាំងចម្រុះដែលចូលរួមបង្រ្កាបរួមមាន មន្ត្រីសង្កាត់រដ្ឋបាលព្រៃឈើសណ្ដាន់ កម្លាំងអាវុធហត្ថ ស្នាក់ការសន្តិសុខ៧០៨ និងនគរបាលស្រុកសំបូរ បានចុះបង្រ្កាបឈើនៅក្នុងព្រៃដែលក្រុមឈ្មួញ លាក់ទុកបំរុងយកទៅលក់បន្ដ តែត្រូវសមត្ថកិច្ចធ្វើការបង្ក្រាបបានទាន់ពេលវេលា។ ឈើទាំងនេះ ជាឈើប្រភេទលេខ១ (ធ្លឹក សុក្រម) ចំនួនជាង ២០ដុំ តែមិនទាន់ធ្វើការវាស់វែងនៅឡើយ។

លោកនាយសង្កាត់រូបនោះបន្តទៀតថា មកដល់ពេលនៅមិនស្គាល់អត្តសញ្ញាណ ម្ចាស់ឈើនោះទេ ព្រោះឈើនៅក្នុងព្រៃ ហើយត្រូវបានកម្លាំងសមត្ថកិច្ច នាំយកមករក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើសណ្ដាន់៕ ​