(កំពង់ចាម)៖ ​លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម ​​ប្រាប់ឲ្យគណៈអាជីវករផ្សារទាំងអស់ក្នុងខេត្ត ត្រូវរៀបចំ​ការគ្រប់គ្រងឲ្យបានល្អ នៅក្នុងឋានានុក្រម​របស់ខ្លួន ហើយត្រូវយកចិត្តទុកដាក់​ក្នុងការថែទាំសណ្តាប់ធ្នាប់ អនាម័យឲ្យបានល្អ។ ដោយឡែក​ការទារភាស៊ី ត្រូវតែគោរពទៅតាមសៀវភៅបន្ទុ​ក និងចូលរួមអភិវឌ្ឍនៅតាមផ្សាររបស់ខ្លួនឲ្យបានល្អប្រសើរ​។

លោកអភិបាលខេត្ត បានថ្លែងយ៉ាងដូចនេះ ទៅកាន់បងប្អូនគណៈអាជីវករ នាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ នៅសាលប្រជុំសាលាខេត្តកំពង់ចាម ​ក្នុងកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើការអនុវត្ត និងការគ្រប់គ្រងផ្សារគ្រប់ប្រភេទនៅទូ​ទាំងខេត្តកំពង់ចាម។

លោក គួច ចំរើន បានថ្លែងថា កិច្ចប្រជុំនេះគឺក្នុងគោលបំណងចង់ដឹងពីសុខទុក្ខ និងការអនុវត្តតួនាទី ភារកិច្ចរបស់គណៈអាជីវករផ្សារចំនួន១៣ អស់រយៈកាល ១ឆ្នាំកន្លះមកនេះ និងរយៈកាល​៥ខែកន្លះ សម្រាប់ផ្សារវិនិយោគទាំង៨ផងដែរ។ ជាមួយគ្នានោះ លោកអភិបាលខេត្តក៏បានណែនាំ ឲ្យគណៈអាជីវករផ្សារទាំងអស់ ត្រូវរៀបចំ​ការគ្រប់គ្រងឲ្យបានល្អ នៅក្នុងឋានានុក្រមនៃអង្គភាពផ្សាររបស់ខ្លួន ហើយត្រូវយកចិត្តទុកដាក់ ក្នុងការថែទាំសណ្តាប់ធ្នាប់ អនាម័យឲ្យបានល្អ ហើយការទារភាស៊ី​ត្រូវតែគោរពទៅតាមសៀវភៅបន្ទុក។

ជាងនេះទៅទៀត ត្រូវមានការអភិវឌ្ឍបន្ថែម នូវចំណុចខ្វះខាតក្នុងផ្សាររបស់ខ្លួនផងដែរ ព្រោះផ្សារទាំងអស់​អាជ្ញាធរខេត្ត បានប្រគល់ឲ្យគណៈអាជីវករ ជាអ្នកគ្រប់គ្រងហើយ ដែលថវិកាចំណូលទាំងអស់ គឺសម្រាប់ធ្វើការចំណាយ​លើការថែទាំសណ្តាប់ធ្នាប់អនាម័យ និងការអភិវឌ្ឍនៃផ្សារ ដែលបងប្អូនគ្រប់គ្រង។

ទន្ទឹមនឹងនោះដែរ លោកអភិបាលខេត្ត បានហាមមន្ត្រីអាជ្ញាធរ គ្រប់ថ្នាក់ មិនឲ្យទៅលូកដៃជ្រៀតជ្រែក ឬក៏សម្រេចអ្វីមួយនៅក្នុងកិច្ចការ របស់គណៈអាជីវករផ្សារនោះទេ លើកលែងតែការផ្តល់ប្រឹក្សាប៉ុណ្ណោះ ដោយហេតុថា ផ្សារទាំងអស់​អាជ្ញាធរខេត្ត បានប្រគល់ឲ្យគណៈអាជីវករ ជាអ្នកទទួលខុសត្រូវអស់ហើយ។ ដោយសមត្ថភាពរបស់គណៈអាជីវករនៅមានកម្រិត និងដោយសារមានការស្នើសុំ លោកអភិបាលខេត្ត បានសម្រេចរៀបចំគណៈកម្មការមួយក្រុម ដើម្បីបង្រៀនដល់គណៈអាជីវករ ក្នុងគោលបំណងបង្កើនសមត្ថភាពឲ្យពួកគាត់មានចេះដឹងអំពីកិច្ចការរដ្ឋបាល និងការគ្រប់គ្រងថវិកាផងដែរ៕​