(ភ្នំពេញ)៖ ក្រុមប្រឹក្សាធម្មនុញ្ញ នឹងបើកកិច្ចប្រជុំពេញអង្គ នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ ដើម្បីពិនិត្យ និងសម្រេចសំណើរបស់សម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដែលស្នើសុំពិនិត្យធម្មនុញ្ញភាព ច្បាប់ស្ដីពីវិសោធនកម្ម មាត្រា៤៥ថ្មី (ស្ទួន) នៃច្បាប់ស្ដីពីគណបក្សនយោបាយ ដែលអាចបើកសិទ្ធិ ឲ្យអ្នកនយោបាយជាប់បម្រាប មានសិទ្ធិធ្វើនយោបាយឡើងវិញ។

បើតាមសេចក្ដីប្រកាសព័ត៌មាន ដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨នេះ បានបញ្ជាក់ថា កិច្ចប្រជុំពេញអង្គខាងលើនេះ ត្រូវធ្វើឡើងក្រោមអធិបតីភាព លោក អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ។

សូមជម្រាបថា សេចក្តីស្នើច្បាប់ស្តីពី វិសោធនកម្មច្បាប់គណបក្សនយោបាយ ដែលអាចបើកផ្លូវឲ្យអ្នកនយោបាយដែលតុលាការហាមឃាត់សិទ្ធិធ្វើនយោបាយ មានសិទ្ធិពេញលេញក្នុងការធ្វើនយោបាយឡើងវិញ បានត្រូវបានព្រឹទ្ធសភា គាំទ្រសម្រេចទាំងស្រុង នៅក្នុងសម័យប្រជុំ នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨នេះ។

សម័យប្រជុំនេះ ដឹកនាំដោយ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា ដោយមានសមាជិកព្រឹទ្ធសភាចូលរួមចំនួន៥៦រូប។ សមាជិកព្រឹទ្ធសភាទាំងអស់បានគាំទ្រ ដើម្បីបើកផ្លូវឱ្យច្បាប់នេះ ឈានទៅដល់ការចូលជាធរមានឆាប់ៗតែម្តង។

សេចក្តីស្នើច្បាប់វិសោធនកម្មច្បាប់គណបក្សនយោបាយ ត្រូវបានចុះហត្ថលេខា ដោយតំណាងរាស្រ្តចំនួន៨៧រូបដោយធ្វើវិសោធនកម្ម ទៅលើមាត្រា៤៥ថ្មី (ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយ ដោយបន្ថែមនូវវាក្សខណ្ឌមួយថ្មីក្នុងមាត្រា៤៥ថ្មី (ស្ទួនមួយ) ដូចតទៅ៖

«បុគ្គលត្រូវបានតុលាការសម្រេចហាមឃាត់ការ ធ្វើសកម្មភាពនយោបាយ មិនអាចបង្កើតគណបក្សនយោបាយ ឬចូលរួមក្នុងគណបក្សនយោបាយណាមួយ ឬឈរឈ្មោះឲ្យគេបោះឆ្នោត ឬធ្វើសកម្មភាពណា មួយគាំទ្រ ឬប្រឆាំងគណបក្សណាមួយបានឡើយ។ បុគ្គលដែលបានតុលាការ សម្រេចហាមឃាត់ការធ្វើសកម្មភាពនយោបាយនេះ នឹងអាចទទួលបានវិញនូវសិទ្ធិនយោបាយពេញលេញដោយពេញច្បាប់ បន្ទាប់ពីផុតរយៈពេលនៃការហាមឃាត់ដែលកំណត់ដោយសាលដីការបស់តុលាការកំពូល ឬក្នុងករណីដែលបុគ្គលនោះត្រូវបានផ្តល់នីតិសម្បទាឡើងវិញដោយព្រះមហាក្សត្រ តាមសំណើរបស់នាយករដ្ឋមន្រ្តី តាមសេចក្តីស្នើសុំរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ»។

សេចក្តីស្នើច្បាប់នេះ ត្រូវបានរដ្ឋសភា អនុម័តទាំងស្រុងដោយឥតកែប្រែ កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ បន្ទាប់ពីពិនិត្យរួចរាល់ដោយគណៈកម្មការជំនាញ៕