(ភ្នំពេញ)៖​ ​យុវជន និងយុវតី​៣នាក់​បានជិះម៉ូតូមួយគ្រឿង ក្នុងល្បឿនយ៉ាងលឿន​​ជ្រុលចង្កូតទៅបុកជាមួយ​រថយន្តដឹកដីធុនធំ បណ្ដាលឲ្យស្លាប់ម្នាក់ និងរងរបួសធ្ងន់​​២នាក់ ត្រូវបានដឹកយកទៅសង្គ្រោះបន្ទាន់នៅ​មន្ទីរពេទ្យកាល់ម៉ែត្រ។ ហេតុការណ៍នេះ កើតឡើងនៅរសៀល​ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ ​ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

សេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News បានបញ្ជាក់ថា ជនរងគ្រោះដែល​បាត់បង់ជីវិត​ឈ្មោះ ហម រតនៈ ភេទប្រុស អាយុ​១៧ឆ្នាំ មុខរបរ​នៅផ្ទះ ស្នាក់នៅភូមិព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ចំណែកឯយុវតីចំនួន​២នាក់ទៀត មិនត្រូវបានស្គាល់អត្តសញ្ញាណឡើយ។

ប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញយុវជនចំនួន​៣នាក់ ជិះម៉ូតូ​មួយគ្រឿង ម៉ាក​ Honda Dream C125 ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ​ភ្នំពេញ​1FC-2971 ដោយធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង ខណ:ពេលធ្វើដំណើរមកដល់ ចំណុចកើតហេតុខាងលើ ស្រាប់តែមានរថយន្តដឹកដីធុនធំ មួយគ្រឿង ម៉ាក Nissan UD ពណ៌លឿង ពាក់ស្លាកលេខ​ចង្កូតស្តាំ​PP-1527 ជារបស់ក្រុមហ៊ុន អិល អិន អេស ខេ ខនស្ទ្រាក់សិន បានធ្វើដំណើរក្នុងទិសដៅពីលិចមកកើត។

លុះមកដល់ចំណុចផ្លូវជាតិលេខ៥ រថយន្តខាងលើបានបត់ឆ្វេងដៃ ភ្លាមៗនោះ​ស្រាប់តែឃើញយុវជន ៣នាក់ជិះម៉ូតូក្នុងល្បឿនយ៉ាងលឿន ក៏ជ្រុលចង្កូតទៅបុកពាក់កណ្ដាលរថយន្តយ៉ាងពេញទំហឹង បណ្ដាលឲ្យយុវជនម្នាក់​ស្លាប់​នៅនឹងកន្លែងកើតហេតុ ចំណែកឯយុវតី​២នាក់ទៀត ត្រូវបានសមត្ថកិច្ចហៅរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅកាន់មន្ទីរពេទ្យកាល់ម៉ែត ដើម្បីជួយសង្គ្រោះ។ ក្រោយពីកើតហេតុ ម្ចាស់រថយន្តបង្កបានរត់គេចខ្លួនបាត់ ដោយបន្សល់ទុកតែរថយន្តនៅនិងកន្លែងកើតហេតុតែប៉ុណ្ណោះ។​

ក្រោយពេលកើតហេតុ កម្លាំង​អធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ បានចុះមកដល់ទីតាំងកើតហេតុ និងបានទំនាក់ទំនងហៅសមត្ថកិច្ចជំនាញ ផ្នែកចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចុះមកធ្វើការវាស់វែង និងនាំយករថយន្តបង្ក និងម៉ូតូរងគ្រោះយកទៅរក្សាទុក នៅការិយាល័យជំនាញ ដើម្បីរង់ចាំធ្វើការដោះស្រាយ។

ចំណែកឯសាកសពជនរងគ្រោះខាងលើ ត្រូវសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណីនៅឯគេហដ្ឋាន៕​