(ក្រចេះ)៖ ប្រជាពលរដ្ឋ ដែលរស់នៅក្នុងក្រុងក្រចេះ បានលើកឡើងថា ការពួកគាត់មានការព្រួយបារម្ភយ៉ាងខ្លាំង ពាក់​ព័ន្ធនឹ​ង​ក្លិនស្អុយ ដែលបានសាយ​ភាយចេញពីរការបង្ហូរទឹកកខ្វក់ ពីរោងចក្រកែច្នៃដំឡូងមីមួយកន្លែង របស់ក្រុមហ៊ុន ស៊ិងសុង អ៊ិនដាសស្ទ្រៀល (ខេមបូឌា ) SingSong industrial (Cambodia)co.Ltd. ដែលស្ថិតនៅក្នុងភូមិកាប៉ូ សង្កាត់អូរ​ឬ​ស្សី ក្រុងក្រចេះ ដែលបង្ហូរចូល តាមអូរព្រែកនានា ហើយក្លិន​ស្អុយនេះធ្វើឲ្យប៉ះពាល់​ ដល់ការរស់នៅរបស់ពួកគាត់ ព្រមទាំងប៉ះពាល់ដល់សត្វពាហនៈរបស់គាត់ ពេល​ដែលម​ក​ផឹកទឹកព្រែក​នោះផងដែរ។

ដោយសារតែការ​ពិបាកទ្រាំនូវក្លិនស្អុយនេះពេក ហើយខ្លាចប្រឈមមុខនឹងជម្ងឺផងនោះ ទើបពួកគាត់បានសម្រេចចិត្ត សំណូមពរឲ្យអាជ្ញាធរ ជួយរកវិធានការទប់ស្កាត់ពីផលប៉ះពាល់ និងទុ​ក្ខ​លំបា​ករ​ប​ស់​ពួកគាត់ ព្រោះក្លិនទាំងនេះបណ្ដាលឲ្យប៉ះពាល់ដល់បរិស្ថាន និងប៉ះពាល់សុខភាពយ៉ាងខ្លាំង។

ទាក់ទងនិងបញ្ហាក្លិនស្អុយ ដែលហូរចេញពីរោងចក្រ ស៊ិងសុង អ៊ិនដាសស្រ្តៀល នេះ លោក យិន វណ្ណៈ អភិបាលក្រុងក្រចេះ បានឲ្យដឹងនៅរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ ថា ខាងអាជ្ញាធរបានចុះទៅពិនិត្យ ចំនួន៣ដង និងបញ្ឍប់ក្រុមហ៊ុនឱ្យផ្អាកដំណើរការហើយ ការហូរជ្រាបកាកសំណល់ និងក្លិនស្អុយនេះគឺដោយសារ ខាងក្រុមហ៊ុនកូរ៉េ សាងសងខុសបច្ចេកទេស ហើយកំពុងជួសជុលឡើងវិញជិតរួចហើយ។ លោកអភិបាលក្រុង បានអំពាវនាវដល់ពលរដ្ឋទាំងអស់ ឲ្យឈប់ព្រួយបារម្ភទៀតទៅ ព្រោះក្រុមហ៊ុនកំពុងជួសជុលឡើងវិញ និងបាត់ជះក្លិនស្អុយ ឬជ្រាប់ទឹកចេញចូលអូរ ព្រែកទៀតហើយនៅពេលដ៏ខ្លីមុខនេះ។

លោក ដួង ឆាយសាវុធ ប្រធានមន្ទីរបរិស្ថានខេត្តបានឱ្យដឹងដែរថា រឿងក្រុមហ៊ុនបង្ហូរទឹក និងជះក្លិនស្អុយដល់ពលរដ្ឋនោះ នៅថ្ងៃទី២៤ម្សិលនេះ ខាងក្រសួងបរិស្ថាន មន្ទីរបរិស្ថានខេត្ត រួមនិងអាជ្ញាធរបានចុះពិនិត្យ ក្នុងរោងចក្រកែច្នៃដំឡូងមីនោះ បានឃើញថា ខាងក្រុមហ៊ុនមិនមានដំណើរការទេ ដោយបានផ្អាកតាំងពីថ្ងៃទី១៩ ខែធ្នូ មកម្លេះក្រោយពីអាជ្ញាធរ និងមន្ទីពាក់ពន្ធបានចុះហាមឃាត់។ ហើយខាងក្រុមហ៊ុន រោងចក្រដំឡូងមី កំពុងជួសជុលប្រពន្ធ័បង្ហូរទឹក និងក្លិនស្អុយ ដើម្បីឲ្យបាត់ស្អុយ នៅពេលឆាប់ៗ ខាងមុខនេះហើយ៕