(កំពត)៖ នៅព្រឹក ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ នៅសាលាខេត្តកំពត លោក ជាវ តាយ អភិបាលខេត្ត បានដឹកនាំ កិច្ចប្រជុំពិភាក្សា ស្ដីពីការងារត្រៀមចូលរួមរៀបចំតាំងពិព័រណ៍ បង្ហាញពីសមិទ្ធផលក្នុងពិធីសម្ពោធ វិមានអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ និងការងារឆ្លងឆ្នាំសកល២០១៨ ឈានចូលឆ្នាំ២០១៩។

លោកអភិបាលខេត្ត បានថ្លែងថា ការដាក់តាំងសមិទ្ធផល ក្នុងពិធីសម្ពោធវិមាន អនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះនេះ គឺផ្អែកទៅលើគោលការណ៍ ណែនាំរបស់ថ្នាក់ជាតិ ក្នុងគោលបំណងក្រៅពីការសម្ដែង នូវភាពកតញ្ញូ ការរំឭកគុណតម្លៃ នៃនយោបាយឈ្នះ ឈ្នះ ព្រមទាំងអ្នកដឹកនាំ គឺជាការរៀបចំឡើងដើម្បីបង្ហាញ នូវសមិទ្ធផលនានា ដែលទទួលដោយសន្ដិភាព និងការអភិវឌ្ឍ ក្នុងមាតុភូមិកម្ពុជា ជាពិសេសបំផុត ការឆ្លុះបញ្ចាំងឲ្យឃើញនៃរយៈពេល២០ឆ្នាំ​ក្រោយនយោបាយឈ្នះ ឈ្នះ បានបញ្ចប់សង្គ្រាមទាំងស្រុង និងបានទទួលសន្ដិភាព។

លោក ជាវ តាយ បន្តថា សមិទ្ធផលនិងការអភិវឌ្ឍទាំងអស់ ដែលកំពុងមានជាក់ស្ដែងនេះ គឺជាតឹកតាង អំពីភាពសុខដុមរម្មណីយកម្ម របស់សង្គមកម្ពុជាក្នុងដំណាក់កាល ដែលកម្ពុជាឲ្យឈ្នោះថា សម័យកាលតេជោសែន មានការរីកចម្រើនលើគ្រប់វិស័យ។

លោកអភិបាលខេត្ត ក៏បានសំណូមពរ និងផ្ដាំផ្ញើឲ្យគ្រប់ថ្នាក់ដឹកនាំខេត្ត និងមន្ទីរ អង្គភាពជុំវិញខេត្ត និងអាជ្ញាធរក្រុង ស្រុកត្រូវយកចិត្តទុកដាក់ពីបញ្ហារូបភាព ទាំងសកម្មភាព និងសមិទ្ធផលនានា រីកចម្រើនក្នុងខេត្តដោយផ្សារភ្ជាប់នយោបាយ សន្តិសុខ សេដ្ឋកិច្ចជាមួយជីវភាពរីកចម្រើន របស់ប្រជាពលរដ្ឋ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីដឹកនាំប្រទេសជាតិ ពិសេសឆ្លុះបញ្ចាំងក្រោយរយះពេល២០ឆ្នាំ នៃនយោបាយឈ្នះ ឈ្នះ បានបញ្ចប់សង្គ្រាមទាំងស្រុង។

លោកក៏បានបញ្ជាក់ដែរថា ចំពោះការងារឆ្លងឆ្នាំសកលឈានចូលឆ្នាំ២០១៩ ខាងមុខនេះដែរ បើទោះបីរដ្ឋបាលខេត្ត មិនមានគម្រោងអ្វីធំដុំខុសប្លែកពីឆ្នាំមុនៗ ប៉ុន្តែសូមឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ទីរ អង្គភាពជុំវិញខេត្ត ទាំងអស់ត្រូវត្រៀមលក្ខណៈចូលរួមឲ្យបានសស្រាក់សស្រាំ ដើម្បីធ្វើយ៉ាងណាបង្កឱកាស ការសប្បាយជូនប្រជាពលរដ្ឋ ក៏ដូចភ្ញៀវទេសចរជាតិ-អន្តជាតិ មកកម្សាន្តសប្បាយ ប្រកបដោយសុខសុវត្ថិភាព និងអធិកអធមផងដែរ៕