(ភ្នំពេញ)៖ លោក នុត ពុធដារ៉ា ជំនួយការសម្តេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអភិបាលខណ្ឌដង្កោ នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨នេះ បានសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋ និងពិនិត្យមើលគម្រោងស្ថាបនាផ្លូវបេតុង០១ខ្សែ ក្នុងភូមិអញ្ចាញ សង្កាត់ស្ពានថ្ម។

ថ្លែងក្នុងឱកាសនោះ លោកអភិបាលខណ្ឌ បានធ្វើការផ្តាំផ្ញើ​ការសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ដែលជានិច្ចកាលតែងគិតគូរដល់ការលំបាករបស់​ប្រជាពលរដ្ឋទាំងអស់។ ជាក់ស្ដែង​នៅថ្ងៃនេះ រដ្ឋបាលខណ្ឌ​ បានដឹកនាំមន្ត្រីរាជការ ចុះពិនិត្យគម្រោងស្ថាបនា ផ្លូវបេតុ០១ខ្សែទៀត ដែលជាសមិទ្ធផលថ្មី ទុកសម្រាប់​ប្រជាពលរដ្ឋប្រើប្រាស់ សម្រួលដល់ការធ្វើដំណើរ និងបង្កើនសោភណ្ឌភាពនៃការរស់នៅ​ផងដែរ។

លោក នុត ពុធដារ៉ា ក៏បានលើកឡើងពីការអភិវឌ្ឍរីកចម្រើនឥតឈប់ឈររបស់ប្រទេសជាតិ ក្រោមការដឹកនាំ​របស់សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា ជូនប្រជាពលរដ្ឋផងដែរ ដែលធ្វើឲ្យប្រជាពលរដ្ឋ​អបអរសាទរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្ដេច និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានគិតគូរដល់ការលំបាករបស់ពួកគាត់៕