(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ហោង ណាំហុង គឺជាឧត្តមមន្ត្រីមួយរូបនៅក្នុងជួររាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាពេលបច្ចុប្បន្ន ហើយបានចូលរួមធ្វើ សកម្មភាពយ៉ាងច្រើន ជាប្រយោជន៍សម្រាប់សង្គមជាតិ និងប្រជាជនកម្ពុជា។ ដោយមានបទពិសោធន៍ខ្ពស់លើជំនាញការទូតលោក ហោ ណាំហុង បានចូលរួមអមដំណើរសម្តេចតេជោ ហ៊ុន សែន បំពេញបេសកកម្មការទូតតាំងពីប្រទេសកម្ពុជា ទើបរំដោះចេញពីរបបប្រល័យពូជសាសន៍ ប៉ុលពត។

ក្នុងដំណាក់កាលដ៏យ៉ាប់យ៉ឺនបំផុតជាពិសេសក្នុងពេលដែលកម្ពុជាត្រូវបានហ៊ុព័ទ្ធសេដ្ឋកិច្ចដោយប្រទេសលោកសេរីនាទស្សវត្សរ៍ឆ្នាំ៨០ រហូតដល់ដើមឆ្នាំ៩០ លោក ហោ ណាំហុង តែងតែបានអមដំណើរសម្តេចតេជោ ហ៊ុន សែន ជាប់ជានិច្ចបំពេញបេសកកម្មការងារស្វែងរកការចងសម្ព័ន្ធភាពពីបណ្តានានានៅលើពិភពលោក ក៏ដូចជាការស្វែងរកការគាំទ្រ និងកិច្ចអន្តរាគមន៍ផ្សេងៗពីបរទេសឈានទៅសម្រេចបានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១។

លោក ហោ ណាំហុង ធ្លាប់បានបម្រើការងារជាមន្ត្រីការបរទេស តាំងពីក្នុងសម័យសង្គមរាស្ត្រនិយមរបស់សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ មកម្ល៉េះ។ លុះក្រោយរបបខ្មែរក្រហម ដួលរលំលោកក៏ត្រូវបានផ្តល់ការងារជាមន្ត្រីការបរទេស ដោយតែងបានអមដំណើរសម្តេចតេជោ ហ៊ុន សែន ជាប់ជានិច្ច។ លោក ហោ ណាំហុង បានបំពេញការងារជារដ្ឋមន្ត្រីក្រសួងការបរទេស រយៈពេលប្រមាណជា ២១ឆ្នាំ ដោយធ្វើចន្លោះពីឆ្នាំ១៩៩០ ដល់ឆ្នាំ១៩៩៣ មុនរូបលោកត្រូវបានតែងតាំងទៅបំពេញការងារជាឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសបារាំង និងសហភាពអឺរ៉ុប ចន្លោះឆ្នាំ១៩៩៣-១៩៩៨ ហើយត្រូវបានតែងតាំងឲ្យកាន់តំណែងរដ្ឋមន្ត្រីការបរទេសជាថ្មីម្តងទៀតពីឆ្នាំ ១៩៩៨ រហូតដល់រហូតដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៦ ទើបត្រូវបានប្តូរចេញពីតួនាទីមួយនេះ។

ក្នុងតួនាទីជារដ្ឋមន្ត្រីក្រសួងការបរទេស លោក ហោ ណាំហុង បានរួមចំណែកជួយជ្រោមជ្រែងឲ្យរាជរដ្ឋាភិបាលរបស់សម្តេចតេជោ ហ៊ុន សែន សម្រេចបានសមិទ្ធផលជាច្រើនដូចជា ការចូលជាសមាជិកអាស៊ាននៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩, ផ្ដួចផ្ដើមឲ្យមាន «សេចក្ដីថ្លែងការណ៍ស្ដីពីប្រតិបត្តិរបស់បណ្ដាភាគីនៅសមុទ្រចិនខាងត្បូង (DOC)» កាលពីឆ្នាំ២០០២ ពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ាន, តំណាងរាជរដ្ឋាភិបាលកម្ពុជាក្នុងតុលាការយុត្តិធម៌អន្តរជាតិសម្រាប់ការបកស្រាយសាលក្រមឆ្នាំ១៩៦២ ស្ដីពីប្រាសាទព្រះវិហារ រហូតទទួលបានជោគជ័យដោយតុលាការយុត្តិធម៌អន្តរជាតិបញ្ជាក់ជាថ្មីពីភាពជាម្ចាស់កម្មសិទ្ធិលើប្រាសាទព្រះវិហារនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៣។

តាមរយៈកិច្ចប្រឹងប្រែងក្នុងការបម្រើជាតិ លោក ហោ ណាំហុង ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជាទេសរដ្ឋមន្ត្រីចាប់ពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០០៤។ ហើយចាប់ពីឆ្នាំ២០០៤ មកដល់បច្ចុប្បន្នជាឧបនាយករដ្ឋមន្ត្រី។ តាមរយៈស្នាដៃការងារលោក ហោ ណាំហុង ទទួលបានគ្រឿងឥស្សរិយយសជាច្រើនផងដែរដូចជា៖ មេដាយព្រះរាជាណាចក្រកម្ពុជា ថា្នក់មហាសេរីវឌ្ឍន៍, មេដាយជាតូបការ, មេដាយ Grand Officier de l’Ordre National du Mérite ទទួលបានពីប្រទេសបារាំង និងមេដាយលើកតម្កើងដំរីស ថ្នាក់មហាសេរីវឌ្ឍន៍ ទទួលបានពីប្រទេសថៃឡង់ដ៍។

លោក ហោ ណាំហុង បានកើតនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ១៩៣៥ នៅស្ថានីយរថភ្លើងនៃភូមិទួលលាភ បច្ចុប្បន្នខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ លោកក៏ជាកុលបុត្រខ្មែរមួយរូប ដែលទទួលបានការសិក្សាអប់រំខ្ពស់ផងដែរ។ ពីកុមារភាពលោកបានសិក្សានៅវត្តធ្លាចាស់ (ឧដុង្គ), ឆ្នាំ១៩៤៤-១៩៥០សិក្សានៅសាលាបឋមសិក្សានៅភ្នំពេញ, ឆ្នាំ១៩៥០-១៩៥៦ សិក្សានៅវិទ្យាល័យស៊ីសុវត្ថិ រាជធានីភ្នំពេញ, ឆ្នាំ១៩៥៦ ទទួលសញ្ញាបត្រទុតិយភូមិ, ឆ្នាំ១៩៥៧-១៩៥៩ សិក្សានៅមហាវិទ្យាល័យនីតិសាស្ត្រភ្នំពេញ, ឆ្នាំ១៩៥៩ ទទួលសញ្ញាបត្រ «Baccalauréat en Droit», ឆ្នាំ១៩៦០-១៩៦២ ត្រៀមប្រឡងចូលសាលាភូមិន្ទរដ្ឋបាល និងធ្វើការបណ្តោះអាសន្ននៅក្រសួងកសិកម្ម, ពី១៩៦៣-១៩៦៥ សិក្សានៅសាលាភូមិន្ទរដ្ឋបាល, ឆ្នាំ១៩៦៥ ទទួលសញ្ញាបត្រមន្ត្រីជាន់ខ្ពស់ (ផ្នែកការទូត) នៃសាលាភូមិន្ទរដ្ឋបាល, ឆ្នាំ១៩៧២ ទទួលបានបរិញ្ញាបត្រជាន់ខ្ពស់នីតិសាស្ត្រ (សាកលវិទ្យាល័យប៉ង់តេអុង ប៉ារីស)។ លោកក៏បានទទួលសញ្ញាបត្រពីវិទ្យាស្ថានជាន់ខ្ពស់សិក្សាអន្តរជាតិ នៃសាកលវិទ្យាល័យប៉ារីសផងដែរ។

មានប្រជាពលរដ្ឋខ្មែរជាច្រើនបានស្គាល់ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង តាមរយៈការបង្ហាញមុខក្នុងបេសកកម្មការងារបម្រើជាតិ និងប្រជាជនកម្ពុជា តាំងពីសម័យសង្គមរាស្ត្រនិយមមកនោះ។ តែប្រវត្តិលំអិតពាក់ព័ន្ធនឹងការសិក្សារៀនសូត្រ និងការបំពេញការងាររបស់លោកមិនសូវជាមានប្រជាពលរដ្ឋខ្មែរបានដឹងនោះទេ។ ខាងក្រោម គឺជាប្រវត្តិមួយចំនួនពាក់ព័ន្ធការសិក្សា និងការបម្រើការងាររបស់លោក៖

* ប្រវត្តិ៖
- នាមត្រកូល និងនាមខ្លួន៖ ហោ ណាំហុង
- ថ្ងៃខែឆ្នាំកំណើត៖ ១៥-វិច្ឆិកា-១៩៣៥
- ទីកន្លែងកំណើត៖ ស្ថានីយរថភ្លើងនៃភូមិទួលលាភ (បច្ចុប្បន្នខណ្ឌពោធិ៍សែនជ័យ) រាជធានីភ្នំពេញ

* ការសិក្សាអប់រំ៖
- ១៩៤២ - ១៩៤៣៖ នៅវត្តធ្លាចាស់ (ឧដុង្គ)
- ១៩៤៤ - ១៩៥០៖ សាលាបឋមសិក្សា នៅភ្នំពេញ
- ១៩៥០ - ១៩៥៦៖ វិទ្យាល័យស៊ីសុវត្ថិ (ភ្នំពេញ)
- ១៩៥៦ : សញ្ញាបត្រទុតិយភូមិ
- ១៩៥៧ - ១៩៥៩៖ សិក្សានៅមហាវិទ្យាល័យនីតិសាស្ត្រភ្នំពេញ
- ១៩៥៩ : សញ្ញាបត្រ «Baccalauréat en Droit»
- ១៩៦០ - ១៩៦២៖ ត្រៀមប្រឡងចូលសាលាភូមិន្ទរដ្ឋបាល ធ្វើការបណ្តោះអាសន្ន នៅក្រសួងកសិកម្ម
- ១៩៦៣ - ១៩៦៥៖ សិក្សានៅសាលាភូមិន្ទរដ្ឋបាល
- ១៩៦៥ : សញ្ញាបត្រមន្ត្រីជាន់ខ្ពស់ (ផ្នែកការទូត) នៃសាលាភូមិន្ទរដ្ឋបាល
- ១៩៧២ : បរិញ្ញាបត្រជាន់ខ្ពស់នីតិសាស្ត្រ (សាកលវិទ្យាល័យប៉ង់តេអុង ប៉ារីស), សញ្ញាបត្រនៃវិទ្យាស្ថានជាន់ខ្ពស់សិក្សាអន្តរជាតិ (សាកលវិទ្យាល័យប៉ារីស)

* មុខតំណែង
- ១៩៦៥ - ១៩៦៧៖ ឧត្តមមន្ត្រីនៅក្រសួងការបរទេស
- ១៩៦៧ - ១៩៧០៖ លេខាធិការ ភារធារីស្តីទីស្ថានទូតកម្ពុជាប្រចាំប្រទេស បារាំង
- តុលា ១៩៧០៖ ប្រកាសចូលរួមរណសិរ្សរួបរួមជាតិកម្ពុជា (FUNK) របស់សម្ដេចព្រះនរោត្តម សីហនុ
- តុលា ១៩៧០ - ១៩៧៣៖ បេសកកម្មរណសិរ្សរួបរួមជាតិកម្ពុជា ប្រចាំទីក្រុងប៉ារីស
- ១៩៧៣ - ១៩៧៥៖ ឯកអគ្គរដ្ឋទូតនៃរដ្ឋាភិបាលរួបរួមជាតិកម្ពុជា ប្រចាំប្រទេសគុយបា
- ធ្នូ ១៩៧៥៖ ត្រូវបានខ្មែរក្រហមហៅចូលប្រទេសវិញ (រយៈពេល១០ថ្ងៃដើម្បីអប់រំ) (ជាមួយនឹងអ្នកការទូតទាំងអស់នៃរដ្ឋាភិបាលរួបរួមជាតិកម្ពុជា)។
- ១៩៧៥ - មករា ១៩៧៩៖ អ្នកទោសខ្មែរក្រហមនៅតាមជំរំនានា៖ សួង (ខេត្តត្បូងឃ្មុំបច្ចុប្បន្ន), ច្រាំងចំរេះ (ខណ្ឌឫស្សីកែវ ភ្នំពេញ) និងបឹងត្របែក (ខណ្ឌចំការមន ភ្នំពេញ)
- ៧ មករា ១៩៧៩៖ ត្រូវបានជម្លៀសដោយខ្មែរក្រហម ទៅសហករណ៍ នៅស្ថានីយរថភ្លើងស្ដុកអាចម៍រមាស (ខេត្តកំពង់ឆ្នាំង) និងនៅអមលាំង (ខេត្តកំពង់ស្ពឺ)
- មករា-មេសា ១៩៧៩៖ រត់ចេញពីសហករណ៍ខ្មែរក្រហម ពួនក្នុងព្រៃ
- មេសា ១៩៧៩៖ ត្រូវបានរំដោះដោយកងកម្លាំងរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា (FUNSK) និងកងទ័ពវៀតណាមនៅស្រុកសំឡូត (ខេត្តបាត់ដំបង)
- កញ្ញា ១៩៧៩៖ ជំនួយការរដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណរដ្ឋប្រជាមានិតកម្ពុជា
- ១៩៨០ - ១៩៨២៖ អនុរដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណរដ្ឋប្រជាមានិតកម្ពុជា
- ១៩៨២ - ១៩៨៩៖ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតកម្ពុជា ប្រចាំសហភាពសូវៀត
- កក្កដា ១៩៨៨៖ កិច្ចប្រជុំហ្សាកាតាក្រៅផ្លូវការលើកទី១ (JIM 1) (រវាងភាគីជម្លោះកម្ពុជានិងបណ្ដាប្រទេសសមាជិកអាស៊ាន នៅបូគ័រ) -ប្រទេសឥណ្ឌូនេស៊ី
- កុម្ភៈ ១៩៨៩៖ កិច្ចប្រជុំហ្សាការតាក្រៅផ្លូវការលើកទី២ (JIM 2) នៅទីក្រុងហ្សាការតា (ប្រទេសឥណ្ឌូនេស៊ី)
- ១៩៨៨ - ១៩៩១៖ សមាជិកអចិន្ត្រៃយ៍ គណៈប្រតិភូ នៃរដ្ឋកម្ពុជា ក្នុងការចរចាសន្តិភាពជាមួយសម្ដេចព្រះនរោត្តម សីហនុ
- ឧសភា- ១៩៨៩៖ រដ្ឋមន្ត្រីអមទីស្ដីការគណៈរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការការបរទេសនិងយុត្តិធម៌
- វិច្ឆិកា ១៩៩០៖ រដ្ឋមន្ត្រីក្រសួងការបរទេស នៃរដ្ឋកម្ពុជា
- ២៣ តុលា ១៩៩១៖ ហត្ថលេខីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស
- កញ្ញា ១៩៩២៖ ប្រធានគណៈប្រតិភូកម្ពុជាចូលរួមមហាសន្និបាត លើកទី៤៧ របស់អង្គការសហប្រជាជាតិ។
- ១៩៩១- ១៩៩៣៖ រដ្ឋមន្ត្រីក្រសួងការបរទេស សមាជិកនៃក្រុមប្រឹក្សាជាតិ ជាន់ខ្ពស់។
- កក្កដា - វិច្ឆិកា ១៩៩៣៖ ទេសរដ្ឋមន្ត្រីនៃរដ្ឋាភិបាលជាតិបណ្ដោះអាសន្ននៃកម្ពុជា
- ១៩៩៣ - ១៩៩៨៖ ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសបារាំង និងសហភាពអឺរ៉ុប
- ៣០ មេសា ១៩៩៩៖ រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្ដរជាតិចូលរួម ពិធីចូលជាសមាជិក«អាស៊ាន»
- ១៩៩៨ - ២០០៤៖ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សមាជិករដ្ឋសភា
- ០៤ វិច្ឆិកា ២០០២៖ ផ្ដួចផ្ដើមឲ្យមាន «សេចក្ដីថ្លែងការណ៍ស្ដីពីប្រតិបត្តិរបស់ បណ្ដាភាគីនៅសមុទ្រចិនខាងត្បូង (DOC)»
- ២០០១ - ២០០២៖ អនុប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ
- ២០០១ - ២០១៤៖ ប្រធានគណៈប្រតិភូកម្ពុជាចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ ក្នុងរយៈពេល១០ឆ្នាំ (លើកលែងឆ្នាំ២០០៥, ឆ្នាំ២០០៨, ឆ្នាំ២០១០ និងឆ្នាំ២០១៣)
- ២០០៤ - ២០១៦៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សមាជិករដ្ឋសភា
- ២០១១ - ២០១៣៖ តំណាងរាជរដ្ឋាភិបាលកម្ពុជាក្នុងតុលាការយុត្តិធម៌អន្តរជាតិសម្រាប់ការបកស្រាយសាលក្រមឆ្នាំ១៩៦២ ស្ដីពីប្រាសាទព្រះវិហារ
- ១១ វិច្ឆិកា ២០១៣៖ បានទទួលជោគជ័យនៃការកាត់ក្ដីរបស់តុលាការយុត្តិធម៌អន្តរជាតិ
- មេសា ២០១៦ - កញ្ញា ២០១៨៖ ឧបនាយករដ្ឋមន្ត្រី សមាជិករដ្ឋសភា
- ១៩៩៨ - ២០១៨៖ សមាជិករដ្ឋសភា ចំនួន៤អាណត្តិ

* គ្រឿងឥស្សរិយយស៖
- មេដាយព្រះរាជាណាចក្រកម្ពុជា ថា្នក់មហាសេរីវឌ្ឍន៍, មេដាយជាតូបការ, មេដាយ Grand Officier de l’Ordre National du Mérite
ទទួលបានពីប្រទេសបារាំង និងមេដាយលើកតម្កើងដំរីស ថ្នាក់មហាសេរីវឌ្ឍន៍ ទទួលបានពីប្រទេសថៃឡង់ដ៏៕