(ភ្នំពេញ)៖ ប្រមុខការទូតកម្ពុជាឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នៅខែមករា ឆ្នាំ២០១៩ខាងមុខដ៏ខ្លីនេះ នឹងអញ្ជើញចូលរួមកិច្ចប្រជុំអាស៊ាន-អឺរ៉ុប ដែលប្រារព្ធធ្វើឡើងនៅទីក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្ស៉ិក។ នេះបើតាមការបញ្ជាក់របស់លោក កេត សុផាន់ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាថ្លែងប្រាប់ក្រុមអ្នកព័ត៌មានក្រោយជំនួបរវាងឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងលោក Wang wentian ឯកអគ្គរដ្ឋទូតថ្មីរបស់ចិនប្រចាំនៅកម្ពុជានៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨។

លោក កេត សុផាន់ បានឲ្យដឹងថា ក្នុងអំឡុងពេលចូលរួមកិច្ចប្រជុំនៅប្រទេសប៊ែលហ្ស៉ិក លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងជួបពិភាក្សាការងារជាមួយលោកស្រីស្នងការពាណិជ្ជកម្មអឺរ៉ុប ដែលទទួលបន្ទុកផ្នែកពាណិជ្ជកម្ម។ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏នឹងជួបពន្យល់លើបញ្ហាសិទ្ធិមនុស្ស និងការប្រកាន់ខ្ជាប់នូវលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ក្នុងបំណងឲ្យសហគមន៍អឺរ៉ុប បន្តផ្តល់ការអនុគ្រោះពន្ធលើទំនិញកម្ពុជាលើកលែងតែសព្វាវុធ (EBA) ផងដែរ។

បើតាមលោក កេត សុផាន់ បានគូសបញ្ជាក់ថា ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងបន្តប្រឹងប្រែងសម្របសម្រួល ក៏ដូចលើកយកតថភាពជាក់ស្តែងនៅក្នុងសង្គមកម្ពុជា ដើម្បីធ្វើយ៉ាងណាឲ្យសហគមន៍អឺរ៉ុបបន្តផ្តល់ការអនុគ្រោះពន្ធសម្រាប់ទំនិញកម្ពុជា។

សូមបញ្ជាក់ថា បច្ចុប្បន្នគណៈកម្មការអឺរ៉ុប កំពុងពិចារណាដកការអនុគ្រោះពន្ធសម្រាប់ការនាំចូលទំនិញរបស់កម្ពុជា ក្រោមការចោទប្រកាន់ថា កម្ពុជាបានរំលោភសិទ្ធិមនុស្ស និងធ្វើឲ្យចុះខ្សោយនៃដំណើរការលទ្ធិប្រជាធិបតេយ្យជាដើម។ ប៉ុន្តែការចោទប្រកាន់បែបនេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាចេញមកច្រានចោលច្រើនលើកច្រើនសារមកហើយ។

ប្រសិនបើអឺរ៉ុបដកការអនុគ្រោះពន្ធលើទំនិញនាំចូលពីប្រទេសកម្ពុជាមែននោះ វានឹងធ្វើឲ្យកម្ពុជាត្រូវខាតបង់ថវិកាបានពីការមិនបង់ពន្ធជិត ៧០០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។ មន្ត្រីទទួលបន្ទុកពាណិជ្ជកម្ម និងក្រុមហ៊ុនរបស់បណ្តាប្រទេសក្នុងតំបន់អឺរ៉ុបជាច្រើន ដែលកំពុងរកស៊ីនៅក្នុងប្រទេសកម្ពុជា សុទ្ធតែបានប្រឆាំងចំពោះការគំរាមដកការអនុគ្រោះពន្ធនេះ។ ពួកគេបានលើកឡើងថា ការដកអនុគ្រោះពន្ធនេះ វានឹងធ្វើឲ្យអសារបង់នូវកិច្ចប្រឹងប្រែងរបស់អឺរ៉ុប ដែលបានជួយកម្ពុជាជាច្រើនឆ្នាំកន្លងមកនេះ៕