(ភ្នំពេញ)៖ អនុវត្តតាមអនុសាសន៍ណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន រដ្ឋបាលរាជធានីភ្នំពេញ កំពុងសហការជាមួយអគ្គិសនីកម្ពុជា ដើម្បីរៀបចំការបញ្ចុះតម្លៃប្រើប្រាស់អគ្គិសនី តាមតូបលក់ដូររបស់អាជីវករ ក្នុងផ្សារទាំងអស់នៅរាជធានីភ្នំពេញ មកត្រឹម៧៤០រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោង ដោយនឹងចាប់ផ្តើមពីខែមករា ឆ្នាំ២០១៩នេះតទៅ។

ជាក់ស្ដែង នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ រដ្ឋបាលខណ្ឌច្បារអំពៅ លោក ថេង សុថុល អភិបាលរងខណ្ឌ បានចុះជួបបងប្អូនអាជីវករសំណេះសំណាល ដោយមានការចូលរូមពីសំណាក់លោក គួច ចំណាន ប្រធានផ្សារច្បារអំពៅ និងលោក សាន់ ប៊ុណ្ណា ប្រធានផ្សារបន្លែ ដើម្បីផ្សព្វផ្សាយជូនអាជីវករអំពីតម្លៃអគ្គិសនីថ្មីនេះ នៅផ្សារច្បារអំពៅ និងផ្សារបន្លែ ធ្វើឲ្យបងប្អូនសប្បាយរីករាយ។

លោក ថេង សុថុល បានឲ្យដឹងថា កាលពីពេលថ្មីៗនេះ សម្តេចតេជោ បានលើកឡើងដោយទាក់ទងទៅនិង ការបញ្ចុះតំលៃភ្លើងជាផ្លូវការ ដោយចាប់តាំងពីដើមខែមករា ឆ្នាំ២០១៩នេះតទៅ ហើយកាលពីមុន ការប្រើប្រាស់ ចរន្តអគ្គីសនី មានតំលៃខ្ពស់បំផុត នៅលើទីផ្សារសេរី។ ក្នុង១គីឡូវ៉ាត់ម៉ោង តំលៃ១៤០០រៀល ទៅ១,៥០០រៀល ក្រោយពីការចុះពីតំលៃខ្ពស់មកកំរិតទាប ក្នុងតំលៃ៧៤០រៀល ក្នុង១គីឡូវ៉ាត់ម៉ោង។

លោកបានបន្តថា ក្រោយពីបានទទួលនៅព័ត៌មាន ដែលទាក់ទងទៅនិងរឿងភ្លើងនេះ បានធ្វើឲ្យបងប្អូនអាជីវករទាំងអស់ លោកបានសារទរចំពោះចំណាត់ការដ៏ល្អប្រពៃនេះ ក្នុងគោលបំណងជួយកាត់បន្ថយ នៅភាពក្រីក្ររបស់ប្រជាពលរដ្ធ។ ទាក់ទិន និងបញ្ហាខាងលើនេះដែរ បងប្អូនទាំងអស់បានថ្លែងអបអរសាទរ និងជូនពរចំពោះសម្តេចតេជា បានសេចក្តីសុខគ្រប់ប្រការ។

អាជីវករលក់ស្បែកជើង លោក តាំង ជុង អាយុ២៨ឆ្នាំ ស្នាក់នៅសង្កាត់ច្បារអំពៅ១ បានថ្លែងដោយទឹកមុខសប្បាយរីករាយថា «គាត់ និងក្រុមគ្រួសារ លក់ដូរនៅផ្សារច្បារអំពៅ យូរយារមកហើយ ទើបតែពេលនេះ គាត់ទទួល បាននូវភាពរំភើបរីករាយក្នុងចិត្តយ៉ាងខ្លាំង ដែលរាជរដ្ឋាភិបាល ពិសេសសម្តេចតេជោ ហ៊ុន សែន បានគិតគូរពីសុខទុក្ខរបស់អាជីវករ ពីតម្រូវការរបស់អាជីវករ ជួយកាត់បន្ថយការចំណាយក្នុងការប្រើប្រាស់អគ្គិសនី ដែលក្រុមអាជីវករចង់បាននាពេលនេះ។

អំស្រី ណូ ណាស់ អាយុ ៥៦ឆ្នាំ អាជីវករលក់គ្រឿងទេស ក៏ដូចជាអាជីវករ នៅផ្សារច្បារអំពៅទាំងអស់ បានសម្តែងភាពត្រេកអរយ៉ាងខ្លាំង ដែលបានបញ្ចុះតម្លៃអគ្គិសនី មកនៅត្រឹម៧៤០រៀល ក្នុង១គីឡូវ៉ាត់។ អំស្រីបន្ត ទៀតថា «ខ្ញុំសូមអរគុណសម្តេចតេជោ ហ៊ុន សែន ដែលបានជួយកាតបន្ថយភាពក្រីក្រ ដល់អាជីវករ និងសូមឲ្យសម្តេចតេជោ មានសុខភាពល្អ បន្តដឹកនាំអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យមានការរីកចំរើនជាងនេះទៅទៀត»៕