(កំពង់ចាម)៖ លោកបណ្ឌិត ម៉ា ឈឿន តំណាងរាស្ដ្រមណ្ឌលកំពង់ចាម សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្ដាល ​ចុះជួយស្រុកជើងព្រៃ បានបើកកិច្ចប្រជុំបូកសរុបការងារបក្ស និងសកម្មភាពក្រុមការងារ ប្រចាំឆ្នាំ២០១៨ ដាក់ទិសដៅភារកិច្ចឆ្នាំ២០១៩ និងផ្សព្វផ្សាយ សេចក្ដីសម្រេចចិត្ដ សន្និបាត គណៈកម្មាធិការកណ្ដាលលើកទី៤១ អាណតិ្ដទី៥ ដែលមានអ្នកចូលរួមសរុបប្រមាណជិ៤០០នាក់ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨។

ក្នុងឱកាសនោះ លោកបណ្ឌិត ម៉ា ឈឿន បានថ្លែងថា ជោគជ័យដែលទទួលបានពេញរយៈពេលមួយឆ្នាំកន្លងមកនេះ គឺបានមកពីស្នាដៃរួមស្នាមគ្គីគ្នា យកចិត្ដទុកដាក់បំពេញកិច្ចការងារយ៉ាងសកម្ម ពិសេសការជួយដោះស្រាយរាល់បញ្ហារបស់ប្រជាពលរដ្ឋ ទាន់ពេលវេលា ប្រកបដោយតម្លាភាពខ្ពស់ ពិសេស ជួយដល់ចាស់ជរា គ្រួសារក្រីក្របំផុតគ្មានទីពឹង ក្មេងកំព្រា មរណភាព និងគ្រោះមហន្ដរាយនានា។

តំណាងរាស្ដ្រមណ្ឌលកំពង់ចាម ថ្លែងបន្ដថា «កត្ដាទាំងនេះហើយ ដែលបានធ្វើឲ្យប្រជាពលរដ្ឋយើង ទទួលបានភាពកក់ក្ដៅ ស្រលាញ់ និងជឿជាក់លើគណបក្សប្រជាជនកម្ពុជា ហើយទទួល បានជោគជ័យក្នុងការបោះឆ្នោតកន្លងមកនេះ។ ដូច្នេះមន្ដ្រីគ្រប់លំដាប់ថ្នាក់ ត្រូវបន្ដជួយដោះស្រាយបញ្ហាប្រឈមទាំងឡាយរបស់ប្រជាពលរដ្ឋ ពិសេសធ្វើយ៉ាងណាផ្ដល់ផលប្រយោជន៍ជូនពលរដ្ឋ ឲ្យដល់ដៃពួកគាត់ឲ្យកាន់តែច្រើន បន្ទាប់ពីផលប្រយោជន៍ប្រយោល តាមរយៈកសាងហេដ្ឋារចនាសម្ព័ន្ធ, ផ្លូវថ្នល់, ផ្លូវដែក, ស្ពាន, មន្ទីរពេទ្យ, សាលារៀន, វត្ដអារាម -ល-»

លោកបណ្ឌិត ម៉ា ឈឿន ថ្លែងទៀតថា តាមរយៈការដឹកនាំដ៏ប៉ិនប្រសព្វ និងឈ្លាសវៃរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី និងខិតខំបម្រើផលប្រយោជន៍ជាតិ និងប្រជាជន យើងត្រូវបានប្តេជ្ញាចិត្ត អនុវត្តទៅតាមគោលនយោបាយជាយុទ្ធសាស្ត្ររបស់គណបក្ស សំដៅជំរុញកំណើនសេដ្ឋកិច្ច សង្គម វប្បធម៌ និងរួមចំណែក កសាងកម្ពុជាជារដ្ឋរឹងមាំ ជឿនលឿន ជំរុញកិត្យានុភាព និងឧត្តមភាពជាតិ ។

ទន្ទឹមនឹងនោះ តំណាងរាស្រ្តមណ្ឌលកំពង់ចាមរូបនេះ ក៏បានថ្លែងជំរុញឲ្យក្រុមការងារ​ និងគណបក្ស​ខេត្ត ​ស្រុក​ ក្រុង​ ត្រូវសកម្ម និងបន្តដោះស្រាយបញ្ហាប្រឈម​ ដែលកើតមាននៅ​មូលដ្ឋាន​ និងបញ្ហាផ្សេងទៀត ជូនប្រជាពលរដ្ឋឲ្យបានប្រសើរទាន់ពេលវេលាភ្លាមៗ៕