(ភ្នំពេញ)៖ នៅសល់តែ៤ថ្ងៃទៀតប៉ុណ្ណោះ វិមានឈ្នះ-ឈ្នះ​ ដែលត្រូវបានកសាងឡើង ទុកជាសំណង់ប្រវត្តិសាស្ត្រ ទល់មុខពហុកីឡដ្ឋានជាតិអូឡាំពិកថ្មី នៅតំបន់អភិវឌ្ឍន៍លីយ៉ុងផាត់ នឹងត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ។ កម្មវិធីសម្ពោធវិមានឈ្នះ-ឈ្នះ នឹងប្រារព្ធធ្វើឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៩-៣១ ខែធ្នូ ឆ្នាំ២០១៨ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

សម្តេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨នេះ បានអញ្ជើញបងប្អូនជនរួមជាតិ និងភ្ញៀវទេសចរអន្តរជាតិទាំង ចូលរួមសម្ពោធវិមានឈ្នះ-ឈ្នះ ដើម្បីឲ្យព្រឹត្តិការណ៍នេះ​ ប្រកបដោយភាពឱឡារិក។

តាមរយៈ Facebook, សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់យ៉ាងដូច្នេះថា «កម្ពុជា អបអរសាទរចំពោះសមិទ្ធផល ប្រវត្តិសាស្រ្តនៃ វិមានឈ្នះ-ឈ្នះ ដែលត្រូវបានកសាងរួចស្រេចជាស្ថាពរ នៅលើទឹកដីសុវណ្ណភូមិ។ វិមានឈ្នះ-ឈ្នះ គឺជាតំណាងនៃការបង្រួបបង្រួមជាតិ ឯករាជ្យជាតិ សាមគ្គីភាព បូរណភាពទឹកដី វឌ្ឍនភាព និងវិបុលភាពនៃកម្ពុជាទាំងមូល»

សម្តេចមានប្រសាសន៍បន្តថា «សូមអញ្ជើញបងប្អូនជនរួមជាតិ និងភ្ញៀវទេសចរអន្តរជាតិចូលរួមសម្ពោធ វិមានឈ្នះ-ឈ្នះ ដែលនឹងប្រារព្ធធ្វើនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ២០១៨ (រយៈពេល៣ថ្ងៃ) នៅមហាវិថីឈ្នះ-ឈ្នះ ទល់មុខពហុកីឡដ្ឋានជាតិអូឡាំពិកថ្មី នៅតំបន់អភិវឌ្ឍន៌ លីយ៉ុងផាត់»

សម្រាប់ពិធីសម្ពោធវិមានប្រវត្តិសាស្រ្តនេះ, ឧត្តមសេនីយ៍ទោ Ci Guowei អគ្គនាយកអគ្គនាយកដ្ឋានសហប្រតិបត្តិការយោធាអន្តរជាតិ គណៈកម្មាធិការយោធាមជ្ឈិមចិន, នាយឧត្តមសេនីយ៍ ង៉ូ ស៊ុនលិច្ស រដ្ឋមន្រ្តីការពារប្រទេសវៀតណាម, ឧត្តមសេនីយ៍ឯក ចាន់ សាម៉ន ចាន់ញ៉ាឡាត់ រដ្ឋមន្រ្តីការពារប្រទេសឡាវ និងនាយឧត្តមសេនីយ៍ Prawit Wongsuwon ឧបនាយករដ្ឋមន្រ្តី​រដ្ឋមន្រ្តីក្រសួងការពារជាតិថៃ នឹងដឹកនាំគណៈប្រតិភូ មកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា នៅចុងខែធ្នូ ឆ្នាំ២០១៨នេះ ដើម្បីដឹកចូលរួមសម្ពោធ វិមានឈ្នះ-ឈ្នះផងដែរ។ នេះបើតាមនាយឧត្តមសេនីយ៍ ឈុំ សុជាត រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានឲ្យដឹងនៅព្រឹកថ្ងៃទី២៥ ខែធ្នូនេះ។

បើតាមប្រសាសន៍សម្តេចតេជោ​ ហ៊ុន​ សែន វិមានឈ្នះ-ឈ្នះ គឺបញ្ជាក់ច្បាស់ថា កម្ពុជាបានរួបរួមគ្នាជាធ្លុងមួយ ឈ្នះរួចផុតពីសង្រ្គាម ឈ្នះរួចផុតពីរបបប្រល័យពូជសាសន៍ ឈ្នះរួចផុតពីការបែងចែកទឹកដី តំបន់ត្រួតត្រា ឈ្នះរួចផុតពីភាពក្រីក្រ និងឈ្នះរួចផុតពីការអុចអាល ដោយបរទេស ដែលពេលនេះកម្ពុជា កំពុងដឹកនាំអនាគតវាសនាប្រទេសជាតិ ឆ្ពោះទៅរកភាពរុងរឿង នៅក្នុងសន្តិភាព ដ៏យូរអង្វែងនេះតទៅ។ វិមានឈ្នះ-ឈ្នះ គឺតំណាងឲ្យកម្ពុជាមានសុខសន្តិភាព និងឈ្នះជានិច្ចនិរន្តរ៍។

សូមជំរាបថា វិមានឈ្នះ-ឈ្នះនេះ បានចាប់ផ្តើមសាងសង់ឡើងកាលពីខែកុម្ភៈ ឆ្នាំ២០១៦ ដោយទំហំដី៨ហិចតា ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដើម្បជានិម្មិតរូប នៃសុខសន្តិភាពដែលកម្ពុជា ទទួលបានក្រោយពីបញ្ចប់សង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃ ជាច្រើនទសវត្សរ៍កន្លងមក។ ជាងនេះទៀត វិមាននេះនឹងក្លាយជាកេរមរតក សម្រាប់កូនចៅជំនាន់ក្រោយផងដែរ៕