(ព្រះវិហារ)៖ រដ្ឋបាលខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨នេះ បានរៀបចំពិធីប្រកាសចូលកាន់តំណែងអភិបាលរងខេត្ត និងនាយករដ្ឋបាលសាលាខេត្តព្រះវិហារ ក្រោមវត្តមានលោក លេង វ៉ី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងមានការអញ្ជើញចូលរួមពីលោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការមន្ទីរជុំវិញខេត្តជាច្រើនរូបទៀត។

សូមបញ្ជាក់ថា លោក មុត វិសុទ្ធនា អតីតនាយករដ្ឋបាលសាលខេត្តព្រះវិហារ ត្រូវបានតែងតាំងជាអភិបាលរងខេត្តព្រះវិហារ។ ដោយឡែក លោក យ៉ុង គឹមហឿង នាយករងរដ្ឋបាលសាលា ខេត្តព្រះវិហារ ត្រូវបានតែងតាំងជានាយករដ្ឋបាលខេត្តព្រះវិហារ។

លោក លេង វ៉ី បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះស្នាដៃ និងការដឹកនាំកន្លងមក ដែលខេត្តព្រះវិហារ សម្រេចបាននូវលទ្ធផលការងារ បានយ៉ាងល្អប្រសើរ។

លោកក៏បានធ្វើការផ្តាំផ្ញើ ដល់អភិបាលរងខេត្ត និងនាយករដ្ឋបាលសាលាខេត្តថ្មីទាំង២រូប ក៏ដូចជាគណៈអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត មន្ទីរអង្គភាពស្ថាប័ន និងមន្ត្រីរាជការក្នុងខេត្តទាំងអស់ បន្តរួបរួមគ្នា ដើម្បីធ្វើជាស្នូលសាមគ្គីភាព ខិតខំប្រឹងប្រែងតទៅទៀត ពុះពារជំនះឱ្យបាននូវរាល់ការលំបាក រួមចំណែកយ៉ាងសកម្មនូវ ក្នុងការអនុវត្តន៍គោលនយោបាយ យុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាល ដើម្បីបង្កើននូវប្រសិទ្ធភាពការងារ ដើម្បីរួមគ្នាកសាងអភិវឌ្ឍន៍ខេត្តព្រះវិហារ ឱ្យកាន់តែមានការអភិវឌ្ឍលើគ្រប់វិស័យជាបន្ត ដោយធ្វើយ៉ាងណា ធ្វើឱ្យកម្រិតជីវភាពប្រជាពលរដ្ឋ កាន់តែល្អប្រសើរបន្ថែមទៀត៕