(ភ្នំពេញ)៖ រដ្ឋមន្ត្រីការពារជាតិវៀតណាម, ឡាវ, ថៃ និងអគ្គនាយកដ្ឋាន សហប្រតិបត្តិការយោធាអន្តរជាតិចិន នឹងមកទស្សនកិច្ចព្រមគ្នា នៅចុងខែធ្នូ ឆ្នាំ២០១៨នេះ ដើម្បីចូលរួមសម្ពោធវិមានឈ្នះ ឈ្នះ។ នេះបើតាមការបញ្ជាក់របស់ នាយឧត្តមសេនីយ៍ ឈុំ សុជាត អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨។

តាមរយៈ Facebook ផ្លូវការរបស់ខ្លួន, នាយឧត្តមសេនីយ៍ ឈុំ សុជាត បានថ្លែងថា ឧត្តមសេនីយ៍ទោ Ci Guowei អគ្គនាយកអគ្គនាយកដ្ឋានសហប្រតិបត្តិការយោធាអន្តរជាតិ គណៈកម្មាធិការយោធាមជ្ឈិម នៃសាធារណរដ្ឋប្រជាមានិតចិន, នាយឧត្តមសេនីយ៍ ង៉ូ ស៊ុនលិច្ស រដ្ឋមន្រ្តីការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម, នាយឧត្តសេនីយ៍ ចាន់ សាម៉ន ចាន់ញ៉ាឡាត់ រដ្ឋមន្រ្តីការពារប្រទេស នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ និង នាយឧត្តមសេនីយ៍ Prawit Wongsuwon ឧបនាយករដ្ឋមន្រ្តី​រដ្ឋមន្រ្តីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រថៃ នឹងដឹកនាំគណៈប្រតិភូ មកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា នៅចុងខែធ្នូ ឆ្នាំ២០១៨នេះ។

បើតាមនាយឧត្តមសេនីយ៍ ឈុំ សុជាតិ ដំណើរទស្សនកិច្ចនេះ នឹងធ្វើឡើងតបតាមការអញ្ជើញរបស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ដើម្បីចូលរួមសម្ពោធវិមានឈ្នះ ឈ្នះ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

ក្រៅពីចូលរួមសម្ពោធវិមានឈ្នះ ឈ្នះ, អំឡុងពេលបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨នោះ អគ្គនាយកអគ្គនាយកដ្ឋានសហប្រតិបត្តិការយោធាអន្តរជាតិ គណៈកម្មាធិការយោធាមជ្ឈិម នៃសាធារណរដ្ឋប្រជាមានិតចិន នឹងមានកម្មវិធីមួយចំនួនទៀត រួមមាន៖ កម្មវិធីចូលជួបសម្តែងការគួរសម ជាមួយសម្តេចពិជ័យសេនា ទៀ បាញ់, ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក, នាយឧត្តមសេនីយ៍សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស និង នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស។

ក្រៅពីនេះ ឧត្តមសេនីយ៍ទោ Ci Guowei នឹងចូលរួមកិច្ចប្រជុំលើកទី៣ រវាងក្រុមការងារពិធីសារជំនួយយោធាកម្ពុជា-ចិន និងពិធីចុះហត្ថលេខាជំនួយយោធាឥតសំណង មុននឹងធ្វើមាតុភូមិនិវត្តន៍ ទៅកាន់សាធារណរដ្ឋប្រជាមានិតចិនវិញ។ នេះបើតាមនាយឧត្តមសេនីយ៍ ឈុំ សុជាតិ បានបញ្ជាក់បន្ថែម។

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានឲ្យដឹងទៀតថា អំឡុងទស្សនកិច្ច ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ នាយឧត្តមសេនីយ៍ ង៉ូ ស៊ុនលិច្ស នឹងមានកិច្ចប្រជុំទ្វេភាគី ជាមួយសម្តេចពិជ័យសេនា ទៀ បាញ់ នៅវិមានមិត្តភាព។ បន្ទាប់ពីនោះ ភាគីទាំងពីរ នឹងមានពិធីចុះហត្ថលេខាលើពិធីសារ ស្តីពីផែនការកិច្ចសហប្រតិបត្តិការ រវាងក្រសួងការពារជាតិទាំងពីរ កម្ពុជា-វៀតណាម ឆ្នាំ២០១៩។ គណៈប្រតិភូដឹកនាំដោយ នាយឧត្តមសេនីយ៍ ង៉ូ ស៊ុនលិច្ស នឹងចូលជួបសម្តែងការគួរសម សម្តេចតេជោ ហ៊ុន សែន ផងដែរ។

សម្រាប់ទស្សនកិច្ចរបស់ ឧត្តមសេនីយ៍ឯក ចាន់ សាម៉ន ចាន់ញ៉ាឡាត់ ពីថ្ងៃទី២៧ ដល់២៩ ខែធ្នូ ឆ្នាំ២០១៨ គណៈប្រតិភូនឹងចូលជួបសម្តែងការគួរសម ជាមួយសម្តេចពិជ័យសេនា ទៀ បាញ់។ បន្តមកទៀត គណៈប្រតិភូដឹកនាំដោយ នាយឧត្តសេនីយ៍ ចាន់ សាម៉ន ចាន់ញ៉ាឡាត់ នឹងចូលជួបសម្តែងការគួរសម សម្តេចតេជោ ហ៊ុន សែន នៅវិមានសន្តិភាព។

បើតាមនាយឧត្តមសេនីយ៍ ឈុំ សុជាត គណៈប្រតិភូដឹកនាំដោយនាយឧត្តសេនីយ៍ ចាន់ សាម៉ន ចាន់ញ៉ាឡាត់ នឹងមានកិច្ចប្រជុំទ្វេភាគីជាមួយ រដ្ឋមន្រ្តីក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ហើយភាគីទាំងពីរ ក៏នឹងមានចុះហត្ថលេខាលើពិធីសារ ស្តីពីផែនការកិច្ចសហប្រតិបត្តិការ រវាងក្រសួងការពារប្រទេសទាំងពីរ ឡាវ-វៀតណាម ឆ្នាំ២០១៨ ផងដែរ។

សូមបញ្ជាក់ថា កម្ពុជានឹងរៀបចំសម្ពោធវិមានឈ្នះ ឈ្នះ និងអបអរសាទរខួប២០ឆ្នាំ នៃនយោបាយឈ្នះ ឈ្នះ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា៕