(សៀមរាប)៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានថ្លែងថា ការផ្តល់សេវាថែទាំសុខភាព ព្យាបាលជម្ងឺ ជូនកម្មករ និយោជិក មន្រ្តីរាជការ ជនពិការ និវត្តជន កម្មករ ក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធជាដើម តាមរយៈមូលនិធិសមធម៌ និងបេឡាជាតិរបបសន្តិសុខសង្គម ការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ ជាស្រ្តីក្រីក្រ មានផ្ទៃពោះ គឺជាគោលនយោបាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីជាការសម្រួលនូវរបាំងហិរញ្ញវត្ថុជូនពលរដ្ឋ។

រដ្ឋមន្រ្តីក្រសួងសុខាភិបាល ថ្លែងដូចនេះនាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ ក្នុងពេលដែលលោក បានចុះបំពេញការងារ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប និងនៅមណ្ឌលសុខភាពចំនួន ២ទៀតក្នុងក្រុងសៀមរាប។

លោក ម៉ម ប៊ុនហេង បានថ្លែងថា «នេះគឺជារបបបេសកកម្មតាមដាន ត្រួតពិនិត្យគុណភាពផ្តល់សេវាសុខាភិបាលសាធារណៈជូនប្រជាពលរដ្ឋ និងតាមដានមើលប្រតិបត្តិការមូលនិធិសមធម៌ និងការផ្តល់បេឡាជាតិរបបសន្តិសុខសង្គម ព្រមទាំងជម្រុញការលើកទឹកចិត្តឲ្យមន្រ្តីសុខាភិបាល គ្រូពេទ្យគ្រប់ជំនាញ គ្រប់ផ្នែក ត្រូវយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការថែទាំ ព្យាបាលជម្ងឺ ជូនប្រជាពលរដ្ឋដោយស្មោះអស់ពីកម្លាំងកាយចិត្ត»

លោករដ្ឋមន្រ្តី បានបន្ថែមថា រាជរដ្ឋាភិបាលបានផ្តល់មូលនិធិសមធម៌ សម្រាប់ប្រជាពលរដ្ឋក្រីក្រ និងបានផ្តល់បេឡាជាតិរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាព ដោយឥតគិតថ្លៃ នៅមូលដ្ឋានសុខាភិបាលសាធារណៈ ជូនមន្រ្តីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន ដែលនេះគឺជាការលើកទឹកចិត្តរបស់រាជរដ្ឋាភិបាល សម្រាប់មន្រ្តីរាជការដោយ ប្រើបេឡាជាតិរបបសន្តិសុខសង្គម និងផ្តល់នូវមូលនិធិសមធម៌ជូនដល់ប្រជាពលរដ្ឋក្រីក្រ ដើម្បីបានទទួលបានការថែទាំព្យាបាល ដោយមិនមានរបាំងហិរញ្ញវត្ថុ ហើយខេត្តសៀមរាប គឺជាខេត្តឈានមុខគេ ក្នុងការផ្តល់សេវាគ្របដណ្តប់ដោយមូលនិធិសមធម៌។

លោកបានបញ្ជាក់ទៀតថា នៅពាក់កណ្តាលឆ្នាំ ២០១៩ខាងមុខ ប្រជាពលរដ្ឋជាស្រ្តីក្រីក្រមានផ្ទៃពោះ ដែលមានប័ណ្ណសម្គាល់នៃភាពក្រីក្រ ចេញដោយអាជ្ញាធរមូលដ្ឋាននិងក្រសួងផែនការ ត្រូវបានទទួលការពិនិត្យផ្ទៃពោះ ដោយមិនបង់ថ្លៃសេវានោះទេ មូលនិធិសមធម៌ជាអ្នកបង់ជំនួស និងថែមទាំងត្រូវបានទទួលប្រាក់ឧបត្ថម្ភ នៅពេលដែលបានទទួលសេវាពិនិត្យផ្ទៃពោះ មុនសម្រាលផងដែរចំនួន៤ដង ដោយក្នុងមួយដងៗ ទទួលបានការឧបត្ថម្ភពីរាជរដ្ឋាភិបាលតាមរយៈមូលនិធិសមធម៌ ចំនួន៤ម៉ឺនរៀល ។

ដោយឡែក នៅពេលសម្រាល ទទួលបានការឧបត្ថម្ភចំនួន ២០ម៉ឺនរៀល។ ក្រោយពេលសម្រាលកូន ស្រ្តីក្រីក្រត្រូវបានមូលនិធិសមធម៌ ជួយឧបត្ថម្ភលើការពិនិត្យថែទាំសុខភាពទាំងម្តាយ និងកូនចំនួន១០ដង ក្រោមការឧបត្ថម្ភបន្ថែម ក្នុង១ដងៗ ៤ម៉ឺនរៀល។ សរុបស្រ្តីក្រីក្រដែលលបានទទួលការឧបត្ថម្ភ ទាំងមុនសម្រាល នៅពេលសម្រាល និងក្រោយការសម្រាលកូន មានចំនួនទឹកប្រាក់ ៧៦ម៉ឺនរៀល ប្រហាក់ប្រហែលនឹង ១៩០ដុល្លា និងមិនចាំបាច់បង់ថ្លៃសេវាផ្សេងៗ នោះទេ៕