(បាត់ដំបង)៖ គ្រោះថ្នាក់ចររាចរណ៍ដ៏រន្ធត់មួយ បានកើតឡើងនាល្ងាចថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅចំណុចភូមិជីសាង ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង

រវាងរថយន្ត១គ្រឿងម៉ាក VIGO បានបុករថយន្តកាមរីលាន់ស្នូរដូចរន្ធះ បណ្តាលឱ្យមនុស្ស២នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែង ចំណែកម្ចាស់រថយន្តបង្ករម៉ាក VIGO បានបើករត់គេចខ្លួនបាត់ស្រមោល។

យោងតាមសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា នាវេលាម៉ោង៦ល្ងាចថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងបង្កឡើងដោយរថយន្តម៉ាក VIGO ពណ៌ស ពាក់ស្លាកលេខ PP 1971 (ចង្កូតស្តាំ) បើកពីកើតទៅលិចច្រាសទិសគ្នា ខណៈពេលមកដល់ចំណុចកើតហេតុ បានបើកក្នុងល្បឿនលឿនបុករថយន្តម៉ាកកាមរី បណ្តាលឲ្យស្លាប់មនុស្ស២នាក់ភ្លាមៗ រួចបានគេចខ្លួនបាត់។

សមត្ថកិច្ចបានបញ្ជាក់ថា ជនរងដែលបានស្លាប់២ នាក់មាន៖ ទី១៖ ឈ្មោះ រឿន រ៉ន ភេទប្រុស អាយុ ៣៩ឆ្នាំ រស់នៅភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ( ស្លាប់ ) ទី២៖ ឈ្មោះ ម៉ាណ រ៉ាន់ ភេទស្រី អាយុ ៦០ឆ្នាំ រស់នៅភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ( ស្លាប់ )។

បច្ចុប្បន្នរថយន្តទាំងពីរ ត្រូវសមត្ថកិច្ចអូសយកមករក្សាទុកនៅ អធិការស្រុកបណ្តោះអាសន្ន ឯសាកសព បានប្រគល់ឲ្យក្រុមគ្រួសារយក ទៅលំនៅដ្ឋានរៀងខ្លួន ដើម្បីធ្វើបុណ្យតាមប្រពៃណី៕