(រតនគិរី)៖ អគារថ្មី១ខ្នងរបស់ស្នងការដ្ឋាននគរបាលខេត្តរតនគិរី តម្លៃជាង២០ម៉ឺនដុល្លារ ត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ នៅរសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ហ៊ូ សាគុណ អគ្គស្នងការរងនគរបាលជាតិ តំណាងនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក លន់ សុភាព អភិបាលរងខេត្តរតនគិរី តំណាងលោក ថង សាវុន អភិបាលខេត្ត។

នៅក្នុងពិធីនោះក៏មានការចូលរួមពីលោកឧត្តមសេនីយ៍ទោ ងួន គឿន ស្នងការនគរបាលខេត្ត ប្រធានមន្ទីរនគរបាលខេត្តយ៉ាឡាយ, លោកអនុប្រធានមន្ទីរនគរបាលខេត្តកន្ទូម ប្រទេសវៀតណាម ព្រមទាំងលោកមេបញ្ជាការ អ-ហ ខេត្ត, លោកមេបញ្ជាការតំបន់ប្រតិបត្តការសឹករងខេត្ត និងប្រធានមន្ទីរអង្គភាពជុំវិញខេត្តផងដែរ។

លោកឧត្តមសេនីយ៍ទោ ងួន គឿន បង្ហាញឲ្យដឹងថា អគារថ្មី០១ខ្នងរបស់ស្នងការដ្ឋាននគរបាលខេត្តរតនគិរី ដែលរៀបចំសម្ពោធដាក់ឲ្យប្រើប្រាស់នាពេលនេះមានទំហំ១៣ម៉ែត្រ គុណ៣០ម៉ែត្រ មានកំពស់០២ជាន់ ធ្វើអំឥដ្ឋប្រកក្បឿងជារចនាបទខ្មែរ និងសាកសមជាអគារធ្វើការក្នុងក្របខ័ណ្ឌរាជការ។

លោកបន្តថា ជាន់ខាងក្រោម រៀបចំជាបន្ទប់ការិយាល័យធ្វើការមានចំនួន០៩បន្ទប់, ជាន់ខាងលើ ជាសាលប្រជុំដែលបានរៀបចំកៅអីរួចជាស្រេចចំនួន២០០កៅអី សម្រាប់អង្គុយបាន២០០នាក់ ហើយអគារនេះបានចាប់ផ្តើមសាងសង់នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧ និងបានបញ្ចប់ការសាងសង់រួចរាល់ នៅក្នុងខែឧសភា ឆ្នាំ០២១៨ ដែលបានចំណាយថវិកាសរុបចំនួន ២២១,៦១៣.៨៧ដុល្លារ, ជាថវិកាបានមកពីការជួយឧបត្ថម្ភពីមន្ទីរនគរបាលខេត្តយ៉ាឡាយ០៤ម៉ឺនដុល្លារ, មន្ទីរនគរបាលខេត្តកន្ទូម១០០លានដុង។

ក្រៅពីនេះជាថវិកាជួយរបស់សប្បុរសជន ក្នុងខេត្តរួមមាន៖ ក្រុមហ៊ុនអាជីវករ ពាណិជ្ជករ មន្ត្រីរាជការតាមមន្ទីរអង្គភាព អ្នកសារព័ត៌មានមួយចំនួន និងមួយផ្នែកទៀតជាថវិការបស់មន្ត្រីកងកម្លាំង នគរបាលមួយចំនួន ដែលបានចូលរួមដោយស្ម័គ្រចិត្តជាថវិកាចាប់ពី០១ម៉ឺនរៀលឡើងទៅ។

ជាមួយគ្នានេះដែរ កាលពីឆ្នាំ២០១៥កន្លងទៅ ក្រុមហ៊ុនទ្រីភាព ក៏បានជួយសាងសង់របងថ្មីព័ទ្ធជុំវិញ ស្នងការដ្ឋានជំនួសឲ្យរបងចាស់ដែលបានខូចបាក់បែកស្ទើរទាំងស្រុង។

របងថ្មីនេះធ្វើអំពីឥដ្ឋចំរឹងដែកមានប្រវែង៤០៨ម៉ែត្រ ក្នុងនោះស្នងការបានចំណាយថវិកាបដិភាគជួយបន្ថែមចំនួន៨,៣៥០ដុល្លារ។ លោឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ឲ្យដឹងទៀតថា ដោយអនុវត្តតាមគោលការណ៍របស់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន ស្តីពីការពង្រឹងប្រសិទ្ធភាពការងារស្នងការនគរបាលខេត្តរតនគិរី បានជួសជុលកែលម្អ និងសាងសង់សំណង់របស់ស្នងការដ្ឋានមួយចំនួនបន្ថែមទៀតរួមមាន៖ ជួសជុលរោងបាយសមូហភាពរបស់កងកម្លាំង០១ខ្នងទំហំ៦.២០គុណ១៧.៥០, ជួសជុលកែលម្អស្នាក់ការ ប្រចាំបញ្ជា០១ខ្នងទំហំ៦គុណ១១អស់ថវិកា៧,៧២៣ដុល្លារ, សាងសង់ថ្មីរោងក្លឹបក្បាច់គុណ០១ខ្នងទំហំ១២គុណ២០, តរោងដាក់រថយន្ត អគ្គិភ័យ០២ល្វែងទំហំ៨គុណ៦.៣៥, សាងសង់ឃ្លាំង០១ខ្នងទំហំ៦គុណ៧ និងផ្ទះស្នាក់នៅសមូហភាពសម្រាប់ កងអន្តរាគមន៍ពិសេស០១ខ្នងទំហំ១១គុណ៦អស់ថវិកា១៨,៧៣១ដុល្លារ ព្រមទាំងសហការ ជាមួយអធិការដ្ឋាននគរបាលក្រុងបានលុង សាងសង់ស្នាក់ការប៉ុស្តិ៍រដ្ឋបាលបឹងកន្សែង០១ខ្នង ទំហំ១២គុណ៧អស់ថវិកា១៣,៥០០ដុល្លារផងដែរ។

នៅក្នុងពិធីខាងលើនេះដែរ នាយឧត្តមសេនីយ៍ ហ៊ូ សាគុណ បានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន ដល់កងកម្លាំងនគរបាលជាតិ ខេត្តរតនគិរីទាំងអស់ និងបានកោតសរសើរដល់កងកម្លាំងនគរបាលបាល ដែលបានប្រឹងប្រែងកម្លាំងកាយ, កម្លាំងចិត្តមិនខ្លាចនឿយហត់ការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងពេលបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី០៦កន្លងមក។

នាយឧត្តមសេនីយ៍ ហ៊ូ សាគុណ បានជម្រុញកងកម្លាំងនគរបាលការពារព្រំដែន សហការល្អជាមកងកម្លាំងការពារព្រំដែនខេត្តយ៉ាឡាយ, ខេត្តកន្ទូមប្រទេសវៀតណាម ក្នុងការទប់ស្កាត់បទល្មើសផ្សេងៗ ប្រែក្លាយតំបន់ព្រំដែនមានសុខសន្តិភាព និងការអភិវឌ្ឍ។

ទន្ទឹមនោះដែរ នាយឧត្តមសេនីយ៍ ហ៊ូ សាគុណ ក៏បានណែនាំឲ្យកងកម្លាំងនគរបាលជាតិខេត្តរតនគិរី អនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពទាំ០៩ចំណុច ដើម្បីការពារប្រជាពលរដ្ឋតាមសហគមន៍ឲ្យមានសុខសន្តិភាព និងសណ្តាប់ធ្នាប់ពោលគឺគ្មានចោរលួច ឆក់ ប្លន់ គ្រឿងញឿនជាដើម៕